Skip to content

ភ្ញៀវទេសចរ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង 126%

នាពេលថ្មីៗនេះ ទន្ទឹមនឹង​សំណង់​អគារ និង​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​ត្រូវបាន​បោះទុន​វិនិយោគ​យ៉ាងច្រើន​ដោយ​វិនិយោគិន​ចិន​នោះ ក្រសួងទេសចរណ៍​បានចេញ​របាយការណ៍​មួយ​បង្ហាញថា ចំនួន​ភ្ញៀវទេសចរ​ចិន​បាន​កើនឡើង​យ៉ាងខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បាន​លើកឡើងថា ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ កំពុង​កើន​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​នៅក្នុង​ឆ្នាំ2017 កន្លងមក កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន 5.6លាន​នាក់ គឺ​កើនឡើង​ប្រមាណ 12% បើ​ប្រៀបធៀប​នឹង​ឆ្នាំ 2016។ តាម​ការ​ព្យាករ នៅ​ឆ្នាំ2020 កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​យ៉ាងតិច 7លាន​នាក់ ក្នុងនោះ​តំបន់ឆ្នេរ​សមុទ្រ​នឹង​ទទួលបាន​ប្រមាណ 2លាន​នាក់ ហើយ​ភ្ញៀវទេសចរ​ជាតិ​អាច​នឹងមាន​បរិមាណ​ដ​ល់ 4លាន​នាក់។

សម្រាប់​ខេត្ត​ព្រះសីហនុ​វិញ នៅ​ឆ្នាំ2017 ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​ជាង 1លាន​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ 47ម៉ឺន​នាក់។ ចំនួន​នេះ​ត្រូវបាន​គេ​មើលឃើញថា មានការ​កើនឡើង​ចំនួន 16% ដែល​ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ចិន​មាន​ចំនួន 12ម៉ឺន​នាក់ កើនឡើង 126%។ ផ្អែកលើ​ទិន្នន័យ​នេះ​បង្ហាញឱ្យឃើញថា ភ្ញៀវទេសចរ​ចិន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ1 ក្នុងចំណោម​ភ្ញៀវទេសចរ​មកពី​បណ្តា​ប្រទេស​នានា​ដែល​មក​ទស្សនា​កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *