គ្រាន់តែឈានជើងចូលដល់ទឹកដីនៃខេត្តមណ្ឌលគិរីភ្លាម អារម្មណ៍ហត់នឿយដែលបណ្តាលមកពីការធ្វើដំណើរអស់រយៈពេលស្ទើរពេញមួយព្រឹក ហាក់រលាយបាត់ទៅដោយមិនដឹងខ្លួន។
ទេសភាពនៃធម្មជាតិដ៏ស្រស់បំព្រង រួមផ្សំជាមួយនឹងផ្កាស្មៅភ្នំដែលកំពុងយោលយោគតាមកម្លាំងខ្យល់បក់នៅតាមដងផ្លូវ អាកាសធាតុដ៏ត្រជាក់ពីរុក្ខជាតិតាមដងភ្នំ បានឆក់យកសេចក្តីនឿយហត់ទាំងឡាយ បន្សល់ទុកនូវទឹកចិត្តរីករាយ និងក្តីអន្ទះសារចង់ដឹងថាតើទីតាំងដែលនឹងត្រូវទៅកម្សាន្តនោះវាស្រស់ស្អាតដល់កម្រិតណាទៅ? បើគ្រាន់តែទេសភាពតាមដងផ្លូវសោះក៏អាចធ្វើឱ្យយើងមានអារម្មណ៍ថា ហាក់ដូចជាកំពុងតែស្ថិតនៅភពផ្សេងគ្នាទាំងស្រុងពីកន្លែងដែលយើងរស់នៅជារៀងរាល់ថ្ងៃទៅហើយនោះ។
នៅពេលដែលបានឃើញរូបសត្វគោព្រៃពីរក្បាលដែលស្ថិតនៅចំកណ្តាលផ្លូវ នោះមានន័យថា អ្នកបានចូលមកដល់ទីរួមខេត្តមណ្ឌលគិរីហើយ។ នៅទីនោះអ្នកអាចស្វែងរកកន្លែងស្នាក់នៅ កន្លែងទទួលទានអាហារ ព្រមទាំងផ្សារដែលអាចចូលទិញឥវ៉ាន់នៅក្នុងផ្សារខេត្តនោះបានតាមចំណូលចិត្តផងដែរ ហើយបន្ទាប់ពីនោះវាជាពេលវេលាដែលអ្នកត្រូវធ្វើដំណើរកម្សាន្តម្តង។
មណ្ឌលគិរី អាចនាំក្រសែភ្នែករបស់អ្នកឱ្យទៅទស្សនាកន្លែងកម្សាន្តជាច្រើនកន្លែងដូចជា ទឹកធ្លាក់អូររមីស ចំការស្រល់ ភ្នំដោះក្រមុំ សមុទ្រឈើ ភូមិជនជាតិ ចំការកាហ្វេ និងទីតាំងទឹកជ្រោះជាច្រើនកន្លែងទៀត ប៉ុន្តែតំបន់ទេសចរណ៍ដែលមានឈ្មោះល្បីជាងគេគឺទឹកជ្រោះប៊ូស្រា។ ទឹកជ្រោះប៊ូស្រាចែកចេញជា 3ដំណាក់ ដំណាក់ទី1 មានកម្ពស់ប្រមាណ12ម៉ែត្រ ដែលមានមុខកាត់ 15ម៉ែត្រនៅរដូវវស្សា។ ដំណាក់ទី2 មានកម្ពស់ពី15 ទៅ20ម៉ែត្រ និងមានមុខកាត់ទទឹង 20ម៉ែត្រ មានកម្ពស់18 ទៅ25ម៉ែត្រ ចំណែកនៅរដូវប្រាំង គឺមានមុខកាត់ត្រឹមតែ 13ម៉ែត្រប៉ុណ្ណោះ។ ដំណាក់ទីពីរនេះមានចម្ងាយប្រមាណជា150ម៉ែត្រពីដំណាក់ទីមួយ។ ចំណែកដំណាក់ទី3 ស្ថិតនៅឆ្ងាយពីដំណាក់ទី2 ដែលមិនអាចទៅដល់បាន ព្រោះជាតំបន់ព្រៃក្រាស់ និងសម្បូរសត្វសាហាវរស់នៅ។ បន្ទាប់ពីនោះ អ្នកទេសចរអាចបន្តទៅកន្លែងមួយផ្សេងទៀតគឺទឹកជ្រោះសែនមនោរម្យ ដែលមានចម្ងាយត្រឹមតែ 5គីឡូម៉ែត្រពីទីរួមខេត្ត ហើយទឹកធ្លាក់នៅទីនោះក៏មាន 3ដំណាក់ដែរ ប៉ុន្តែវាមានទ្រង់ទ្រាយតូចជាងទឹកជ្រោះប៊ូស្រា។
ចំណែកទឹកជ្រោះរមនា គឺចម្ងាយប្រមាណជា 11គីឡូម៉ែត្រពីទីរួមខេត្ត ហើយតំបន់ទឹកជ្រោះនេះហ៊ុមព័ទ្ធជុំវិញដោយដំណាំផ្សេងៗជាច្រើនដូចជា ដំណាំកោស៊ូ ស្វាយចន្ទី កាហ្វេនិងរុក្ខជាតិ ព្រមទាំងព្រៃឈើតូចធំជាលម្អនៅក្នុងតំបន់មួយនេះ។ ទឹកជ្រោះនេះ ក៏ជាតំបន់គួរឱ្យទាក់ទាញចំពោះទេសចរផងដែរ ដោយមានទឹកធ្លាក់កម្ពស់5ម៉ែត្រ ហូរធ្លាក់ទៅក្នុងអាងទឹកធំមួយដែលបង្កនូវភាពងាយស្រួលដល់អ្នកទេសចរក្នុងការងូតទឹកកម្សាន្ត។ មិនទាន់អស់ត្រឹមនេះនោះទេមណ្ឌលគិរីនៅមានកន្លែងគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត ដែលអ្នកគួរតែទៅមើលឱ្យឃើញដោយផ្ទាល់ភ្នែក ដូច្នេះសង្ឃឹមថាថ្ងៃសម្រាកខាងមុខនេះ វានឹងក្លាយជាតំបន់ទេសចរណ៍មួយដែលស្ថិតនៅក្នុងជម្រើសរបស់អ្នក៕