ខ្សែប្រយុទ្ធ Alexis Sanchez របស់ក្លិប Manchester United បានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងអាជ្ញាធររបស់អេស្ប៉ាញ ក្នុងការទទួលយកការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 16ខែ ប៉ុន្តែត្រូវព្យួរទាំងអស់ សម្រាប់ការបន្លំការបង់ពន្ធ និងការគេចវេះពីសវនាការ។
Sanchez ដែលបានចូលរួមជាមួយនឹង Man United ដោយចេញពីក្លិប Arsenal កាលពីខែមុននោះ បានប្រឈមមុខនឹងការកាត់ទោសជុំវិញការបន្លំលើការបង់ពន្ធក្នុងទឹកប្រាក់ 98.3ម៉ឺនអឺរ៉ូ (ស្មើនឹង 1.21លានដុល្លារអាមេរិក) ទាក់ទងនឹងសិទ្ធិលក់រូបភាព អំឡុងពេលរូបគេលេងឱ្យក្លិប Barcelona។ នេះបើយោងតាមសេចក្តីលម្អិតនៃការព្រមព្រៀងគ្នានេះ។
មន្ត្រីរដ្ឋអាជ្ញាអេស្ប៉ាញ បានបញ្ជាក់ថា ខ្សែប្រយុទ្ធអន្តរជាតិស៊ីលីវ័យ 29ឆ្នាំរូបនេះ មិនបានធ្វើការប្រកាសពីដំណើរការផ្នែកច្បាប់របស់ខ្លួនទាក់ទងនឹងការលក់សិទ្ធប្រើប្រាស់រូបភាពរបស់គេ កាលពីឆ្នាំ2012 និងឆ្នាំ2013 ហើយក៏មិនបានប្រកាសផងដែរថា រូបគេជាម្ចាស់ក្រុមហ៊ុនមួយដែលត្រូវបានបង្កើតក្នុងប្រទេសម៉ាលតិ៍ ដែលមានឈ្មោះថា Numidia Trading Limited ដែលជាម្ចាស់កម្មសិទ្ធិលើរូបភាពទាំងនោះ។
នៅពេលបង្ហាញខ្លួនក្នុងរូបភាពវីដេអូមួយពីទីក្រុងឡុងដ៍ Sanchez បានទទួលស្គាល់ថា រូបគេបានធ្វើការបង់ពន្ធដែលមិនមានភាពត្រឹមត្រូវ ហើយថា រូបគេបានដោះស្រាយបញ្ហានេះ ជាមួយនឹងអាជ្ញាធរពន្ធរួចរាល់ហើយ។ កីឡាកររូបនេះ ត្រូវបានកាត់ទោសឱ្យជាប់គុក ដែលជាការព្យួរទោសចំនួន 8ខែ 2លើកជាប់ៗគ្នា បើទោះបីរដ្ឋអាជ្ញាបានបញ្ជាក់ថា ទោសនេះនឹងត្រូវលើកលែងវិញ ក្រោយរយៈពេល 2ឆ្នាំ ប្រសិនបើរូបគេមិនបានធ្វើខុសម្តងទៀតក៏ដោយ៕
ប្រភពពី៖ Metro