សម្រាប់អ្នកនិយមទទួលទានអាហារបែបខ្មែរយើង ប្រហែលជាធ្លាប់សាកល្បងភ្លក្សរសជាតិ “ទឹកគ្រឿងត្រីប្លាធូ” “ស្ងោជ្រក់ត្រីប្លាធូស្រស់” ឬសូម្បីតែត្រីប្លាធូចៀនធម្មតាៗជាមួយបាយក្ដៅៗហើយមើលទៅ។ ទាំងអស់នោះសុទ្ធតែជាម៉ឺនុយដែលនាំឱ្យស្រស់ទឹកមាត់គ្រប់ពេលដែលនឹកឃើញ ហើយប្រាកដណាស់ សម្រាប់ត្រីប្លាធូដែល ឡារ៉ែន នឹងលើកយកមកជម្រាបជូននៅថ្ងៃនេះ មិនមែនមានគុណសម្បត្តិត្រឹមតែភាពឈ្ងុយឆ្ងាញ់តែម្យ៉ាងនោះទេ តែត្រីប្លាធូនៅមានគុណសម្បត្តិ និងប្រយោជន៍ ព្រមទាំងសម្បូរទៅដោយគុណ-តម្លៃខាងភោជនាហារដែលមនុស្សជាច្រើនមិនធ្លាប់ដឹង។
ប្រយោជន៍ និងគុណតម្លៃខាងអាហារអំពីត្រីប្លាធូប្លាធូ
ជាត្រីដែលមានគុណប្រយោជន៍ និងសារធាតុអាហារដែលគ្រប់គ្រាន់ចំពោះរាងកាយដោយយើងសឹងតែមិនចាំបាច់ទទួលទានអាហារបំប៉នទៀតផង ព្រោះការទទួលទានត្រីប្លាធូតែមួយក្បាលនឹងទទួលបានសារធាតុអាហារយ៉ាងច្រើនដូចខាងក្រោមនេះ ៖
- ត្រីប្លាធូ សម្បូរដោយ EPA និង DHA ដែលជាអាស៊ីតខ្លាញ់មិនបង្កកខ្លួន ដោយសារធាតុទាំងពីរប្រភេទនេះនឹងបំពេញតួនាទីកាត់បន្ថយការផ្ដុំខ្លួនរបស់គ្រាប់ឈាមដែលខុសប្រក្រតី ទើបនៅលើអ្នកខ្លះធ្វើឱ្យកើតសភាវរឹងសរសៃឈាម ឬប្រទះឃើញការរលាកជាដើម។ ក្រៅពីនោះ ទាំង EPA និង DHA នេះនៅមានចំណែកជួយក្នុងការបញ្ចុះកម្រិតជាតិខ្លាញ់ប្រភេទដែលធ្វើឱ្យកើតកំណកឈាម ឬសរសៃឈាមណែនស្ទះទៀតផង។
- ត្រីប្លាធូមានប្រយោជន៍ព្រោះមានប្រូតេអីុនខ្ពស់ ដោយក្នុងត្រីប្លាធូ 1ក្បាលនឹងផ្ដល់ប្រូតេអីុនខ្ពស់ដល់ទៅ20ក្រាមក្នុងទម្ងន់ត្រី 100ក្រាម ហើយប្រូតេអីុនដែលបានពីត្រីប្លាធូគឺជាប្រូតេអីុនដែលងាយរំលាយ និងរាងកាយអាចនាំយកទៅប្រើជាប្រយោជន៍បានភ្លាមៗតែម្ដង។
- គុណសម្បត្តិរបស់ត្រីប្លាធូគឺមានកាល់ស្យូម និងផូស្វ័រ ដោយបរិមាណកាល់ស្យូមក្នុងត្រីប្លាធូមានច្រើនដល់ទៅ 170មីលីក្រាមក្នុងត្រីប្លាធូស្រស់100ក្រាម ក្រៅពីនេះនៅសម្បូរទៅដោយផូស្វ័រដែលចាំបាច់ចំពោះរាងកាយ ដោយសារធាតុអាហារទាំងនេះនឹងមានចំណែកជួយក្នុងការបង្កើនភាពរឹងមាំរបស់ឆ្អឹង និងធ្មេញបានយ៉ាងល្អ ជាពិសេសនៅលើកុមារ និងមនុស្សចាស់។
- ត្រីប្លាធូសម្បូរទៅដោយអូមេហ្កា3 និង6 ដែលមានចំណែកជួយក្នុងការធ្វើការរបស់ប្រព័ន្ធប្រសាទ និងខួរក្បាល ហើយថែមទាំងជាចំណែកប្រកបរបស់សាច់ភ្នាសកោសិកា ជួយបញ្ចុះកូលេស្តេរ៉ូល បន្ថយភាពប្រថុយទាំងជំងឺបេះដូង និងសរសៃឈាម។ ក្រៅពីនេះអូមេហ្កា3 និង6 នៅក្នុងត្រីប្លាធូថែមទាំងជាគ្រោងសាងដ៏សំខាន់របស់សាច់ភ្នាសបរិវេណផ្ទាំងប្រសាទកែវភ្នែក ឬ Retina ដែលជួយក្នុងការមើលឃើញទៀតផង។
ទទួលទានត្រីប្លាធូរាល់ថ្ងៃ ល្អចំពោះរាងកាយឬទេ?
ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ត្រីប្រភេទនីមួយៗមានកម្រិតជាតិខ្លាញ់មិនស្មើគ្នាទេ បើទទួលទានត្រីដែលមានជាតិខ្លាញ់ខ្ពស់រៀងរាល់ថ្ងៃ ច្បាស់ជាហុចផលអាក្រក់ ច្រើនជាងផលល្អ ដូច្នេះបើសិនចង់បរិភោគត្រីឱ្យទទួលបានប្រយោជន៍ គួរជ្រើសរើសប្រភេទរបស់ត្រីឱ្យស័ក្តិសមជាមួយរាងកាយ និងតម្រូវការក្នុងវ័យនីមួយ។ ក្នុងផ្នែករបស់ត្រីប្លាធូវិញ យើងនឹងបានឃើញថា ជាត្រីដែលមានបរិមាណជាតិខ្លាញ់មិនខ្ពស់ខ្លាំងទេ ទើបអាចទទួលទានរាល់ថ្ងៃបានតែយ៉ាងណាក៏ដោយ ដើម្បីឱ្យបានភោជនាហារដែលសម្បូរបែប ទើបគួរទទួលទានត្រីប្រភេទផ្សេងៗ រួមទាំងសាច់សត្វប្រភេទផ្សេងៗរួមជាមួយផង។
ទទួលទានត្រីច្រើនប៉ុនណា ទើបហៅថាល្អ?
ជឿថា ហេតុផលក្នុងការទទួលទានត្រីរបស់មនុស្សជាច្រើន គឺមកពីត្រូវការ “ប្រូតេអីុន” ដែលមាននៅក្នុងសាច់ត្រីស្ទើរតែគ្រប់ប្រភេទ។ ជាធម្មតា មនុស្សយើងមានតម្រូវការប្រូតេអីុនខុសៗពីគ្នាក្នុងអំឡុងវ័យដូចតទៅនេះ ៖
*ក្មេងតូច-ក្មេងធំ នឹងត្រូវការប្រូតេអីុនពី 1-1.1ក្រាម ក្នុងទម្ងន់ខ្លួន 1គីឡូក្រាម។
*មនុស្សធំ ត្រូវការប្រមាណ 0.8ក្រាម
*ស្ត្រីមានគភ៌ ត្រូវការដល់ទៅ 1.3ក្រាម
ឧទាហរណ៍ដូចជា បើអ្នកបរិភោគមានទម្ងន់ខ្លួន 60គីឡូក្រាម រាងកាយនឹងត្រូវទទួលប្រូតេអីុនដល់ទៅ60ក្រាមឯណោះ ហើយប្រូតេអីុនដែលបានមកពីសាច់ត្រីឆ្អិនមានប្រហែលជា 15-30ក្រាមក្នុងទម្ងន់ត្រី 100ក្រាម ដូច្នេះបើត្រូវការប្រូតេអីុនពីត្រីតែម្យ៉ាងនោះ ត្រូវទទួលទានត្រីយ៉ាងតិច3-4ក្បាលឯណោះ។ ដូច្នេះ អ្នកទទួលទានគួរតែទទួលទានអាហារប្រភេទផ្សេងទៀតរួមជាមួយផង ដើម្បីបន្ថែមប្រូតេអីុន មិនថាតែ ស៊ុត ទឹកដោះ សណ្ដែក សាច់មាន់ ឬសូម្បីតែសាច់ជ្រូកដែលមិនជាប់ខ្លាញ់ ឬបើអ្នកណាចង់ទទួលទានតែត្រីម្យ៉ាង ហើយបានប្រូតេអីុនខ្ពស់នោះ គួរតែជ្រើសរើសប្រភេទត្រី និងវិធីចម្អិនឱ្យល្អ ដូចជា គួរជ្រើសរើសទទួលទានត្រីហាលស្ងួត ដូចជា ត្រីប្រឡាក់ ត្រីងៀត ឬទទួលទានបែបចំហុយ ដែលនឹងទទួលបានប្រូតេអីុនច្រើនជាងការស្ងោ អាំង ឬចៀនជាដើម។
តាមរយៈព័ត៌មានដែលយើងបាននាំយកមកជូននៅថ្ងៃនេះ សង្ឃឹមថា នឹងធ្វើឱ្យការទទួលទានត្រីប្លាធូរបស់លោកអ្នកកាន់តែឆ្ងាញ់ឡើង និងទទួលបានប្រយោជន៍ច្រើនឡើង បើមិនតិចក៏ច្រើនដែរ។ ចុងក្រោយនេះ ឡារ៉ែន ចង់ឱ្យមនុស្សជាច្រើនដែលមិនសូវចូលចិត្តទទួលទានត្រីប្លាធូបែរមកសាកល្បងភ្លក្សឱ្យបានម្ដង រួចហើយលោកអ្នកនឹងដឹងថា គុណសម្បត្តិ និងប្រយោជន៍របស់ត្រីប្លាធូ គឺជាកំពូលអាហារ និងជារបស់ល្អដែលមិនគួរមើលរំលងសូម្បីតែបន្តិច៕