ខ្សែបម្រើប្រយុទ្ធដ៏មានឥទ្ធិពល Philippe Coutinho បានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្លិបថ្មីជាលើកទី1 របស់គេ ខណៈដែលក្រុម Barcelona បានកក់កៅអីរបស់ពួកគេទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពាន Copa del Rey យ៉ាងងាយ កាលពីថ្ងៃព្រហស្បតិ៍។
អតីតតារាឆ្នើមរបស់ក្លិប Liverpool រូបនេះ បានរកគ្រាប់បាល់បញ្ចូលទីភ្លាមៗនៅនាទី ទី49 ក្រោយពីបានដាក់ឲ្យចូលលេងក្នុងតង់ទី2 នៅមុនពេលខ្សែបម្រើ Ivan Rakitic បានជួយឲ្យក្រុមខ្លួននាំមុខ 2-0 នៅរយៈពេល 8នាទីចុងក្រោយ ដើម្បីបំពេញការឈ្នះទាំងពីរជើងក្នុងលទ្ធផល 3-0។
បច្ចុប្បន្នក្រុម Barcelona របស់លោក Ernesto Valverde នឹងត្រូវឡើងទៅជួបជាមួយនឹងក្រុម Sevilla ក្នុងវគ្គផ្តាច់ព្រ័ត្រនាចុងសប្តាហ៍នៃថ្ងៃទី21 និងទី22 ខែមេសា ខាងមុខនេះ។ Coutinho បានប្រាប់ស្ថានីយទូរទស្សន៍របស់អេស្ប៉ាញ Gol ថា៖ «សម្រាប់ខ្ញុំ វាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាលើកទី1របស់ខ្ញុំ ហេតុនេះ វាពិតជាពេលវេលាដ៏ពិសេសណាស់»។
កីឡាកររូបនេះ បានបន្ថែមទៀតថា៖ ខ្ញុំពិតជារីករាយណាស់។ ខ្ញុំបានស្វែងរកគ្រាប់បាល់នេះចាប់តាំងពីការប្រកួតដំបូងរបស់ខ្ញុំ។ នៅថ្ងៃនេះ ខ្ញុំបានគ្រាប់បាល់នេះហើយ ហើយវាបានជួយឲ្យក្រុមឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ Barcelona គឺជាម្ចាស់ជើងឯកនៃយុទ្ធនាការនេះរយៈពេល៣ឆ្នាំចុងក្រោយជាប់ៗគ្នា ខណៈដែលការដណ្តើមបានជ័យជម្នះរបស់ពួកគេមានន័យថា ក្រុមយក្សរបស់អេស្ប៉ាញមួយនេះ នឹងឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ៥លើកជាប់ៗគ្នា៕
ប្រភពពី៖ The Sun