ក្រុម Real Madrid របស់លោក Zinedine Zidance បានសង្គ្រោះការប្រកួតរបស់ខ្លួនយ៉ាងល្អដោយធ្វើឲ្យទាំងក្រុម Atletico Madrid និងលោក Diego Simeone ជួបនឹងការខកចិត្តដ៏ធំមួយ ក្រោយពីក្រុម Real បានរងបរាជ័យក្នុងលទ្ធផល ២-១ ក្នុងការប្រកួតជើងទី២នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃពុធម្សិលមិញនេះ ប៉ុន្តែ ទោះជាក្រុមរបស់លោក Zinedine Zidance ចាញ់ក្នុងការប្រកួតជើងទីពីរនេះក៏ដោយ ក៏នៅតែបានឈានទៅវគ្គផ្តាច់ព្រ័ត្រដដែល ជាមួយនឹងលទ្ធផលរួមទាំងពីរជើងគឺ ៤-២។
កីឡាករ Saul Niguez និង Antoine Griezmann របស់ Atletico បានធ្វើឲ្យក្រុម Real ស្ថិតក្នុងការភិតភ័យ តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់នៅត្រឹមតែនាទី ទី១៦។ ប៉ុន្តែ សុបិនអាក្រក់របស់ Real បានបញ្ចប់ត្រឹមតែនាទី ទី៤២ ប៉ុណ្ណោះ ដោយនៅពេលនោះខ្សែប្រយុទ្ធ Karim Benzema បានអូសបាល់ផុតខ្សែការពារ៣នាក់របស់ក្រុម Atletico ដើម្បីបញ្ជូនបាល់យ៉ាងល្អទៅឲ្យ Toni Kroos ដែលបានបង្ខំឲ្យអ្នកចាំទី Jan Oblak ត្រូវធ្វើការសង្គ្រោះបាល់ទាំងលំបាកមួយ ប៉ុន្តែ Isco បានបន្ថែមបាល់ផ្លាតចេញពីដៃអ្នកចាំទីចូលទីតែម្តង។
ក្រុមរបស់លោក Simeone ស្ទើរតែធ្វើការស្រោចស្រង់ជ័យជម្នះដ៏អស្ចារ្យមួយបានទៅហើយ ប៉ុន្តែការរងបរាជ័យដ៏ធ្ងន់ធ្ងររបស់ពួកគេក្នុងលទ្ធផល ៣-០ កាលពីការប្រកួតជើងទី១ នាសប្តាហ៍មុន បានបង្ហាញថា ជាការរងបរាជ័យដ៏ធំមួយ ខណៈដែលពួកគេបានធ្លាក់ចេញក្រោមស្នាដៃក្រុម Real ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នេះជាលើកទី៤ជាប់ៗគ្នាហើយ។
ក្រុម Real ដែលជាម្ចាស់ការពារតំណែងជើងឯកក្របខ័ណ្ឌ Champions League នឹងធ្វើដំណើរទៅកាន់ទីក្រុង Cardiff នាថ្ងៃទី ៣ ខែមិថុនា ដើម្បីជួបជាមួយនឹងក្រុម Juventus ដោយសម្លឹងរកការក្លាយជាក្រុមដំបូងគេក្នុងការការពារពានរង្វាន់នេះយ៉ាងជោគជ័យក្នុងរយៈពេល២៥ឆ្នាំ ក្រោមរូបមន្តថ្មីនៃយុទ្ធនាការរបស់ UEFA។
លោក Zidane គ្រូបង្វឹករបស់ក្រុម Real បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រនេះ។ វាគឺជាដំណើរផ្លូវដ៏វែងឆ្ងាយមួយក្នុងការទៅកាន់ទីនោះ ហើយវាក៏ជាផ្លូវដ៏វែងឆ្ងាយផងដែរក្នុងការឈានទៅដល់វគ្គនោះក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា។ ខ្ញុំត្រូវតែអបអរចំពោះក្រុមមួយនេះ»៕
https://www.youtube.com/watch?v=zoVKLQ-VSd0
ប្រភពពី៖ The Sun