ឪឡឹកលឿង គឺជាប្រភេទផ្លែឈើម្យ៉ាងដែលមានសម្បកខាងក្រៅពណ៌លឿង និងសាច់ខាងក្នុងពណ៌ក្រហម និងមានសាច់ហាប់ណែនផ្អែមឆ្ងាញ់ ឃើញហើយគួរឱ្យចង់ទទួលទាន ដោយសារវាត្រូវបានគេដាំតាមបច្ចេកទេសធម្មជាតិសុទ្ធសាធដែលគ្មានប្រើសារធាតុគីមីឡើយ។
លោក ផែង វណ្ណៈ ម្ចាស់កសិដ្ឋានសម្តេចយសដំណាក់ក្រាញ់ មានទីតាំងនៅភូមិអន្សាក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ពូជឪឡឹកប្រភេទថ្មីនេះត្រូវបាននាំចូលមកពីប្រទេសតៃវ៉ាន់ តាំងពីឆ្នាំ2010មក ហើយបានធ្វើការសាកល្បងដាំដុះនៅក្នុងប្រទេសកម្ពុជាយើង ដោយសារមើលឃើញថា កម្ពុជា និងចិនមានអាកាសធាតុត្រជាក់-ក្តៅប្រហាក់ប្រហែលគ្នាដែលអាចអំណោយផលក្នុងការដាំដុះដំណាំកសិកម្មមួយនេះបាន។
លោកបន្តទៀតថា ក្រោយពីការសាកល្បងដាំ និងថែទាំដោយយកចិត្តទុកដាក់រួចមក ឪឡឹកលឿងក៏ទទួលបានផលដូចការគ្រោងទុកពិតមែន ដោយប្រើបច្ចេកទេសដាំដុះតាមរបៀបធម្មជាតិ និងប្រើតែជីលាមកសត្វ និងជីកំប៉ុសប៉ុណ្ណោះ ធ្វើឱ្យឪឡឹកមានផ្លែធំ និងមានសាច់ផ្អែមឆ្ងាញ់ និងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ពិសេសទីផ្សារបន្លែធម្មជាតិ ដូចជាសួនបន្លែធម្មជាតិ(Natural Garden) ផ្សារសេដាក់កសិដ្ឋានខ្មែរ និងផ្សារអាល្លឺម៉ង់នៅម្តុំទួលទំពូងជាដើម។ល។ ចំណែកតម្លៃរបស់វាក៏ថ្លៃជាងឪឡឹកដែលដាំតាមបច្ចេកទេសគីមីដែលគេដាក់លក់នៅលើទីផ្សារនានាដែរ។
ចំពោះវិធីសាស្ត្រដាំដុះវិញ មិនមានលក្ខណៈស្មុគស្មាញ ឬខុសគ្នាច្រើនពីការដាំឪឡឹកក្នុងស្រុកយើងនោះទេ ពោលគឺមុននឹងដាំ គេត្រូវបណ្តុះកូនចោលនៅក្នុងកន្ទោង ឬក្នុងថង់រយៈពេល 7ថ្ងៃ ទៅ10ថ្ងៃជាមុនសិន។ ក្នុងអំឡុងពេលបណ្តុះកូន កសិករត្រូវភ្ជួរដីហាលឱ្យស្ងួតល្អរួចយកជីលាមកគោ ឬជីកំប៉ុសដែលផ្សំឡើងពីរុក្ខជាតិផ្សេងៗទៅបាចពីលើដីឱ្យសព្វហើយហាលចោលឱ្យស្ងួតល្អដើម្បីសម្លាប់មេរោគ រួចហើយទើបភ្ជួរត្រឡប់លុបជីនោះ និងភ្ជួរលើកជារងដោយទុកចន្លោះពីគ្នាប្រមាណជា 3ម៉ែត្រ។
