Skip to content

បើក​អាជីវកម្ម​ដំបូង គួរ​ជ្រើសរើស​បុគ្គលិក​បែបណា?

នាពេល​បច្ចុប្បន្ននេះ អាជីវកម្ម​ជាច្រើន​បាន និង​កំពុងបើក​ឡើង​ដំណាលគ្នា  ខណៈ​អាជីវកម្ម​ខ្លះ​អាចឈរជើង​ក្នុង​ទីផ្សារ​បាន​រហូតដល់​ទៅ​រាប់​ឆ្នាំ តែ​អាជីវកម្ម​ខ្លះទៀត​បែ​ជា​ត្រូវ​បិទ​ទៅវិញ​ក្នុង​រយៈពេល​យ៉ាងខ្លី ដោយ​ក្នុងនោះ​កត្តា​ធនធានមនុស្ស គឺជា​រឿង​សំខាន់​មួយ​ដែលជា​បច្ច័យ​ធំ​មួយ​ដែរ​ក្នុង​បញ្ហា​ទាំងអស់នេះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អឿ គីម​លី​វ័​ន្ត នាយក​គ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុន​ធនធានមនុស្ស First Idea Consulting បាន​លើកឡើងថា ក្រុមហ៊ុន​ទាំងអស់​សុទ្ធតែ​យកចិត្តទុកដាក់ និង​មានការ​កង្វល់​ពី​បញ្ហា​ធនធានមនុស្ស​គ្រាន់តែ​ក្រុមហ៊ុន​ថ្មី​គាត់​ត្រូវ​យកចិត្តទុកដាក់​ខ្លាំងជាងគេ ព្រោះ​គាត់​ស្ថិតក្នុង​ដំណាក់កាល​ចាប់ផ្ដើម​ដែល មានការ​លំបាក និង​ត្រូវធ្វើ​រឿង​ជាច្រើន​ទៀត។ សម្រាប់​ដំណាក់កាល​នេះ ម្ចាស់​អាជីវកម្ម​ត្រូវ​ជ្រើស​រើសយក​បុគ្គលិក​ដែលជា​មនុស្ស​យកចិត្តទុកដាក់​ខ្លាំង​ក្នុង​ការងារ និង​លះបង់​ច្រើន​បន្តិច ព្រោះថា ស្ថិតក្នុង​ដំណាក់កាល​ចាប់ផ្ដើម

អាជីវកម្ម​ថ្មី​ដែល​សកម្មភាព និង​ការ​ដំណើរការ​ក្រុមហ៊ុន​ទាំងមូល​មិនទាន់​ដើរ​បានល្អ​ខ្លាំង​នៅឡើយ ហេតុនេះ​បុគ្គលិក​ដែល​អាច​រួម​ដំណើរ​ទៅ​ជាមួយគ្នា​បាន គឺ​ចាំបាច់​ត្រូវតែ​ជាម​នុស្ស​ដែលមាន​ការលះបង់​ខ្ពស់ ហើយ​មានចិត្ត​អំណត់ ជាមួយនឹង​ការយកចិត្តទុកដាក់​ដើម្បី​រួមគ្នា​សម្រេច​ជោគវាសនា​ក្រុមហ៊ុន។

លោក អឿ គីម​លី​វ័​ន្ត បាន​និយាយថា ៖ “ក្រុមហ៊ុនថ្មីៗអាចមាន​ការលំបាក​ប​ន្តិ​ច​ក្នុងការ​ជ្រើសរើស​បុគ្គលិក ព្រោះ​ក្រុមហ៊ុន​ដែល​មិនទាន់មាន​កេរ្តិ៍ឈ្មោះ​ល្បី  មិនសូវមាន​បេក្ខជន​ចាប់អារម្មណ៍​ដាក់ពាក្យ​នោះទេ ហេតុនេះ​អ្វីដែល​ម្ចាស់​អាជីវកម្ម​ត្រូវធ្វើ គឺ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​បង្ហាញ​ពី​ផលប្រយោជន៍​ដែល​ក្រុមហ៊ុន​នឹង​ផ្តល់ជូន​បុគ្គលិក រួម​ជាមួយនឹង​ការបង្ហាញ​ពី​ឱកាស​សម្រាប់​ភាព​លូតលាស់​ដល់​ពួកគេ។

អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ធនធានមនុស្ស​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការបង្ហាញ​ពី​ឱកាស​អភិវឌ្ឍន៍ គឺជា​រឿង​សំខាន់​មួយ​ដែល​ក្រុមហ៊ុន​ទើប​បើក​ថ្មី​ត្រូវ​យកចិត្តទុកដាក់​ខ្លាំង ព្រោះ​គោលបំណង​របស់​បុគ្គលិក​ក្នុង​ការធ្វើការងារ​នៅក្នុង​ក្រុមហ៊ុនថ្មីៗ គឺ​ភាគច្រើន​គាត់​ចង់​រៀនសូត្រ និង​អភិវឌ្ឍ​ខ្លួន​ទៅជា​មួយ​ស្ថាប័ន​ដើម្បី​ទទួលបាន​ឱកាសល្អ​នៅ​ថ្ងៃ​អនាគត។ ម្យ៉ាងវិញទៀត ម្ចាស់​ក្រុមហ៊ុន​ដែល​ទើបនឹង​បើក​ថ្មី​ក៏​គួរតែ​ផ្តល់​តម្លៃ​ចម្បង និង​បញ្ជាក់​ពី​ការទទួលខុសត្រូវ និង​អត្តចរិត​ប្រកបដោយ​ភាព​វិជ្ជមាន​របស់​បុគ្គលិក​ផងដែរ ព្រោះថា ចំណុច​នេះ​សំខាន់​ជាង​ជំនាញ​ទៅទៀត។ ជាធម្មតា ជំនាញ គឺ​យើង​អាច​បណ្តុះបណ្តាល​បាន តែ​សម្រាប់​អត្តចរិត និង​ការទទួលខុសត្រូវ​គឺជា​រឿង​ដែល​មិនអាច​មើលរំលង​បានឡើយ។

