តាមរយៈការផ្សាយផ្ទាល់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 នៅក្នុងវគ្គ Live Show សបា្ដហ៍ទី 1 នេះ បានបញ្ជប់ទៅយ៉ាងរលូនកាលពីរាត្រីថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2018 នេះ ដែលនៅក្នុងនោះការប្រកាសលទ្ធផលសំឡេងសារគាំទ្រ បេក្ខភាពប្រឡង ជា ភ័ក្ដណា ទទួលបានសំឡេងបោះឆ្នោតគាំទ្រតិចជាងគេ។
ដោយសង្កេតឃើញថា កម្មវិធីប្រឡងមួយមានលក្ខខណ្ឌពិសេសមួយក្នុងការឱ្យគណៈកម្មការធ្វើការ Save ឬមិន Save ចំពោះបេក្ខភាពប្រឡងដែលទទួលបានសំឡេងសារតិចជាងគេ។ ដោយឡែកកញ្ញា ជា ភ័ក្ដណា ត្រូវបានកម្មវិធីអនុញ្ញាតិឱ្យបញ្ចេញសមត្ថភាពច្រៀងជាលើកទី 2 ហើយក៏ទទួលបានសំឡេងហ៊ូរកញ្ច្រៀវ និងសំឡេងស្រែកគាំទ្ររូបនាង លាន់រន្ធឺពេញស្ទូឌីយូផ្សាយផ្ទាល់តែម្ដង។ តែជាអកុសល កាតសម្រេចចិត្ត និងវិនិច្ឆ័យយ៉ាងសុក្រិត និងយុត្តិធម៌ពីសំណាក់គណៈកម្មការទាំងបួន បានផ្ដល់លទ្ធផលជូនបេក្ខនារីរូបនេះគឺ « មិនអាចបន្ដទៅវគ្គ Live Show សបា្ដហ៍បន្ទាប់បានទេ »។
គួររំឭកផងដែរថា បេក្ខភាព ជា ភ័ក្ដណា ត្រូវបានមហាជនអ្នកគាំទ្រកត់សម្គាល់ឃើញពីសមត្ថភាពលេចធ្លោ និងមានទឹកដមសំឡេងច្រៀងពីរោះរណ្ដំបេះដូងជាងគេ ចាប់តាំងពីវគ្គដំបូងនៃកម្មវិធី ដែលនាងបានបកស្រាយបទចម្រៀងមានចំណងជើងថា « ដំបូលរហែក » លុះដល់វគ្គបន្ដបន្ទាប់ទៀត បេក្ខនារីរូបនេះនៅតែបន្ដធ្វើបានល្អដដែល។ យ៉ាងណាមិញ មហាជនក៏បានកត់សម្គាល់ឃើញពីការបញ្ចេញសមត្ថភាពរបស់ ជា ភ័ក្ដណា យប់មិញនេះ នាងហាក់បីដូចជាធ្វើមិនសូវបានល្អដូចសព្វមួយដងឡើយ អាចបណ្ដាលមកពីបញ្ហាសុខភាពក៏ថាបានដែរ៕