ខ្សែបម្រើ Ilkay Gundogan បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ ក្នុងពេលក្រុម Manchester City បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល 4-0 នៅលើទឹកដីក្រុម FC Basel កាលពីថ្ងៃអង្គារ ដើម្បីធ្វើឱ្យក្រុមកំពុងនាំមុខនៅលើតារាងក្របខ័ណ្ឌ Premier League មួយនេះ ខិតកាន់តែកៀកឆ្ពោះទៅរកវគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។
ក្រុមរបស់លោក Pep Guardiola បានដោះស្រាយក្នុងការប្រកួតវគ្គ 16ក្រុមចុងក្រោយនេះដោយងាយ ក្រោយពីលេងបានរយៈពេល 23នាទី តាមរយៈការស៊ុតបាល់បញ្ចូលទីដល់ទៅ 3គ្រាប់នៅកីឡដ្ឋាន Sankt Jakob Park របស់ក្រុម Basel។
គ្រាប់បាល់ 3គ្រាប់ដំបូងរបស់ពួកគេបានកើតឡើងក្នុងចន្លោះពេលត្រឹមតែ 9នាទីប៉ុណ្ណោះ តាមរយៈការតែតបាល់បញ្ចូលទី 1គ្រាប់របស់ Gundogan និងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ 2គ្រាប់ផ្សេងទៀតពី Bernardo Silva និង Sergio Aguero។ ភាពវេទនារបស់ក្រុម Basel នៅតែបន្តក្រោយពីសម្រាកតង់ទី1 នៅពេលដែល Gundogan បានបន្ថែមគ្រាប់បាល់ទី 2សម្រាប់ខ្លួនឯង និងរូបគេស្ទើរតែរកបានគ្រាប់បាល់ទី 3របស់គេទៅហើយ។
លោក Guardiola បានឱ្យដឹងថា៖ «ការដណ្តើមបានជ័យជម្នះ 4-០ ក្នុងវគ្គ 16ក្រុមចុងក្រោយនេះ គឺជាលទ្ធផលដ៏អស្ចារ្យមួយ។ យើងជិតឈានទៅដល់វគ្គ 8ក្រុមចុងក្រោយហើយ ប៉ុន្តែ ខ្ញុំមិននិយាយថា យើងស្ថិតនៅទីនោះរួចជាស្រេចទៅហើយទេ ដែលការនិយាយនេះជាការមិនគោរពដល់ក្រុម Basel»។ ស្របពេលជាមួយគ្នានេះ Harry Kane និង Christian Eriksen បានជួយឱ្យក្រុម Tottenham បានវិលទៅកាន់ផ្លូវល្អប្រសើរឡើងវិញ ដោយការតាមស្មើក្រុម Juventus ក្នុងលទ្ធផល 2-2 ក្នុងទីក្រុង Turin ដើម្បីលុបចោលគ្រាប់បាល់ដ៏ល្អរបស់ខ្សែប្រយុទ្ធ Gonzalo Higuain ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ 16ក្រុមចុងក្រោយជើងទី1 កាលពីថ្ងៃអង្គារ៕
ប្រភពពី៖ The Sun