ក្រុមតោខៀវ Chelsea និងលោក Antonio Conte បានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញហើយ ខណៈដែលខ្សែបម្រើដ៏មានឥទ្ធិពល Eden Hazard និង Victor Moses សុទ្ធសឹងរកគ្រាប់បាល់បញ្ចូលទីបានដូចគ្នា ក្នុងពេលក្រុមរបស់ខ្លួនបានយកឈ្នះលើក្រុម West Brom ក្នុងលទ្ធផល 3-0 កាលពីថ្ងៃចន្ទ។
Hazard បានស៊ុតបាល់បញ្ចូលទី 2គ្រាប់នៅពេលប្រកួតជាមួយនឹងក្រុមបាតតារាង West Brom ដើម្បីបញ្ចប់ការធ្លាក់ចុះទម្រង់លេងដ៏គួរឱ្យព្រួយបារម្ភរបស់ក្រុម Chelsea និងធ្វើឱ្យលោក Conte ធ្វើការអបអរយ៉ាងសប្បាយរីករាយ។
លោក Conte បានធ្លាក់ចូលក្នុងសម្ពាធដ៏ធំក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រោយពីការរងបរាជ័យយ៉ាងអាម៉ាស់ចំនួន 2លើកជាប់ៗគ្នានៅពេលប្រកួតជាមួយនឹងក្រុម Bournemouth និង Watford ខណៈដែលការបរាជ័យទាំងនេះ នាំឱ្យមានការលើកឡើងកាន់តែច្រើនថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ កំពុងតែប្រឈមមុខនឹងការបណ្តេញចេញ។ ប៉ុន្តែ លោក Conte បានវិលទៅកាន់ភាពរីករាយវិញនាកីឡដ្ឋាន Stamford Bridge ខណៈដែលលោកបានឃើញក្រុមរបស់លោកដណ្តើមបានជ័យជម្នះដ៏ធំមួយដើម្បីជួយឱ្យពួកគេឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ 4នៅលើតារាង។
ក្រុម Chelsea បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ 4វិញ ខណៈដែលគម្លាតរវាងក្រុម Manchester United ដែលឈរក្នុងចំណាត់ថ្នាក់លេខ2 និងក្រុមឈរលេខ5 Tottenham Hotspur បច្ចុប្បន្នមានត្រឹមតែ 4ពិន្ទុគត់ ក្នុងការប្រជែងដើម្បីបានចូលរួមជាមួយនឹងក្រុមកំពុងនាំមុខដាច់គេ Manchester City ក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ៕
ប្រភពពី៖ Mirror