Skip to content

ក្រុមហ៊ុន​សាធារណរដ្ឋ​កូរ៉េ នឹង​នាំ​បច្ចេកវិទ្យា​ចូលមកក្នុង​វិស័យ​កសិកម្ម

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ក្រុមហ៊ុន​នៃ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​បើក​ច្រក​សម្រាប់​ការអនុវត្ត​គម្រោង​ស្តីពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​កសិកម្ម និង​ការធ្វើ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក Ahn Jong-ho តំណាង​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​ចុះហត្ថលេខា​រួមគ្នា​លើ​អនុស្សរណៈ​ថ្មី​មួយ​ដើម្បី​បើកផ្លូវ​ឱ្យមាន​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​នាពេល​អនាគត។ បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​រួច ឯកឧត្តម វេ​ង សាខុន បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ថ្មី​មួយ​នេះ​មាន​អត្ថប្រយោជន៍​ច្រើនណាស់​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​កូរ៉េ សម្រាប់​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​ដែលជា​វិស័យ​មួយ​មាន​អាទិភាព​ក្នុងការ​ទ្រទ្រង់ ឬ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ទាំង​ក្នុងពេល​បច្ចុប្បន្ន​ក៏ដូចជា​ពេលអនាគត​ផងដែរ។

បច្ចេកវិទ្យា​កសិកម្ម​ជា​ធាតុ​មួយ​មិនអាច​ខ្វះ​បាន​ក្នុងសម័យ​ទំនើប​នេះ ដើម្បី​ធានា​ដល់​ការគ្រប់គ្រង​ផលិតភាព​កសិកម្ម ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សង្គម ដែលមាន​និន្នាការ​កើនឡើង​ជា​លំដាប់ ស្រប​នឹង​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា ដែល​ទាក់ទាញ​វិនិយោគ​ពី​ប្រទេសសំខាន់ៗ ជាពិសេស​កំណើន​ភ្ញៀវទេសចរ បានធ្វើ​ឲ្យ​តម្រូវការ​ផលិតផល​ក​សិ​កម្ម​កើន​ឡើងជា​លំដាប់។ យោងតាម​ការអះអាងរ​បស់​រដ្ឋមន្ត្រី​កសិកម្ម។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា៖“ការរៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​កសិកម្ម និង​ការធ្វើ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ​ដែល​ទទួលបាន​ការគាំទ្រ​ពី​សាធារណរដ្ឋ​កូរ៉េ គឺមាន​អត្ថប្រយោជន៍​យ៉ាងខ្លាំងក្នុងការ​រៀបចំ​ផែនការ​ការងារ​ដាំ​ដុះ​ដំណាំ ដោយ​ជ្រើសរើស​ពូជ​ដំណាំ ស្របតាម​គុណភាព​ដី ទឹក ក្សេត្រ​បរិស្ថាន និង​ជាពិសេស​ស្របទៅតាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ក៏ដូចជា​ទីផ្សារ​នាំចេញ។

ឯកឧត្តម រដ្ឋមន្ត្រី បាន​បន្ថែមថា៖ “ការកំណត់​ផែនទី​ដាំ​ដុះ​បាន​សុក្រឹត និង​ត្រឹមត្រូវ​ល្អ​នោះ​គឺជា​ព័ត៌មាន​គន្លឹះ​ដ៏​សំខាន់​មួយ​សម្រាប់​វិនិយោគិន​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ដាក់ទុន​វិនិយោគ​លើ​ការដាំដុះ​ឱ្យ​ត្រូវ​តាម​ស្ថានភាព និង​គុណភាព​ដី។

លោក Ahn Jong-ho តំណាង​ក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ក្រុមហ៊ុន​នៃ​សាធារណរដ្ឋ​កូរ៉េ ថ្លែងថា កម្ពុជា​សម្បូរ​ធនធាន​កសិកម្ម​ដែលមាន​សក្តានុពល​ក្នុងការ​អភិវឌ្ឍ ដោយឡែក​កូរ៉េ​សម្បូរ​ទៅដោយ​បច្ចេកវិទ្យា​ទំនើប​ក្នុង​វិស័យ​កសិកម្ម​ដូច្នេះ​ប្រសិនបើ​កម្មវត្ថុ​ពីរ​នេះ​រួមបញ្ចូល​គ្នា​នោះ វិស័យ​កសិកម្ម​កម្ពុជា​ប្រាកដជា​មានការ​អភិវឌ្ឍ​លឿន​ជាមិនខាន​នាពេល​អនាគត។

លោក​បាន​បញ្ជាក់ថា ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​កសិកម្ម និង​ការធ្វើ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ នឹងចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​កម្ពុជា​នាពេល​អនាគត​ដ៏​ខ្លី។ ហើយក្រុមហ៊ុន​សន្យាថា​នឹង​ប្រើប្រាស់​បច្ចេកវិទ្យាទំនើបៗក្នុងការ​អនុវត្ត​គម្រោង​នេះ ធ្វើយ៉ាងណា​ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​តាម​អ្វីដែល​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រំពឹងទុក។

កន្លងទៅថ្មីៗ ក្រុមហ៊ុន​មកពី​សាធារណរដ្ឋ​កូរ៉េ​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មិន​ត្រឹមតែ​លើ​ការដាំដុះ​ផលិតផល​កសិកម្ម​នោះទេ ក្រុមហ៊ុន​កូរ៉េក៏មាន​បំណង​នាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ដូចជា​គ្រាប់ស្វាយចន្ទី និង​ផ្លែ​ស្វាយកែវ​រមៀត​ជាដើម។ ទោះជា​បែបនេះ​ក្តី ក៏​នៅតែ​មិនទាន់មាន​ការនាំចេញ​ផ្លូវការ​ណាមួយ​បានធ្វើ​ឡើង​នោះទេ​រហូតមក​ដល់ពេលនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *