Skip to content

ចំណូល​ទឹកប្រាក់​ប្រមាណ 500លាន​ដុល្លារ​បាន​ពី​ការលក់​អង្ករ​ទៅ​បរទេស

កម្ពុជា​ទទួលបាន​ចំណូល​ពី​ការនាំចេញ​អង្ករ​សរុប​នៅក្នុង​ឆ្នាំ2017 កន្លងទៅ ប្រមាណ​ជា 500លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ក្នុងនោះ​ការនាំចេញ​អង្ករ​ក្រអូប​របស់​កម្ពុ​ជាមាន​បរិមាណ​ច្រើន​រហូតដល់​ជាង 64% នៃ​ការនាំចេញ​សរុប។

យោងតាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យដឹងថា អង្ករ​ក្រអូប​របស់​កម្ពុជា​ទទួល​បាន​តម្លៃ​ស្ថិតនៅក្នុង​ចន្លោះ​ពី750 ដល់ 840ដុល្លារ​ក្នុង1តោន​សម្រាប់ប្រភេទ​អង្ករ​ក្រអូប ខណៈ​អង្ក​រស​ធម្មតា មានតម្លៃក្បែរៗ 450ដុល្លារ​ក្នុង​មួយ​តោន។

កម្ពុជា​បាន​សម្ពោធ​ម៉ាក​វិញ្ញាតកម្ម​អង្ករ​ថ្មី​មួយ​ឈ្មោះថា “ម្លិះ​អង្គរ” ឬ​សរសេរ​ជា​ភាសា​អង់គ្លេស​MALYS ANGKOR ដើម្បី​ជំរុញ​ទីផ្សារ​លក់​នៅក្រៅ​ប្រទេស​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត ខណៈដែល​ថ្នាក់ដឹកនាំ​ក្រសួង​នានា​បាន​រំពឹងទុក​ថា ផលិតកម្ម​ស្រូវ​នឹង​បន្ត​រីកចម្រើន និង​មានលទ្ធភាព​ពង្រីក​ផលិតកម្ម​បន្ថែមទៀត​ក្នុងពេល​អនាគត។

ម៉ាក​វិញ្ញាតកម្ម “ម្លិះ​អង្គរ” ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម​រួម​ថ្មី1ទៀត​របស់​កម្ពុជា ដែលមាន​សហព័ន្ធ​ស្រូវ​អង្ករ​ជា​កម្មសិទ្ធិករ ដែល​នឹង​ផ្តល់​ការបញ្ជាក់​នៅលើ​សម្បក​វេ​ច​ខ្ចប់​នៃ​ផលិតផល​អង្ករ​នាំចេញ។ ទោះបីជា​បែបនេះ​ក្តី ការប្រើប្រាស់​ម៉ាក​វិញ្ញាតកម្ម​នេះ​នឹង​ត្រូវការ​ពេល យូរ​បន្ថែមទៀត សម្រាប់​ឱ្យ​អ្នក​នាំចេញ និង​ទីផ្សារ​ខាងក្រៅ​ប្រទេស​ទទួលស្គាល់។

ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានលើកឡើង​ក្នុង​ពិធី​សម្ពោធ​ម៉ាក​អង្ករ​នេះ​ថា នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ប៉ុណ្ណោះ​សម្រាប់​ម៉ាក​រួមមួយ​នេះ ដោយ​សហព័ន្ធ​ត្រូវធ្វើ​ការងារ​ច្រើន​ទៀត​ជាមួយ​អ្នក​នាំចេញ។ ឯកឧត្តម​ថ្លែងថា៖ “គាត់​នៅ​ប្រើ​ម៉ាក​សញ្ញា​របស់គាត់​ដដែល​ប៉ុន្តែ​គាត់​នឹង​ប្រើ​ម៉ាក​សញ្ញា​នេះ​មួយទៀត ដើម្បី​បញ្ជាក់​ពី​គុណភាព​អង្ករ​នេះ​ថា មាន​ប្រភពពី​ប្រទេស​កម្ពុជា ជា​ប្រភេទ​អង្ករ​ក្រអូប​របស់​កម្ពុជា។ រាល់ពេល​ដែល​យើង​ធ្វើ​កម្មវិធី​លើកកម្ពស់​ទីផ្សារ យើង​ត្រូវ​ផ្តោតលើ​ម៉ាក​សញ្ញា​អង្ករ “ម្លិះ​អង្គរ”មួយ​នេះ។

ឯកឧត្តម បាន​បន្ថែមថា៖ “យើង​នឹង​ចាប់​ផ្តើមធ្វើ​នៅក្នុង​ឆ្នាំនេះ​តែម្តង វា​នឹង​ជួយ​ជំរុញ​ទីផ្សារ​បន្ថែមទៀត ប៉ុន្តែ​ត្រង់​ថា​ទទួលបាន​កំណើនប៉ុន្មានៗនោះ គឺ​វា​អាស្រ័យទៅលើ​ការចូលរួម​អនុវត្ត​ទាំងអស់គ្នា​ពី​សំណាក់​ក្រុមហ៊ុននាំចេញ។

