សហគមន៍ទេសចរណអារ៉ែង ជាតំបន់ព្រៃត្រូពិកធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលមានទស្សនិយភាពទេសចរណ៍ប្រកបដោយភាពស្រស់បំព្រង និងពោរពេញទៅដោយធនធានធម្មជាតិយ៉ាងសំបូរបែប។
រដ្ឋមន្ត្រីក្រសួងទេសចរ ឯកឧត្តម ថោង ខុន បានលើកឡើងថា ក្រសួងទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) នឹងជួយជ្រោមជ្រែងសហគមន៍ទេសចរណ៍អារ៉ែងឱ្យមានការរីកចម្រើនកាន់តែខ្លាំង ដំដៅជំរុញឱ្យប្រជាសហគមន៍ចូលរួមចំណែកការពារធនធានធម្មជាតិតាមរយៈការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមកលេងតំបន់នេះ។
ឯកឧត្តមថ្លែងថា ក្រសួងទេសចរណ៍បានបណ្តុះបណ្តាលលើជំនាញមគ្គុទេសក៍ទេសចរណ៍សហគមន៍ សុវត្ថិភាពចំណីអាហារ អនាម័យ និងបរិស្ថានដល់ប្រជាសហគមន៍នៅតំបន់នោះ។ ក្រៅពីនេះយើងក៏បាន និងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បណ្តាញអគ្គិសនី ប្រព័ន្ធទូរគមនាគមន៍ មណ្ឌសុខភាព មណ្ឌលរដ្ឋបាល និងសកម្មភាពជាច្រើនទៀតដើម្បីជំរុញឱ្យកាន់តែមានភាពងាយស្រួលដល់ភ្ញៀវទេសចរដែលមានបំណងទៅទស្សនាតំបន់អារ៉ែង រួមទាំងប្រជាជនដែលរស់នៅតំបន់នេះផ្ទាល់។
បើតាមឯកឧត្តម ថោង ខុន ការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍នៅតំបន់នេះអាចនឹងទទួលបានផលប្រយោជន៍ច្រើនជាងការបរបាញ់សត្វ និងកាប់ព្រៃឈើ។ ជាបទពិសោធន៍ ដូចជានៅសហគមន៍អេកូទេសចរណ៍ជីផាត់ ប្រជាជនបានឈប់បាញ់សត្វ កាប់ព្រៃឈើ ហើយងាកមកប្រកបមុខរបរផ្តល់សេវាទេសចរណ៍ដូចជាមគ្គុទេសទេសចរ ចុងភៅចល័ត ផ្ទះស្នាក់នៅសហគមន៍ ផ្តល់សេវាម្ហូបអាហារ និងដឹកជញ្ជូនជាដើម។
ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍នឹងផ្តល់កុំព្យូទ័រចំនួន 4គ្រឿងដល់សហគមន៍ បំពាក់ឧបករណ៍សំឡេងចល័ត2គ្រឿង ផ្តល់ការបណ្តុះបណ្តាលមក្គទេសទេសចរណ៍ ជំនាញចំអិនម្ហូបអាហារ ផលិតចម្រៀងអំពីសក្តានុពលអេកូទេសចរណ៍ និងឧបត្ថម្ភអណ្តូងទឹកមួយចំនួនថែមទៀតផង។
កញ្ញា Suwanna Gauntlett ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលកំពុងធ្វើការងារនៅតំបន់អារ៉ែងបានលើកឡើងថា កញ្ញាចង់ឃើញភ្ញៀវទេសចរមកកម្សាន្តនៅតំបន់អារ៉ែងនេះ ព្រោះថានៅពេលដែលពួកគេបង្កើតតំបន់នេះទៅជាតំបន់ទេសចរណ៍ ប្រជាជននឹងបានមើលឃើញពីអត្ថប្រយោជន៍យ៉ាងសំខាន់របស់ធនធានធម្មជាតិ ហើយងាកពីរបរបរបាញ់សត្វ និងកាប់ព្រៃមកធ្វើជាមគ្គុទេសក៍ ឬប្រកបរបរដែលបម្រើឱ្យការងារទេសចរណ៍វិញ៕