មិត្តអ្នកអានដឹងឬទេថា “ថ្លើម” គឺជាអវយវៈមួយក្នុងរាងកាយដែលត្រូវបានបំផ្លាញខ្លាំងបំផុត។ តាមរយៈការរស់នៅដែលមិនសូវជាសមរម្យរបស់មនុស្សយើង ទើបធ្វើឱ្យអត្រាផ្នែកនៃការកើតជំងឺដែលពាក់ព័ន្ធនឹងថ្លើមកើនឡើងខ្ពស់ជារឿយៗ ទាំងជំងឺក្រិនថ្លើម ខ្លាញ់រុំថ្លើម មហារីកថ្លើម ជាពិសេសជំងឺខ្លាញ់រុំថ្លើមតែងជួបប្រទះនៅលើប្រជាជនក្នុងភូមិភាគអាស៊ីអាគ្នេយ៍កាន់តែច្រើនឡើងជារឿយៗរៀងរាល់ឆ្នាំ។ មូលហេតុមួយ គឺបណ្ដាលមកពីកាទទួលទានភេសជ្ជៈដែលមានជាតិអាល់កុល ដែលអាចធ្វើឱ្យកើតការរលាក ហើយអាចនាំឆ្ពោះទៅរកជំងឺក្រិនថ្លើម ឬថ្លើមធ្វើការខុសប្រក្រតី ដែលបើមិនប្រញាប់ចូលទៅទទួលការព្យាបាលទេនោះ អាចមានផលប៉ះពាល់ដល់អាយុជីវិតបាន។
អាហារបំផ្លាញថ្លើម ដែលគួរចៀសវាង
ចម្បងៗមុនគេគឺ អាល់កុល អាហារជ្រក់ត្រាំដែលនឹងមានសារធាតុក្នុងក្រុមណៃត្រេត និងផ្សេងៗទៀតដែលបង្កគ្រោះថ្នាក់ដល់ថ្លើម រួមទាំងអាហារស្ទើរឆៅ ស្ទើរឆ្អិន ដូចជា ប្រហុក និងសាច់ត្រីឆៅជាដើម ដែលសុទ្ធតែជាមូលហេតុរបស់ជំងឺសត្វល្អិតនៅក្នុងថ្លើម ដែលអាចនាំឆ្ពោះទៅរកការកើតរោគមហារីកថ្លើម និងរលាកថ្លើមបានដូចគ្នាទាំងអស់។
ក្រៅពីនេះនៅមានអាហារដែលមានជាតិខ្លាញ់ខ្ពស់ អាហារដែលមានខ្លាញ់ច្រើន និងអាហារចៀនបំពង ដែលនឹងធ្វើឱ្យកើតការប្រមូលសន្សំរបស់ជាតិខ្លាញ់ រួមទាំងអាហារដែលមានការប្រឡាក់ប្រឡូសមេរោគផ្សិត ដូចជា Aflatoxin ជាមេរោគផ្សិតនៅក្នុងសណ្ដែកដែលនឹងធ្វើឱ្យកើតមហារីកថ្លើមបាន។
អាហារបំប៉នថ្លើម ដែលអ្នកគួរទទួលទាន
អាហារដែលអ្នកគួរទទួលទានគឺ អង្ករសំរូប ព្រោះនៅក្នុងអង្ករសំរូបនឹងមានសារធាតុអាហារច្រើនជាងអង្ករសធម្មតា ជាពិសេសកាកសរសៃអាហារ អាស៊ីតហ្វូលិក វីតាមីនផ្សេងៗ ដូចជា Gamma, Orissanol (សារធាតុប្រឆាំងអនុមូលឥស្សរៈពីគ្រាប់ធញ្ញជាតិ) វីតាមីន E រួមទាំងសារធាតុ Gaba ដែលសុទ្ធជាសារធាតុដែលមានប្រយោជន៍ដល់រាងកាយទាំងអស់។
ក្រៅពីនេះថែមទាំងគួរទទួលទានរុក្ខជាតិបន្លែផ្លែឈើ ដូចជា ស្ពៃក្ដោប មើមការ៉ុត ផ្លែឪឡឹក ទំពាំងបារាំង-ល- ព្រោះបន្លែ និងផ្លែឈើនឹងមានសារធាតុប្រឆាំងអនុមូលឥស្សរៈខ្ពស់ ជួយកាត់បន្ថយការរលាកដែលអាចបណ្ដាលមកពីបំផ្លាញរបស់អនុមូលឥស្សរៈ ហើយនៅមានកាកសរសៃអាហារច្រើនដែលជួយកាត់បន្ថយការកើតជាតិពុលចំពោះថ្លើមបាន។
ទទួលទានថ្លើមសត្វ ជួយបំប៉នថ្លើមមនុស្សឬ?
ថ្លើមជាប្រភពប្រមូលសន្សំរបស់វីតាមីន A និងមានសារធាតុដែកទៀតផង។ សារធាតុទាំងនេះមានប្រយោជន៍ចំពោះរាងកាយស្រាប់ទៅហើយ តែថ្លើមក៏មានកូឡេស្តេរ៉ូលខ្ពស់ដែរ ដូច្នេះការទទួលទានថ្លើមសត្វដើម្បីសង្ឃឹមលទ្ធផលក្នុងការបំប៉នថ្លើមមនុស្សយើងជាប់ជាប្រចាំនោះ អាចមានផលមិនល្អក្នុងរឿងជាតិខ្លាញ់ដែលនឹងវិលចូលមកក្នុងរាងកាយ ឬចូលទៅរុំថ្លើមវិញ ដូច្នេះត្រូវទទួលទានយ៉ាងប្រយ័ត្នប្រយែងបំផុត។
ទទួលទានភេសជ្ជៈផ្អែមៗ អាចជួយព្យាបាលថ្លើមឬ?
អ្នកដែលកើតរោគថ្លើម មានន័យថា ការធ្វើការងាររបស់ថ្លើមនឹងខុសប្រក្រតី ធ្វើឱ្យថ្លើមមិនអាចប្រមូលរក្សាជាតិគ្លុយខូស (ជាតិស្ករ)ទុកនិងនាំយកទៅរំលាយឱ្យក្លាយជាកម្លាំងថាមពលបានទេ ទើបធ្វើឱ្យអ្នកមានជំងឺថ្លើមអាចកើតអាការទន់ល្វើយគ្មានកម្លាំង និងចង់តែទទួលទានអាហារផ្អែមៗ ដូច្នេះនៅពេលទទួលទានអាហារផ្អែមៗចូលទៅ ក៏នឹងមានអារម្មណ៍ថាធូរស្រាលឡើង តែគ្រាន់តែជាអាការល្អប្រសើរឡើងបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនជាការព្យាបាលដែលត្រឹមត្រូវនោះទេ។ ក្រៅពីនេះការទទួលទានភេសជ្ជៈផ្អែមៗជាប្រចាំ អាចធ្វើឱ្យកើតជំងឺទឹកនោមផ្អែមតាមក្រោយ ឬជំងឺផ្សេងៗជាច្រើនទៀតផង៕