Skip to content

ត្រឹម​រយៈពេល​ជាង1ខែ​រដ្ឋ​ប្រមូល​ពន្ធ​បាន​ជាង 100លាន​ដុល្លារ

យោងតាម​របាយការណ៍​សរុប​លទ្ធផល​ការងារ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​បានឱ្យដឹង​ថា លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ទទួលបាន​គួរ​ជាទី​មោទនៈ​ដែល​ក្នុង​ខែធ្នូ ឆ្នាំ2017កន្លងទៅ ការប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​មាន​ចំនួន​ប្រមាណ​ជា 444.30 ពាន់​លាន​រៀល ស្មើនឹង 111.08លាន​ដុល្លារ​អាមេរិក។

ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​ពន្ធដា​រ​មានប្រសាសន៍ថា សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ2017 ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូលបាន សរុប​ចំនួន 7,754.41ពាន់​លាន​រៀល ឬ​ប្រមាណ​ជា1,938.71លាន​ដុល្លារ​អាមេរិក ស្មើនឹង 113%នៃ​ផែនការ។

ឯកឧត្តម​បញ្ជាក់ថា ប្រសិនបើ​ធៀប​នឹង​ឆ្នាំ2016 ឃើញថា ការប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​នៅ​ឆ្នាំ2017 មានការ​កើនឡើង​ចំនួន 1,676.36ពាន់​លាន​រៀល ឬ​ប្រមាណ​ជា 419.09លាន​ដុល្លារ​ដែល​ស្មើនឹង 27.89%។

ក្នុង​ឆ្នាំ2017កន្លងទៅ លទ្ធផល​ដែល​សម្រេចបាន​គួរឱ្យកត់សម្គាល់​នោះ​គឺ ការចូលរួមចំណែក​ដ៍​សំខាន់​នៃ​កំណើន​ចំណូលសំខាន់ៗ ធៀប​នឹង​ការអនុវត្ត​នៅ​ឆ្នាំ2016 ដែល​ក្នុងនោះ​រួមមាន​កំណើន​ប្រាក់​ពន្ធ​លើ​ប្រាក់ចំណូល 31.8% កំណើន​អាករ​លើ​តម្លៃបន្ថែម​មាន​ចំនួន 31.05% កំណើន​អាករ​ពិសេស 17.9% និង​កំណើន​ពន្ធលើប្រាក់បៀវត្ស​រ៍​ចំនួន 10.5% ខណៈដែល​ពិតាន​នៃ​ពន្ធលើប្រាក់បៀវត្ស​រ៍​ត្រូវបាន​ដំឡើង៕

Leave a Reply

Your email address will not be published. Required fields are marked *