Skip to content

ធនាគារអភិវឌ្ឍន៍អាស៊ី​ចេញផ្សាយ​សៀវភៅ​មគ្គុទ្ទេសក៍​ទីផ្សារ​សញ្ញាប័ណ្ណ​នៅ​កម្ពុជា

វិស័យ​មូល​ប​ត្រ​ជា​ផ្នែក​សំខាន់​មួយ​ក្នុងការ​ជំរុញឱ្យមាន​ស​កម្ម​ភាព​សេដ្ឋកិច្ច​រស់​រវើក​នៃ​អាជីវកម្ម​នៅក្នុង​ប្រទេស ហើយ​វិស័យនេះ​ក៏ត្រូវ​បាន​គេ​មើលឃើញ​ផងដែរ​ថា មាន​សក្តានុពល​ក្នុងការ​អភិវឌ្ឍ​សង្គម​ឱ្យមាន​ការរីកចម្រើន​បាន​យ៉ាង​ឆាប់រហ័ស។

ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញ​ផ្សាយ​សៀវភៅ “មគ្គុទ្ទេសក៍​ស្តីពី​សញ្ញាប័ណ្ណ​សម្រាប់ អាស៊ាន+3” (Asean +3 Bond Market Guide) ដែល​ឯកសារ​នេះ​មាន​សារៈសំខាន់​ខ្លាំង និង​ផ្តោត​ខ្លាំង​លើ​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា។ នៅក្នុង​ឯកសារ​នេះ គឺមាន​ការបង្ហាញ​ពី​ព័ត៌មាន​លម្អិត​អំពី​បរិយាកាស​នៃ​ការវិនិយោគ នីតិវិធី​ផ្លូវច្បាប់ និង​ឱកាស​សម្រាប់​ទីផ្សារ​សញ្ញាប័ណ្ណ​ក្នុងប្រទេស​ទាំង2នេះ។

ទីផ្សារ​សញ្ញាប័ណ្ណ ឬ​ហៅ​ម្យ៉ាង​ទៀតថា មូល​ប​ត្រ​បំណុល ជា​កម្ចី​រយៈពេល​វែង​ដែល​បាន​បោះផ្សាយ​ក្នុង​ទម្រង់​ជា​មូល​ប​ត្រ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម រដ្ឋាភិបាល ឬ​ភ្នាក់ងារ​រដ្ឋាភិបាល។ សញ្ញាប័ណ្ណ ជា​កម្ចី​ដែល​ផ្តល់​ដោយ​អ្នកកាន់កាប់​សិទ្ធិសញ្ញា​បណ្ណ ដែល​អ្នក​ទាំងអស់នោះ​ជា​អ្នកទិញ​មូល​ប​ត្រ​បំណុល ឬ​ផ្តល់​ប្រាក់កម្ចី ដល់​ក្រុមហ៊ុន​បោះផ្សាយ​សញ្ញាប័ណ្ណ។

បើតាម​ការចេញផ្សាយ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​បង្ហាញថា សៀវភៅ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការបោះពុម្ពផ្សាយ​ស្តីពី​ទីផ្សារ​សញ្ញាប័ណ្ណ​ដែល​ប្រើ​រូបិយ​បណ្ណ​ក្នុងស្រុក​នៅ​តំបន់​អាស៊ី ដើម្បី​ជួយ​ដល់​ស្ថាប័ន​ដែល​បោះផ្សាយ​សញ្ញាប័ណ្ណ អ្នកវិនិយោគ និង​អន្តរការី​ឱ្យ​កាន់តែ​យល់ច្បាស់​ពី​ស្ថានភាព​អំណោយផល​នៃ​ប្រទេស​នីមួយ។ លើសពីនេះទៅទៀត សៀវភៅ ម​គ្គុ​ទ្ទេស​ក៏​ស្តីពី​សញ្ញាប័ណ្ណ​នេះ ក៏​ជា​ផ្នែក​មួយ​ក្នុង​ការសម្រួល ក៏ដូចជា​លើកទឹកចិត្ត​ឱ្យមាន​សកម្មភាព​កាន់តែខ្លាំង​ក្នុង​ទីផ្សារ​មូល​ប​ត្រ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​វា​ធ្លាប់បាន​បោះពុម្ព​រួចមកហើយ​សម្រាប់​ប្រទេស​ប្រ៊ុយណេ ប្រទេស​ចិន ទីក្រុង​ហុងកុង ប្រទេស​ឥណ្ឌូនេស៊ី ជប៉ុន ឡាវ សិង្ហ​បុរី ថៃ និង​ហ្វីលីពីន។

ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី លោក Yasuyki Sawada បាន​ថ្លែងថា ទីផ្សារ​សញ្ញាប័ណ្ណ​នៅ​កម្ពុជា និង​មី​យ៉ាន់​ម៉ា កំពុងស្ថិត​ក្នុងដំណាក់កាល​ទើបនឹង​អភិវឌ្ឍន៍​នៅឡើយ តែ​ទីផ្សារ​នៅក្នុង​ប្រទេស​ទាំង2នេះ គឺ​កំពុងមាន​ការកើនឡើង ដែល​វា​ជា​រឿង​ចាំបាច់​ក្នុងការ​ជំរុញឱ្យមាន​ស​កម្ម​ភាព​ដើម្បី​ប្រមូល​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ផ្នែក​ធុរកិច្ច​កាន់តែខ្លាំង។

លោក Yasuyki Sawada បាន​និយាយថា៖ “ទីផ្សារ​សញ្ញាប័ណ្ណ​ក្នុងស្រុក​ដែលមាន​ភាពរឹងមាំ មាន​តួនាទី​សំខាន់​សម្រាប់​ជំរុញ​កំណើន និង​ការអភិវឌ្ឍ​ប្រទេស។

គួរបញ្ជាក់​ផងដែរ​ថា ទីផ្សារ​សញ្ញាប័ណ្ណ​អាស៊ី​បាន​ពង្រីក​ខ្លួន​យ៉ាង​លឿន ដែល​រហូតមក​ដល់ពេលនេះ ទីផ្សារ​សញ្ញាប័ណ្ណ​នៅ​អាស៊ី​បូក​ចិន និង​សាធារណរដ្ឋ​កូរ៉េ បាន​កើនឡើង​ពី 2.5ទ្រី​លាន​ដុល្លារ ក្នុង​ឆ្នាំ 2015 ដល់ 11.6ទ្រី​លាន​ដុល្លារ​នៅ​ចុងខែ​កញ្ញា​ឆ្នាំ2017កន្លងមកនេះ។ ស្របពេល​ជាមួយគ្នានេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ព្យាករ​ថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​នេះ​ត្រូវការ​ថវិកា​ជាង 1.7ទ្រី​លាន​ដុល្លារ រហូតដល់​ឆ្នាំ2030 ហើយ​ការជ្រើសរើស​មូល​ប​ត្រ​បំណុល ឬ​សញ្ញាប័ណ្ណ បានក្លាយ​ជា​រឿង​មួយ​ដែល​ក្រុមហ៊ុន​នានា​ចាប់អារម្មណ៍​ខ្លាំង ជាពិសេស​គឺ​សម្រាប់​វិនិយោគិន​ដែល​ជាប់បំណុល​ក្នុង​រយៈពេល​វែង​ដូចជា ក្រុមហ៊ុន​ធានារ៉ាប់រង និង​ស្ថាប័ន​មូលធន​និវត្តន៍​ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *