ក្រុមហ៊ុន Facebook បានចាប់ផ្តើមដំណើរការបិទការផ្សព្វផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងផលិតផល និងសេវាកម្មរបស់ cryptocurrency ទាំងអស់ចេញពីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន នេះបើយោងតាមសារព័ត៌មាន BBC ដែលចេញផ្សាយនៅដើមខែកុម្ភៈនេះ។
នៅក្នុងនោះដែរ ក្រុមហ៊ុន Facebook បានជំរុញឱ្យអ្នកប្រើប្រាស់របស់ខ្លួនរាយការណ៍អំពីការផ្សព្វផ្សាយ (ads) ទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រព័ន្ធទាំងអស់នេះ ក្នុងករណីដែលអ្នកប្រើប្រាស់បានដឹងពីការផ្សព្វផ្សាយមួយចំនួនដែលក្រុមហ៊ុន Facebook មិនទាន់បានបិទអស់។
លោក Rob Leathern នាយកគ្រប់គ្រងផលិតផលនៃ Facebook Business បានលើកឡើងថា យើងចង់ឱ្យមនុស្សបន្តស្វែងយល់ ហើយរៀនយល់ដឹងអំពីផលិតផល និងសេវាកម្មថ្មីៗតាមរយៈ Facebook ដោយមិនភ័យខ្លាចពីការបោកបញ្ឆោត។ លោកលើកឡើងផងដែរថា មានក្រុមហ៊ុនច្រើនណាស់ដែលជាដៃគូផ្សព្វផ្សាយឱ្យ ICO និង cryptocurrency ដែលបណ្តាញនេះជាប្រព័ន្ធសាច់ប្រាក់មិនគួរឱ្យទុកចិត្ត។
ICO គឺជាបណ្តាញដែលជំរុញមនុស្សឱ្យធ្វើការវិនិយោគតិចតួចសិនលើ cryptocurrency មុនពេលដែលពួកគេផ្តល់ភាពចំណេញឱ្យ ដោយបំផុសក្តីសង្ឃឹមថា ថ្ងៃអនាគតតម្លៃរបស់កាក់ទាំងអស់នោះនឹងឡើងថ្លៃខ្លាំង ហើយចំណេញលើសលប់នៅពេលដែលបណ្តាញនេះល្បីល្បាញឡើង។ ដោយសារតែបណ្តាញទាំងអស់នេះជាបណ្តាញដែលមិនធ្វើតាមនីតិវិធីក្នុងការវិនិយោគបែបប្រពៃណី ហើយគ្មានផ្លូវច្បាប់ត្រឹមត្រូវ បានធ្វើឱ្យក្រុមហ៊ុនមួយចំនួនបង្កើតឡើងដោយប្រើប្រព័ន្ធ ICO ដើម្បីប្រមូលលុយយ៉ាងច្រើនពីអ្នកវិនិយោគបន្ទាប់មកក៏រត់បាត់ ដែលធ្វើឱ្យអ្នកវិនិយោគទាំងអស់ត្រូវខាតបង់។ ជាក់ស្តែងនៅសប្តាហ៍នេះ ICO បានលុបទិន្នន័យរបស់ខ្លួនលើគេហទំព័ររបស់ខ្លួនទាំងអស់ដែលធ្វើឱ្យអ្នកប្រើប្រាស់ ឬអ្នកវិនិយោគទាំង
អស់ចេញមកធ្វើការតវ៉ាថា ពួកគេកំពុងចាញ់បោក។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសចិនបានចាត់វិធានការរួចរាល់ហើយក្នុងការបិទមិនឱ្យមានការប្រើប្រាស់បណ្តាញ ICO ដើម្បីប្រមូលលុយពីក្នុងប្រទេសរបស់ខ្លួន ហើយថែមទាំងបានព្រមានពីបញ្ហានេះជាសាធារណៈទៀតផង។ ស្របពេលជាមួយគ្នានេះដែរ Facebook បានរកឃើញថា ការផ្សព្វផ្សាយមួយចំនួនមិនសមរម្យក៏ត្រូវបានបិទជាស្ថាពររួចរាល់ហើយដែរ ព្រោះវា
អាចប៉ះពាល់ដល់សាធារណជន ដូចជាការផ្សព្វផ្សាយឱ្យមនុស្សចាស់យកប្រាក់ចូលនិវត្តន៍របស់ខ្លួនទៅទិញ Bitcoin ឬជំរុញឱ្យចុចលើផ្ទាំងផ្សព្វផ្សាយរបស់ខ្លួនលើ Facebook ដើម្បីវិនិយោគដោយគ្មានហានិភ័យជាមួយ cryptocurrencyជាដើម។
ក្រុមហ៊ុនបណ្តាញសង្គមដ៏ធំមួយនេះបានលើកឡើងផងដែរថា ខ្លួនបានចេញគោលការណ៍ថ្មីថានឹងបញ្ឈប់រាល់ការផ្សព្វផ្សាយទាំងអស់ដែលនិយាយពី cryptocurrency ខណៈក្រុមហ៊ុននេះកំពុងអភិវឌ្ឍលើដំណើរការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្តាញរបស់ខ្លួនផងដែរ៕