ក្រុមហ៊ុន Yunnan Xiangyunfeilong Resources Recycling Co,Ltd ដែលគេដឹងថាជាក្រុមហ៊ុនផលិតស័ង្កសីដ៏ធំមួយនៅប្រទេសចិនកំពុងគ្រោងនាំវត្ថុធាតុដើម គឺកំហាប់រ៉ែសំណដើម្បីយកមកផលិតជាស័ង្កសីនៅក្នុងប្រទេសកម្ពុជាសម្រាប់ចែកចាយលើទីផ្សារក្នុងតំបន់។
លោក Yang Xihui ប្រធានក្រុមហ៊ុនខាងលើបានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមានបំណងនាំចូលវត្ថុធាតុដើមប្រភេទកំហាប់រ៉ែសំណមកផលិតជាស័ង្កសី និងរបស់ប្រើប្រាស់ជាលោហៈផ្សេងៗ សម្រាប់ចែកចាយនៅលើទីផ្សារកម្ពុជា និងនាំចេញទៅក្រៅប្រទេស ដោយឈរលើបទពិសោធរបស់ខ្លួនដែលបានផលិតនៅប្រទេសចិនអស់យៈពេលជាង 20ឆ្នាំកន្លងមកហើយ។
ពាក់ព័ន្ធករណីនេះ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានស្វាគមន៍ដោយបានលើកឡើងពីគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសម្រួលការទាក់ទាញវិនិយោគពីក្រៅប្រទេស។ ក្នុងនោះគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម 2015-2025 ជាត្រីវិស័យតម្រង់ទិសការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចីរភាព។ ជាមួយគ្នានោះដែរ ឧស្សាហកម្មបៃតងគឺជាជម្រើសមួយដ៏ប្រសើរដែលកម្ពុជាត្រូវប្រកាន់យកក្នុងកិច្ចការពារផលប៉ះពាល់ជាអតិបរមាដល់បរិស្ថាន។
ចំពោះគម្រោងការនាំចូលវត្ថុធាតុដើមប្រភេទកំហាប់រ៉ែសំណ ឯកឧត្តមបានស្នើឱ្យប្រធានក្រុមហ៊ុនធ្វើបញ្ជីបញ្ជាក់ឱ្យបានច្បាស់លាស់អំពីសារធាតុទាំងឡាយនៅក្នុងកំហាប់រ៉ែទាំងនោះថា តើវាជាប្រភេទសារធាតុគីមីហាមឃាត់ ឬយ៉ាងណា? ហើយក្រោយពីចម្រាញ់ហើយ តើនៅសល់កាកសំណល់ប្រភេទណាខ្លះ និងមានផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពដែរឬទេ?។
ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើដល់ក្រុមហ៊ុនខាងលើឱ្យផ្តល់គំរូផលិតផលក៏ដូចជាវត្ថុធាតុដើមដែលក្រុមហ៊ុនបាននាំចូលពីក្រៅប្រទេស ដូចជាប្រទេសអូស្ត្រាលីជាដើមមកផលិតក្នុងខេត្តយូណាន ប្រទេសចិន រយៈពេល20ឆ្នាំមកនេះមកកម្ពុជាផង ដោយក្នុងនោះក្រសួងនឹងផ្តល់បញ្ជីជូនក្រុមហ៊ុនទាក់ទងនឹងសារធាតុគីមីហាមឃាត់នៅកម្ពុជាផងដែរ។
ចំពោះសំណើខាងលើ ភាគីក្រុមហ៊ុនសន្យាថានឹងធ្វើបញ្ជីលម្អិត និងលក្ខខណ្ឌប្រកបនានានៃសារធាតុរ៉ែជាវត្ថុធាតុដើម និងគំរូផលិតផលសម្រាប់ដាក់ជូនដល់មន្ត្រីជំនាញកម្ពុជាពិនិត្យ និងវាយតម្លៃមុននឹងធ្វើការផលិតនៅកម្ពុជា៕