កៀកជិតមកដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីបងប្អូនជនជាតិចិន ដែលនៅក្នុងប្រទេសកម្ពុជាក៏មានប្រជាជនជាប់សែស្រឡាយចិន បានចូលរួមត្រេកអរ និងសាទរចំពោះពិធីបុណ្យមួយនេះផងដែរនោះ ស្រាប់តែពេលថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គមម្នាក់ បានបង្ហោះសាររិះគន់បទចម្រៀង ” ផឹកស៊ីហាមរត់ ” ដែលជាការបកស្រាយដោយតារាចម្រៀង ខេម ក្រោមស្នាដៃនិពន្ធរបស់លោក យឹម តាស្រង់ ថា បទចម្រៀងនេះមានអត្ថន័យនិងបណ្ដុះគំនិតឱ្យក្មេងៗជំនាន់ក្រោយចេះផឹកស៊ី។
អ្នកលេងបណ្ដាញសង្គមម្នាក់នោះបានលើកឡើងថា « ខ្ញុំក៏ជាអ្នកចេះផឹកស្រាបន្តិចបន្តួចម្នាក់ដែរ ! ប៉ុន្ដែ ខ្ញុំដូចជាមិនស្រួលចិត្តសោះ នៅពេលដែលអ្នកនិពន្ធចម្រៀង និងអ្នកច្រៀង តែងច្រៀងពីរឿងផឹកស៊ី ដែលមិនសូវមានបង្គប់នូវអត្ថន័យអប់រំពីការពិសារគ្រឿងស្រវឹង តែបែរជាបណ្ដុះគំនិតឲ្យចូលចិត្តផឹកស៊ីថែមទៀត។ បើសិនជាសម្រាប់តែយើងជាមនុស្សចាស់មានស្មារតី គំនិតពិចារណាត្រឹមត្រូវ វាមិនជាបញ្ហាទេ តែចម្រៀងមានការផ្សាយចេញទូលំទូលាយណាស់ ទាំងក្មេង ទាំងចាស់អាចស្ដាប់បាន។ ដូច្នេះ ពេលក្មេងៗស្ដាប់បទចម្រៀងចឹងៗហើយ គ្នាអាចនឹងដិតដាមនឹងអារម្មណ៍ កាន់តែចង់សាក ចង់ដឹង ពីរឿងផឹកស៊ីនេះ ទាំងខ្លួននៅក្មេងខ្ចី។ ដូច្នេះ បើសិនជាអាចសូមបងៗអ្នកនិពន្ធចម្រៀង និងច្រៀងចម្រៀង ពិសេសខាងក្រសួងព័ត៌មាន និងក្រសួងវប្បធម៌វិចិត្រសិល្បៈ គួរតែគិតពិចារណាឡើងវិញចំពោះរឿងនេះ! »។
យ៉ាងណាមិញគួរកត់សម្គាល់ផងដែរថា បច្ចុប្បន្នយុវវ័យសម័យថ្មី បាននិយមប្រើប្រាស់ពាក្យមួយឃ្លាថា « ផឹករត់ៗ រស់បានយូរ ផឹកស៊ូៗ រស់បានខ្លី » នៅពេលដែលពួកបានមានឱកាសជួបជុំគ្នា និងនិយាយលេងសើចដាក់គ្នាទៅវិញទៅមកផងដែរ។ សូមជម្រាបបន្ថែមថា បទចម្រៀងនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម យូធូ ក្នុងគណនីផ្ទាល់របស់លោក យឹម តាស្រង់ ដោយមានចំណងជើងថា ” ហាមរត់ ” នៅថ្ងៃទី 18 ខែមីនា ឆ្នាំ 2017 កន្លងទៅ៕