ក្រោយពីលើកជារងរួច គេចាប់ផ្តើមយកកូនឪឡឹកទៅបង្កាត់ពូជ ឬបំបៅជាមុនសិន ទើបយកទៅដាក់ដាំដោយទុកចម្ងាយពីមួយគុម្ពទៅមួយគុម្ពចំនួនមួយម៉ែត្រ និងដាក់ដាំក្នុងមួយគុម្ពតែមួយដើមប៉ុណ្ណោះ។ អំឡុងពេលដាំនោះ កសិករត្រូវស្រោចទឹកជារៀងរាល់ថ្ងៃ ស្រោចតិច ឬច្រើន គឺអាស្រ័យលើកត្តាអាកាសធាតុក្តៅ ឬត្រជាក់។ ក្រោយពីចាប់ផ្តើមដាក់ដាំរួចហើយ ពេលឪឡឹកមានអាយុកន្លះខែត្រូវដាក់ជីនៅតាមគុម្ពម្តងទៀត និងថែទាំបាញ់ថ្នាំផ្សំពីធម្មជាតិដើម្បីការពារសត្វល្អិតជាប្រចាំ កុំឱ្យសត្វល្អិតមកយាយីធ្វើឱ្យមិនសូវទទួលបានផលល្អ។ លោកបានបញ្ជាក់ថា “បើដាំតាមធម្មជាតិឪឡឹកមិនបានផ្លែធំទេ គឺមានទម្ងន់ប្រហែលជា 1គីឡូក្រាមទៅ 1.5គីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែបើចេះបំបៅបង្កាត់ពូជវិញ ឪឡឹកនឹងមានទម្ងន់ចន្លោះពី4 ទៅ7គីឡូក្រាមឯណោះក្នុងមួយផ្លែ។
ក្រោយពីដាក់ដាំបានត្រឹមរយៈពេលតែមួយខែ ឪឡឹកនឹងចាប់ផ្តើមចេញផ្កា និងផ្លែ រហូតដល់អាយុមួយខែកន្លះទើបផ្លែឪឡឹកទុំអាចបេះលក់បាន ដោយក្នុង1ហិកតាដែលមានប្រមាណជា 3,600គុម្ពនោះ គេអាចប្រមូលផលបានប្រមាណជា 40តោនដោយលក់បោះដុំក្នុងមួយគីឡូក្រាមបានតម្លៃ 2,000 – 2,500រៀល ឬមានតម្លៃប្រហាក់ប្រហែល 8,000រៀល ទៅ10,000រៀលក្នុងមួយផ្លែ។ បន្ទាប់ពីប្រមូលផលបានប្រហែលជា 10ថ្ងៃ ឪឡឹកនឹងត្រូវងាប់ដើមអស់ តែគេនៅអាចរក្សាទុកផ្លែឪឡឹកប្រភេទនេះបានរហូត 2 ទៅ3សប្តាហ៍។
ម្ចាស់កសិដ្ឋានខាងលើបានអះអាងថា ឪឡឹកប្រភេទនេះនៅស្រុកយើងគឺ ដាំបានគ្រប់រដូវកាលមិនមែនសម្រាប់តែរដូវក្តៅ ឬត្រជាក់នោះទេ ហើយទទួលបានផលល្អដូចគ្នា ប៉ុន្តែត្រូវមានការថែទាំយ៉ាងយកចិត្តទុកដាក់ ពិសេសគឺត្រូវបូមទឹកដាក់ និងការពារសត្វល្អិតចង្រៃជាប្រចាំ។ ប៉ុន្តែសម្រាប់កសិដ្ឋានខាងលើវិញគឺ ដាំតែពីររដូវប៉ុណ្ណោះ ដោយអាចបេះលក់បានចំពេលរដូវចូលឆ្នាំចិន និងចូលឆ្នាំខ្មែរតែម្ដង ព្រោះជាខែដែលមានតម្រូវការក្នុងការសែនព្រេនដូនតា ដែលលក់ដាច់ខ្លាំង និងមានតម្លៃខ្ពស់ទៀតផង៕