លោក ZinedineZidane បានបញ្ជាក់ថា លោកមិនអនុញ្ញាតឱ្យសម្ពាធធ្លាក់មកលើរូបលោកឡើយ ខណៈដែលគ្រូបង្វឹករូបនេះ ត្រូវរៀបចំក្រុម Real Madrid របស់លោកសម្រាប់ការប្រកួតក្នុងក្របខ័ណ្ឌ Champions League វគ្គ 16ក្រុមចុងក្រោយ ជើងទី1 ជាមួយនឹងក្រុម Paris Saint-Germain នាកីឡដ្ឋាន Santiago Bernabeu នៅរាត្រីនេះ។
ក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីលានហ្វឹកហាត់ Valdebebas របស់ក្រុម Real លោក Zidane បានឱ្យដឹងកាលពីថ្ងៃអង្គារថា៖ «ខ្ញុំពិតជារីករាយណាស់ យើងនឹងនៅរស់ក្នុងពេលវេលានេះ។ ខ្ញុំមិនមានអារម្មណ៍ពីការទទួលសម្ពាធណាមួយឡើយ»។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបន្ថែមទៀតថា៖ «យើងបានត្រៀមលក្ខណៈដូចធម្មតា។ ពិតណាស់ នៅថ្ងៃពុធនេះ នឹងមានសម្ពាធច្រើនជាងធម្មតា ប៉ុន្តែ ខ្ញុំនឹងរីករាយជាមួយនឹងសម្ពាធនោះ។ អនាគតរបស់ខ្ញុំមិនរំខានដល់ខ្ញុំនៅពេលនេះឡើយ»។
Real កំពុងតែត្រដាបត្រដួសក្នុងក្របខ័ណ្ឌ La Liga នៅរដូវកាលនេះ ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ4 នៅលើតារាង និងដេញតាមពីក្រោយក្រុម Barcelona រហូតដល់ទៅ 17ពិន្ទុ។ សម្រាប់ពួកគេ វានឹងអាស្រ័យទៅលើលទ្ធផលដែលពួកគេអាចធ្វើបានក្នុងក្របខ័ណ្ឌអឺរ៉ុប ក្រោយពីពួកគេបានជួបភាពជោគជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការប្រកួតនេះ ក៏នឹងនាំឱ្យខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo ត្រូវប៉ះជាមួយនឹងតារាឆ្នើមទើបតែរះ Neymar ក្នុងការប្រកួតមួយរវាងក្រុមយក្សទាំងពីរប្រចាំទ្វីបអឺរ៉ុបផងដែរ។ Ronaldo ទើបតែរកបាន 3គ្រាប់កាលពីចុងសប្តាហ៍មុននេះ ក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Real Sociedad 5-2។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង2:45ទៀបភ្លឺ៕
ប្រភពពី៖ Sport24