ជារៀងរាល់ឆ្នាំមហោស្រព វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ត្រូវបានប្រារព្ធធ្វើឡើងដោយមានកិច្ចគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នឯកជនជាច្រើនផ្សេងទៀតដែលកំពុងចង់ជំរុញប្រជាជនកម្ពុជាឱ្យជ្រើសរើសជំនាញ STEM នេះសម្រាប់ធ្វើជាអាជីពនៅថ្ងៃអនាគត។
នៅឆ្នាំនេះ មហោស្រពវិទ្យាសាស្ត្រ និងវិស្វកម្មកម្ពុជា លើកទី4 នឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយចាប់ផ្តើមពីថ្ងៃទី1 ដល់ថ្ងៃទី3 ខែមិនា ឆ្នាំ2018 ក្នុងគោលបំណងជំរុញសិស្សានុសិស្ស យុវជន សាធារណជន អ្នកអប់រំ និងស្ថាប័នអប់រំទាំងអស់ឱ្យចាប់អារម្មណ៍កាន់តែខ្លាំងលើការអប់រំ ការបណ្តុះបណ្តាលការងារ អាជីពវិជ្ជាជីវៈ ការប្រកួតប្រជែង ការស្រាវជ្រាវ និងការរកឃើញថ្មីៗ (នវានុវត្តន៍) លើមុខជំនាញដែលទាក់ទងនឹងវិស្វកម្ម បច្ចេកវិទ្យា និងគណិតវិទ្យា។ មុខវិជ្ជាទាំងអស់នេះ ជាផ្នែកមួយយ៉ាងសំខាន់ ឬជាចំណែកមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈឧស្សាហកម្ម កសិ-ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្មនៅកម្ពុជា។
នៅក្នុងមហាស្រព STEM នៅថ្ងៃនោះ នឹងមានសកម្មភាពសំខាន់ៗមួយចំនួន ដូចជាការតាំងពិព័រណ៍ផលិតផលវិទ្យាសាស្ត្រ ការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី1 នៅកម្ពុជា ការបង្ហាញគម្រោង STEM ដែលផ្តល់ឱកាសសម្រាប់ពិសោធដោយផ្ទាល់សម្រាប់អ្នកចូលរួមសិក្ខាសាលា និងវេទិកា STEM ការប្រកួតជើងឯក STEM ការប្រកួតគណិតវិទ្យា ដោយប្រើបច្ចេកវិទ្យា និងការប្រគុំតន្ត្រីខ្នាតធំ “STEM ដើម្បីអនាគតខ្ញុំ” ជាដើម។ល៕