លោក ឡាយ ឈុន​ហួរ នាយក​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ និង​រោង​ម៉ាស៊ីន ស៊ី​ធី​រ៉ា​យស៍ ដែលមាន​មូលដ្ឋាន​នៅក្នុង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​បញ្ជាក់ថា ការសម្ពោធ​ម៉ាក​វិញ្ញាតកម្ម​នេះ គឺជា​ការចាប់ផ្តើម​ដ៏​ល្អ​មួយ ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា​ច្រើន​ថែមទៀត ដើម្បីឱ្យ​អ្នកប្រើប្រាស់​ទទួលស្គាល់ និង​ទុកចិត្ត។ លោក ឡាយ ឈុន​ហួរ បាន​បញ្ជាក់ថា៖ “ខ្ញុំ​យល់ថា វា​ទើបតែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ ប៉ុន្តែ​វា​ជា​រឿង​ល្អ​ដែល​យើង​មាន​ម៉ាក​រួមមួយ​សម្រាប់​លើកស្ទួយ។ ទោះជា​យ៉ាងណា ខ្ញុំ​ជឿថា យើង​ត្រូវការ​ពេលវេលា​ច្រើន​បន្ថែមទៀត​សម្រាប់​លើកស្ទួយ​ម៉ាក​វិញ្ញាតកម្ម​ថ្មី​នេះ។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អះអាងថា ក្រសួងពាណិជ្ជកម្ម​នឹង​សហការ​ជាមួយ​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បន្ត​ខិតខំ​ថែរក្សា​ទីផ្សារ​ដែលមាន​ស្រាប់​និង​ចរចា​ពង្រីក​ទីផ្សារ​នាំចេញ​អង្ករ​បន្ថែមទៀត ខណៈ​កាលពី​ក្នុង​ឆ្នាំ2017 កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ជាង 63ម៉ឺន​តោន​ទៅកាន់​ទីផ្សារ​ចំនួន 60នៅលើ​ពិភពលោក ពោលគឺ​បាន​កើនឡើង​ជាង 17% ធៀប​នឹង​ឆ្នាំ2016 ដែល​បានត្រឹមតែ 54ម៉ឺន​តោន និង​ប្រហែល​ជាជាង 60% បើ​ធៀប​នឹង​ឆ្នាំ2010 ដែល​បានត្រឹមតែ 10ម៉ឺន​តោន​ប៉ុណ្ណោះ។

ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ថា៖ “តាមរយៈ​ទីផ្សារ​ដែល​យើង​ពង្រីក​បាន និង​ផលិតកម្ម​ស្រូវ និង​ការកែច្នៃ​អង្ក​រទាំង​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក និង​ការនាំចេញ ឃើញថា យើង​បាន​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ប្រមាណ​ជា 3លាន​នាក់ ឬ​ស្មើនឹង 20% នៃ​ចំនួន​កម្លាំង​ពលកម្ម​សរុប។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែមថា៖ “ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​សហព័ន្ធ​ស្រូវ​អង្ករ និង​សូម​ចូលរួម​ឱ្យបាន​សកម្ម​ក្នុង​សកម្មភាព​នានា​ទាក់ទង​នឹង​ការជំរុញ​ការនាំចេញ។

យោងតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ថ្នាក់ជាតិ​ឆ្នាំ 2014-2018 រាជរដ្ឋាភិបាល​បានកំណត់​គោលការណ៍​កំណើន​វិស័យ​កសិកម្ម​ប្រចាំឆ្នាំ​ចំនួន 5% ដើម្បី​ធ្វើឱ្យ​វិស័យ​កសិកម្ម​កាន់តែ​មាន​ទំហំ​ធំ​ល្មម​ឡើង ក៏ប៉ុន្តែ​មាន​ផលិតភាព​កាន់តែ​ខ្ពស់ ដែល​គោលដៅ​នេះ​ត្រូវ​សម្រេច​ឱ្យបាន​នៅ​ឆ្នាំ2030។ យោងតាម​ការប៉ាន់ប្រមាណ​ទុក កម្លាំង​ពលកម្ម​សរុប​ក្នុង​វិស័យ​កសិកម្ម​នឹងត្រូវ​ធ្លាក់ចុះ ខណៈដែល​ផលិតភាព​នៃ​ការប្រើប្រាស់​ដី​អាច​នឹងមាន​កំណើន​ពី 1,300ដុល្លារ រហូតដល់ 2,700ដុល្លារ​ក្នុង1ហិកតា ហើយ​ផលិតភាព​នៃ​កម្លាំង​ពលកម្ម​នឹងមាន​កំណើន​ពី 1,200ដុល្លារ រហូតដល់ 3,700ដុ​លា្ល​រ​សម្រាប់​កសិករ​ម្នាក់។ ក្នុង​កាលៈទេសៈ​នេះ​ក៏ដោយ កម្ពុជា​នៅមាន​លទ្ធភាព​ពង្រីក​កំណើន​ក្នុងការ​បង្កើន​ទិន្នផល​ស្រូវ និង​កំណត់​ពូជស្រូវ​ដែល​អំណោយផល​ដល់​ការធ្វើ​ពិពិធ​កម្ម​នៃ​ការនាំចេញ​អង្ករ​ពី​កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *