Skip to content

ក្រុមហ៊ុន Hyundai កំពុង​សាងសង់​មជ្ឈមណ្ឌល​ចែកចាយ​ផ្លែឈើ​ស្រស់​នៅ​កម្ពុជា

ក្រុមហ៊ុន​កូរ៉េ Hyundai Corporation Holding Co. បានសម្រេច​ចិត្ត​សាងសង់​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​កសិកម្ម​ទំនើប​របស់ខ្លួន ដោយ​ផ្តោត​សំខាន់​លើ​ផ្លែឈើ​ស្រស់​ដំបូង​បំផុត​នៅ​កម្ពុជា។

ការបង្កើត​មជ្ឈមណ្ឌល​ចែកចាយ​ដ៏​ធំ​នេះ បង្កើតឡើង​ក្រោម​កិច្ចសហការ​រវាង​ក្រុមហ៊ុន Mao Legacy Co. របស់​កម្ពុជា និង​ក្រុមហ៊ុន​កូរ៉េ Korea’s Seowon Distribution Co. ដែល​នឹង​ធ្វើឡើង​នៅក្នុង​ខេត្តកំពង់ស្ពឺ លើ​ផ្ទៃដី 3ហិកតា ក្រោម​ទុនវិនិយោគ​ប្រមាណ 10លាន​ដុល្លារ ដែល​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងខែ​កញ្ញា ឆ្នាំ2018 ខាងមុខនេះ។

នៅក្នុង​គម្រោង​នេះ​ក្រុមហ៊ុន​បានដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​នាំចេញ​ទៅ​ប្រទេស​កូរ៉េ និង​ជាការ​គ្រោងទុក​ក្រុមហ៊ុន​បាន​ត្រៀម​នាំចេញ​ផ្លែស្វាយ​ប្រមាណ 1,700តោន​ទៅ​ប្រទេស​កូរ៉េ នៅ​ឆ្នាំ​ដំបូង ហើយ​មាន​គម្រោង​បង្កើន​ចំនួន​បន្ថែម​ឡើង​ទៀត​ឱ្យ​កាន់តែច្រើន​នៅ​ឆ្នាំ​បន្តបន្ទាប់។

ក្រុមហ៊ុន Hyundai បានចេញ​សេចក្តីប្រកាស​ជា​ផ្លូវការ​ថា៖ «យើង​នឹង​បន្ថែមបន្លែ និង​ផ្លែឈើ​ស្រស់​មួយចំនួនទៀត​ដូចជា ក្រូចឆ្មារ ទុរេន ល្ហុង នៅក្នុង​តារាង​ចែកចាយ​របស់​យើង ហើយ​គម្រោង​នេះ​នឹង​ចែកចាយ​ទៅកាន់​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់ ASEAN»។

លោក ម៉ៅ គន្ធ​ពិសី តំណាង​ក្រុមហ៊ុន Mao Legacy បាន​លើកឡើងថា ក្រុមហ៊ុន​របស់លោក​នឹង​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ផ្តល់ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​រាប់ពាន់នាក់ និង​នាំចេញ​ផលិតផល​ខ្មែរ​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

លោក ម៉ៅ គន្ធ​ពិសី បាន​និយាយថា៖ «ជា​គម្រោង​ទី2 នៅក្នុង​ការវិនិយោគ​នេះ គឺ​ផ្តោតលើ​កា​រស​ម្ងួ​ត និង​ក្លាស្សេ​សម្រាប់​រោងចក្រ​កែច្នៃ​អាហារ ដើម្បី​ផលិត​តំណាប់​ផ្លែឈើ​កំប៉ុង។ គម្រោង​នេះ​នឹង​ចាប់ផ្តើម​បន្ទាប់ពី​គម្រោង​ទី1 ធ្វើ​រួចរាល់»។

លោក​បានបញ្ជាក់​ផងដែរ​ថា ទីផ្សារ​ផលិតផល​ផ្លែឈើ​ស្រស់​នេះ មិនមែន​សម្រាប់តែ​ក្នុងប្រទេស​កូរ៉េ​នោះទេ តែ​ក្រុមហ៊ុន Hyundai មាន​សាខា​ចំនួន 44 នៅ​ទូទាំង​ពិភពលោក ដែល​បណ្តាញ​ដ៏​រឹងមាំ​នេះ​នឹង​អាច​នាំចេញ​អាហារ​ដែលមាន​គុណភាព​ខ្ពស់​បាន​កាន់តែច្រើន​ពី​ប្រទេស​កម្ពុជា។ ក្រៅពី​ប្រតិបត្តិការ​ដំបូង ដែល​នាំចេញ​ផ្លែឈើ​ប្រមាណ 1,700តោន​ហើយ​នោះ យើង​នៅមាន​គោលដៅ​នាំចេញ​ផ្លែឈើ​ឱ្យបាន​រហូត 50,000តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅពេល​បន្តបន្ទាប់។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Hyundai បាន​ដាំ​ដំណាំ​ស្វាយ​ប្រមាណ 400ហិកតា ខណៈ​ក្រុមហ៊ុន Legacy ក៏បាន​ដាំ​ដុះ​ដំណាំ​ស្វាយ​លើ​ផ្ទៃដី​ចំនួន 2,000ហិកតា​ផងដែរ​នៅ​ខេត្តកំពង់ស្ពឺ​ដើម្បី​នាំចេញ៕

Leave a Reply

Your email address will not be published. Required fields are marked *