តាមរយៈកិច្ចសម្ភាសន៍ជាមួយគេហទំព័រព័ត៌មានក្នុងស្រុកកាលពីពេលថ្មីនេះៗ បានឱ្យដឹងថា តារាសម្រៀងស្រីមានឈ្មោះល្បី ពូកែប្រើប្រាស់សំឡេងតុងខ្ពស់គឺ កញ្ញា លាង សុផាឡែន នៅពេលថ្មីៗនេះបានសម្រេចចិត្តចុះកិច្ចកុងត្រា បន្ដកិច្ចសន្យាការងាររយៈពេល 5ឆ្នាំបន្ដទៀតជាមួយក្រុមហ៊ុនហង្សមាសក្នុងនាមជាតារាចម្រៀងប្រចាំផលិតកម្ម។ បើទោះបីជា មួយរយៈចុងក្រោយនេះ មានសភាពស្ងប់ស្ងាត់ក្នុងការបញ្ចេញបទចម្រៀងរបស់នាងក្ដី តែម្ចាស់បទ “ជីវិតគ្រួសារ” មួយនេះសប្បាយចិត្តណាស់ដែលខាងផលិតកម្មនៅតែពេញចិត្តពេញថ្លើមចំពោះការខិតខំប្រឹងធ្វើការងាររបស់នាង។
តារាស្រីរូបនេះបានរៀបរាប់ថា «នាងខ្ញុំទើបនឹងបន្ដកុងត្រា 5ឆ្នាំទៀតជាមួយនឹងផលិតកម្មដដែល។ រយៈពេល 5ឆ្នាំនេះ នាងខ្ញុំទទួលបានការពេញចិត្តជាច្រើនចំពោះការងារដែលទទួលបាន។ បច្ចុប្បន្នផលិតកម្មហង្សមាសមានសមាជិកចម្រៀងច្រើន ដូច្នោះហើយការចេញបទចម្រៀងសម្រាប់តារារួមដំបូល គឺអាចមានភាពយឺតយ៉ាវខ្លះៗទៅតាមដំណាក់កាល»។ ស្របពេលកំពុងតែឡើងកូដយ៉ាងខ្លាំងនេះ តារាស្រីរូបនេះក៏បានបង្ហើបប្រាប់បន្ថែមទៀតថា នាងមានគម្រោងទៅសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិកដែលមានការគាំទ្រ និងជ្រោមជ្រែងពីបងប្អូនខ្មែរដែលរស់នៅទីនោះផងដែរ។
សូមជម្រាបបន្ថែមថា ដោយចង់បំពេញបំណងបងប្អូនខ្មែរដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិក ខណៈនេះតារាស្រីប្រចាំផលិតកម្មភ្លេងរីខតដ៍រូបនេះកំពុងតែរៀបចំឯកសារ និងស្នើសុំទិដ្ឋាការពីស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាផងដែរ៕