កញ្ញា រ៉ាស៊ីន គឺជាតារាបង្ហាញម៉ូដ និងសម្ដែងស្រីវ័យក្មេងមួយដួងដែលមានរូបសម្រស់ស្រស់ស្អាតគួរជាទីទាក់ទាញ ដែលបច្ចុប្បន្ននេះកំពុងតែបោះជំហាននៅលើវិថីសិល្បៈ និងចាប់យកទីផ្សារក្នុងវិស័យនេះបានយ៉ាងច្រើនក្នុងដៃ។ ជាក់ស្ដែង នៅត្រឹមរយៈពេលជាងមួយឆ្នាំនៃការចូលខ្លួនប្រឡូកជាមួយនឹងអាជីពជាតារាបង្ហាញម៉ូដ និងសម្ដែង កញ្ញា ទទួលបានការងារច្រើនគួរសមដែលក្នុងនោះរួមមានទាំងការងារផ្នែកបង្ហាញម៉ូដនៅក្នុងក្រុមតារាបង្ហាញម៉ូដ SUN Super Model ការថតស្ប៉តផ្សព្វផ្សាយពាណិជ្ជកម្ម ក៏ដូចជាការសម្ដែងនៅក្នុងខ្សែភាពយន្តភាគខ្មែរសម្រាប់ត្រៀមចាក់បញ្ចាំងនៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍នានាផងដែរ។
បើគិតមកដល់ដើមឆ្នាំ2018នេះ បទពិសោធរបស់កញ្ញា រ៉ាស៊ីន ហាក់នៅមានភាពតិចតួចស្ដួចស្ដើងបន្តិចបើប្រៀបធៀបជាមួយបណ្តារៀមច្បងជំនាន់មុនៗ ប៉ុន្តែបើគេសម្លឹង និងវាយតម្លៃទៅលើសមិទ្ធផលការងារសិល្បៈដែលកញ្ញាធ្លាប់បានទទួល ក៏ដូចជាកំពុងមានកាន់នៅក្នុងដៃនាពេលបច្ចុប្បន្ននេះ គឺមានមិនចាញ់តារាល្បីឈ្មោះជំនាន់មុនៗដែលមានបទពិសោធខ្ពស់ និងប្រឡូកច្រើនឆ្នាំនោះទេ។ ជាក់ស្ដែង ចាប់តាំងពីទទួលបានឱកាសបានចូលមកបង្ហាញខ្លួនក្នុងវិស័យសិល្បៈតាមរយៈការផ្តល់ឱកាសពីសំណាក់អ្នកដឹកនាំក្រុមតារាបង្ហាញម៉ូដ SUN Super Model កាលពីឆ្នាំកន្លងទៅនោះ កញ្ញា រ៉ាស៊ីនបានបន្សាយកេរ្តិ៍ឈ្មោះរបស់ខ្លួនគួរជាទីមោទនៈ។
សម្រាប់បទពិសោធ ក៏ដូចជាការងារដែលអាចយឹតយោងសណ្តោងប្រជាប្រិយភាពរបស់កញ្ញាកាលពីពេលកន្លងទៅនេះ ក្រៅពីជាតារាបង្ហាញម៉ូដជាញឹកញាប់នោះ គឺនៅមានការថតស្ប៉តផ្សព្វផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុន និងផលិតផលល្បីៗមួយចំនួន ដូចជា ស្ប៉តថ្នាំថែរក្សា និងបំប៉នសម្រស់ Glow ស្ប៉តផលិតផលក្រុមហ៊ុនសេវាទូរស័ព្ទចល័ត Smart ស្ប៉តស្រាបៀរអង្គរ ក៏ដូចជាស្ប៉តដែលបង្ហាញពីការអប់រំនៅកម្ពុជា ដែលជាការផលិតឡើងរបស់បណ្តាអង្គការនានាជាដើម។
ដោយឡែក សម្រាប់ការងារនៅក្នុងវិស័យសម្ដែងវិញ បច្ចុប្បន្ននេះ កញ្ញា រ៉ាស៊ីន ដែលមានស្រុកកំណើតនៅឯស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាប់ព្រំប្រទល់ស្រុកបាទីខេត្តតាកែវ រូបនេះ ក៏មានភាពមមាញឹកគួរសមផងដែរ ដោយពេលនេះកញ្ញាកំពុងតែជាប់ដៃជាមួយការថតខ្សែភាពយន្តភាគខ្មែរចំនួន 2រឿងផងដែរ រួមមានរឿង “បីសាចគួរឱ្យស្រឡាញ់” សម្រាប់ត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស និងមួយរឿងទៀតកំពុងតែសម្រុកថត ដើម្បីត្រៀមចាក់បញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍ CTN មានចំណងជើងថា “ជ្រោះស្នេហ៍។
ម្យ៉ាងវិញទៀត តារាស្រីវ័យក្មេងរូបនេះ ក៏ជាពិធីការិនីដែលសម្បូរសំនួនវោហារនៅក្នុងកម្មវិធីកម្សាន្តរបស់ស្ថានីយ៍ទូរទស្សន៍ថោន ដែលទើបបង្កើតថ្មី រួមជាមួយនឹងការងារជាពិធីការិនីប្រចាំផលិតផលសម្រស់ momo របស់អ្នកនាង គង់ ចាន់ស្រីមុំ ផងដែរ៕