ស្រប​ជាមួយគ្នានេះដែរ លោក ស៊ិន បញ្ញា​វុ​ឌ្ឍី​សាស្ត្រាចារ្យ​ផ្នែក​គ្រប់គ្រង​បាន​លើកឡើងថា សម្រាប់​អាជីវកម្ម​បើកថ្មីៗ គួរ​ជ្រើស​រើសយក​បុគ្គលិក​ដែលមាន​ឆន្ទៈ​ចង់​ជួយ ច្រើនជាង​បុគ្គលិក​ដែល​បម្រើ​ការងារ​បែប​ធម្មតា ព្រោះថា អាជីវកម្ម​ថ្មី​ជា​អាជីវកម្ម​ដែល​ទាមទារ​ឱ្យមាន​ការដោះស្រាយ​បញ្ហា​ច្រើន ហើយ​ពេលខ្លះ​ទាំង​អ្នកគ្រប់គ្រង និង​បុគ្គលិក​ក៏​ហត់នឿយ​ច្រើនជាង​អាជីវកម្ម​ដែល​គេ​បើក​ដំណើរការបាន​យូរហើយ​ដែរ ហេតុនេះ​បុគ្គលិកម្នាក់ៗចាំបាច់​ត្រូវតែ​យល់​ពី​ស្ថានភាព​អាជីវកម្ម​ដែល​ទើបនឹង​បង្កើត​ថ្មី​នេះ​ឱ្យបាន​ច្បាស់​ទើប​មិនមាន​បញ្ហា។ ម្យ៉ាងវិញទៀត ប្រសិនបើ​បុគ្គលិក​ទូទៅ​ដែល​ដាក់ពាក្យ​ដើម្បីឱ្យ​តែមាន​ការងារ​ធ្វើ ឬ​ជា​អ្នក​ដែល​ដាក់ពាក្យ​ដោយ​សម្លឹង​ឃើញតែ​ផលប្រយោជន៍ គាត់​អាច​នឹងមាន​ការនឿយហត់​នៅពេលដែល​គាត់​ត្រូវធ្វើ​ការងារ​ច្រើនជាងគេ តែ​ប្រាក់ខែ​ទទួលបាន​ដូច​គេ​ដែរនោះ។

លោក​សាស្ត្រាចារ្យ ស៊ិន បញ្ញា​វុ​ឌ្ឍី បាន​និយាយថា ៖ “បុគ្គលិក​ដែលមាន​ភាព​ឆ្លាត​វៃ មាន​ជំនាញ​ខ្ពស់ តែ​បែរជា​មក​ចាប់យក​ឱកាស​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន​ទើប​បើក​ថ្មី​ណាមួយ​ដែល​គេ​ទុកចិត្ត ក៏​អាចជា​ជម្រើស​ល្អ​មួយ​ដែរ ព្រោះថា ប្រសិនបើ​ពួកគេ​ជួយ​ឱ្យ​ស្ថាប័ន​នោះ​រីកចម្រើន​ទៅមុខ​បាន​ដោយ​ជោគជ័យ​នោះ គេ​ក៏​នឹង​ក្លាយជា​ផ្នែក​សំខាន់​មួយ​នៅក្នុង​ស្ថាប័ន​នោះ។

លោក​សាស្ត្រាចារ្យ​បានលើកឡើង​ផងដែរ​ថា​ក្រៅពីនេះ​ក្រុមហ៊ុន​ដែល​ទើបនឹង​បង្កើត​ថ្មី ជា​ក្រុមហ៊ុន​ដែល​យើង​ជា​បុគ្គលិក​អាច​មានឱកាស​អភិវឌ្ឍ​ខ្លួន​បាន​លឿន ព្រោះ​ក្រុមហ៊ុន​ថ្មី​នេះ​មិនទាន់​ឆ្អែត​លើ​ការរីកចម្រើន​ដូច​ក្រុមហ៊ុន​បើក​មក​យូរ​ឆ្នាំ​ហើយ​នោះទេ ហេតុនេះ​បុគ្គលិកខ្លាំងៗមួយចំនួន​អាច​នឹង​អភិវឌ្ឍ​ខ្លួន​ជាមួយនឹង​ស្ថានភាព​ជាក់ស្តែង​របស់​ក្រុមហ៊ុន​ដែរ។ លើសពីនេះទៅទៀត​សម្រាប់​អ្នកគ្រប់គ្រង ឬ​ម្ចាស់​អាជីវកម្ម​វិញ ក៏​ទាមទារ​ឱ្យមាន​វិធី​បញ្ចុះបញ្ចូល​បុគ្គលិក​ស្នូល ឬ​បុគ្គលិក​ដែលមាន​ជំនាញ​ខ្លាំង មាន​បទពិសោធ​យូរ​ឆ្នាំ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យ​ឆ្ពោះទៅរក​ភាព​រីកចម្រើន​ខ្លាំង​ដូចគ្នា​ដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *