
អាមេរិក៖ ក្រុមហ៊ុន Microsoft ហាក់ដូចជាចាប់ផ្ដើមដាក់សម្ពាធដល់អ្នកប្រើប្រាស់ ដោយថ្មីៗនេះ បានប្រកាសដល់អ្នកដែលមានបំណងចង់ប្រើកម្មវិធី Microsoft Office 2019 ឱ្យធ្វើការ Update នូវប្រព័ន្ធដំណើរការ Windows ទៅជា Windows 10 បើមិនដូច្នេះទេគឺមិនអាចប្រើ Microsoft Office 2019 បានឡើយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge បានឱ្យដឹងថា កម្មវិធី Microsoft Office 2019 គឺអាចប្រើបានតែជាមួយ Windows 10 ប៉ុណ្ណោះ សម្រាប់ Windows 7 និង Windows 8.1 គឺមិនអាចប្រើបានទេ។ ក្នុងនោះ Microsoft ក៏បានបញ្ជាក់ផងដែរថា សម្រាប់អ្នកប្រើប្រាស់ Microsoft Office 2019 ជាមួយនឹងម៉ាស៊ីន Mac គឺមិនប៉ះពាល់ឡើយ។
ក្រុមហ៊ុន Microsoft ក៏បានបញ្ជាក់ផងដែថា Microsoft Office 2019 គ្រោងនឹងចេញជំនាន់ Preview នៅពាក់កណ្ដាលឆ្នាំ 2018 ហើយអាចនឹងដាក់ឱ្យប្រើចេញលក្ខណៈនៅចុងឆ្នាំ 2018៕

