ពិតជាភ្ញាក់ផ្អើលបំផុត ដែលតារាសម្ដែងប្រុសធ្លាប់មានរឿងអាស្រូវ ប្រើហឹង្សាលើប្រពន្ធលោក យ៉ែម សំអូន បានបង្ហោះរូបភាពឱបគ្នាយ៉ាងណែបណិតជាមួយនឹងអ្នកនាង សារ៉ាយ សក្ខិណា នៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុកនៅពេលថ្មីៗនេះ ថែមទាំងបានបង្ហោះសារយ៉ាងវែងអន្លាយ ដែលបានរៀបរាប់ពីរឿងផ្ទៃក្នុងរវាងលោក និងនាងឱ្យមហាជនបានដឹងថែមទៀតផង។
តារាសម្ដែងប្រុសរូបនេះបានទម្លាយរឿងថា «ពិតមែនហើយពេលវេលា ពិតជាដើរលឿនហួសពីការស្មាន កាលវេលារំលងមក១០ឆ្នាំជាងហើយខ្ញុំតែតែងឮពាក្យ មួយមាត់របស់ក្មេងស្រីម្នាក់ថា (ឪ) ដែលមិនប្រែប្រួល ជាមួយដំណើរជីវិតសិល្បៈដ៏ចាក់ស្រេះ បន្ទាប់ពីកូនស្រីបង្កើតតែមួយរបស់ខ្ញុំ ដែលប្រើពាក្យថា (ប៉ាប៉ា)។ ឃើញគាត់ឮសម្តីរបស់គាត់ និយាយជាមួយពេលខ្លះ ខ្ញុំព្យាយាមទប់ដោយអារម្មណ៍ខ្សឹបខ្សួល ប៉ុន្តែនៅពីក្រោយខ្នងមនុស្សផងទាំងពួង ទឹកភ្នែកខ្ញុំក៏ហូរចុះមក ដោយការនឹករឭក កូនបង្កើតខ្លួនឯង!»។
លោក យ៉ែម សំអូន បានបន្តថា «ជារឿយៗខ្លួនខ្ញុំ តែងតែដំណាលរហូតតាំងជួបដំបូងថា គាត់ (សារ៉ាយ សក្ខិណា) និងកូនស្រីខ្ញុំមានចរិត និងនិស្ស័យចេះ គោរពនិងស្រឡាញ់ឪពុកម្ដាយចេះជួយ មនុស្សជុំវិញខ្លួនដូចគ្នាណាស់។ មែនហើយវាសនាជីវិត យើងមើលមិនឃើញថា មិនត្រូវបានហើយគ្រប់គ្រាន់ ហើយសម្រាប់ (ឪ) មិនចាំបាច់លើសហ្នឹងក៏បានព្រោះតាំងពីដំបូង គឺមិនដែលសុំឲ្យមានស្រឡាញ់ហ្នឹងទេ ឯងពិតជាធ្វើឲ្យ(ឪ) និងមនុស្សគ្រប់គ្នារំភើប ដែលយើងមានថ្ងៃនេះ តាំងពីបាតដៃទទេ កម្សត់កម្រ វេទនាមហាសែនកម្សត់ ប៉ុន្តែទាំងនេះហើយ គឺជាភាពជោគជ័យ លាក់ប្រឈមនឹងរឿងរ៉ាវជីវិត»។
យ៉ាងណាមិញបុរសពោះម៉ាយរូបនេះបានជម្រាបបន្ថែមថា «ចំណង់មិត្តភាពការរាប់អាន វាគុណធម៌មួយ ដែលមិនមានសម្រាប់តែពេលផឹកស៊ីជុំគ្នា ឬមានតម្លៃត្រឹមតែស្រាមួយដប៥០ដុល្លារនោះដែរ (នេះជាតម្លៃមនុស្ស) (ឪ) អរគុណគ្រប់យ៉ាងដែលឯង នៅតែរក្សាលំនឹងការស្រឡាញ់មិនប្រួលប្រែតែប៉ុណ្ណឹង គឺគ្រប់គ្រាន់ហើយសម្រាប់ (ឪ) សូមឲ្យមានជោគជ័យ និងមានសុភមង្គល នៅក្នុងជីវិតណាកូនណា (ស្រឡាញ់កូន) <3 sakanasaray!»៕