Skip to content

កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត តារា​ឯក​ស្រី​ក្នុង​រឿង “ទឹកភ្នែក​កក” កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​មហាជន

តាមរយៈ​ខ្សែភាពយន្ត​ភាគ​បែប​មនោសញ្ចេតនា​រឿង “ទឹកភ្នែក​កក” ដែល​បាន​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​កាលពីពេល​កន្លង​ទៅនោះ តារា​សម្ដែង​ជំនាន់​ថ្មី​វ័យក្មេង​ដែលមាន​ឱកាស​បាន​គ្រង​តំណែង​ជាតា​រា​ឯក​ស្រី​តាំងពី​មាន​បទពិសោធ​លើកដំបូង​ក្នុង​ការសម្ដែង​របស់ខ្លួន កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត បាននិងកំពុង​តែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកទស្សនា ក៏ដូចជា​អ្នកដឹកនាំ​សម្ដែង​ផងដែរ ខណៈដែល​ពេល​បច្ចុប្បន្ននេះ មាន​ការងារ​សម្ដែង​ជាច្រើន​កំពុងតែ​សម្រុក​ធ្លា​ក់មក​ក្នុង​រង្វង់​ដៃ​របស់​នាង​ជា​បន្តបន្ទាប់។

បើ​គិត​មកដល់​ដើមឆ្នាំ2018នេះ កញ្ញា ប៊ូ​ច័ន្ទ​ដា​ណែ​ត ទើបតែ​មាន​អាយុ​ត្រឹម 22ឆ្នាំ​តែប៉ុណ្ណោះ ហើយ​បើ​គិតពី​បទពិសោធ​នៃ​ការសម្ដែង​ក៏ដូចជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ​វិញ​រឹតតែ​តិចតួចស្ដួចស្ដើង​បំផុត ប៉ុន្តែ​បើ​គេ​ក្រឡេក​មក​មើល​ពី​ទីផ្សារការងារ​នៅក្នុង​អាជីព​ជា​អ្នកសិល្បៈ​របស់​នាង​វិញ គឺមាន​មិន​ចាញ់​តារា​សម្ដែង​ស្រី​ជំនាន់មុនៗនោះឡើយ។ ជាក់ស្ដែង​បន្ទាប់ពី​បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​នៅក្នុង​វិស័យ​សម្ដែង​តាមរយៈ​ខ្សែភាពយន្ត​រឿង​ភាគ​ខ្មែរ​បែប​មនោសញ្ចេតនា ដែល​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​កាលពីពេល​កន្លងទៅ​ក្នុង​រឿង “ទឹកភ្នែក​កក” ក្នុងនាម​ជា​តួឯក​ស្រី​វ័យក្មេង ដែល​ត្រូវ​សម្ដែង​ជាមួយនឹង​ឈុត​ឆាកកម្សត់ៗសម្រក់​ទឹកភ្នែក​តាំងពី​ភាគ​ដំបូង​រហូតដល់​ភាគ​បញ្ចប់​នោះ ដា​ណែ​ត​បាន​ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​របស់​អ្នកទស្សនា​ជាខ្លាំង ហើយ​វា​ក៏​ជា​ចំណុច​ពិសេស​ដែល​ជួយ​បង្កើន​នូវ​ប្រជាប្រិយភាព​របស់​នាង​ផងដែរ។

តារា​សម្ដែង​ស្រី​រូបនេះ​បាន​បង្ហើប​ប្រាប់ឱ្យដឹង​យ៉ាង​ដូច្នេះ​ថា “ចំពោះ​វិស័យ​សិល្បៈ ខ្ញុំ​ទើបតែ​ចូលប្រឡូក​បាន​ត្រឹម​ជាង1ឆ្នាំ​ប៉ុណ្ណោះ ហើយ​រឿង​ដំបូង​ដែល​ខ្ញុំ​សម្ដែង​គឺ​រឿង​ទឹកភ្នែក​កក ហើយ​បាន​តំណែង​ជា​តួឯក​ស្រី​ទៀត។ កញ្ញា​បាន​បន្តទៀតថា “នៅក្នុង​សាច់រឿង​មួយ​ហ្នឹង ខ្ញុំ​ដូចជា​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ព្រោះ​ពេល​សម្ដែង​ដូច​មាន​អារម្មណ៍ងាយៗមិន​ពិបាក ជាពិសេស​សូម្បីតែ​ឈុតកម្សត់ៗដែល​ត្រូវ​យំ​ឱ្យ​ត្រូវ​នឹង​សាច់រឿង​គឺ​ខ្ញុំ​អាចធ្វើ​បាន​ទាំងអស់។ តាម​ការពិតទៅ បើតាម​ចំណូលចិត្ត និង​ចរិត​ពី​ធម្មជាតិ​របស់ខ្ញុំ គឺ​ខ្ញុំ​មាន​និស្ស័យ​លេងសើច​ច្រើន ចូលចិត្តសប្បាយៗរួសរាយ និង​ក្រមិចក្រមើម​ច្រើនជាង ប៉ុន្តែ​ពេល​មក​សម្ដែង​ជា​តួ​បែប​ស្រគត់ស្រគំ​ខ្ញុំ​នៅតែ​អាចធ្វើ​បាន។

កញ្ញា ច័ន្ទ​ដា​ណែ​ត បាន​បញ្ជាក់ថា “តាមរយៈ​រឿង​ទឹកភ្នែក​កក​នេះ បាន​លើកស្ទួយ​កេរ្តិ៍ឈ្មោះ​របស់ខ្ញុំ​ឱ្យ​បងប្អូន​ទស្សនិកជន​ស្គាល់​ខ្ញុំ​បាន​ច្រើន​មែនទែន ព្រោះ​បន្ទាប់ពី​រឿង​មួយ​នេះ​បាន​ចាក់​បញ្ចាំង​ភ្លាម មាន​ក្រុមហ៊ុន​មួយចំនួន​ទាក់ទង​មក​ខ្ញុំ​ឱ្យ​ថត​ផ្សព្វផ្សាយ​ផលិតផល​ពាណិជ្ជកម្ម​ជា​ហូរហែ ខណៈដែល​សាច់រឿង​ភាគ​ថ្មី​ក៏​កំពុង​សម្រុក​ថត​បញ្ចប់​ផងដែរ​នោះ។ សម្រាប់​រឿង​ថ្មី​ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ក្នុងពេល​ដ៏​ខ្លីឆាប់ៗខាងមុខនេះ គឺ​រឿង “ម្កុដ​កូនក្រមុំ” ដែលជា​ប្រភេទ​រឿង​បែប​កំប្លែង សប្បាយៗ មាន​ឈុត​ឆាក​និយាយ​កាច់​កុង និង​លេងសើច​ច្រើន ហើយ​ក្នុងនោះ​នាង​ខ្ញុំ​ទទួលបាន​តំណែង​ជា​តួឯក​ដដែល ហើយ​ខ្ញុំ​ជឿជាក់ថា សម្រាប់​រឿង​ភាគ​ថ្មី​នេះ នឹង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពី​សំណាក់​បងប្អូន​ទូទៅ ជាពិសេស​ពី​សំណាក់​មិត្ត​យុវវ័យ​តែម្ដង ព្រោះ​វា​ជា​ប្រភេទ​រឿង​បែប​កំប្លែង។

ជាមួយនឹង​ការទទួលបាន​ចំណែក​ទីផ្សារ​សម្ដែង​ច្រើន​នាពេលនេះ កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត ក៏បាន​ប្រាប់​ពី​ផលវិបាក​ក្នុងការ​បែងចែក​ពេលវេលា រវាង​ការសម្ដែង ការបង្ហាញ​ម៉ូដ ជាមួយនឹង​ការសិក្សា​ផងដែរ​ថា “វា​ហាក់​លំបាក​បន្តិច​ព្រោះ​ឆ្នាំនេះ​ជា​ឆ្នាំ​ទី3 ដែល​ខ្ញុំ​ត្រូវ​ចំណាយពេល​ច្រើន​ជាមួយ​ការរៀន​ត្រៀម​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ជំនាញ​ផ្នែក​ទីផ្សារ​នៅ​សាកលវិទ្យាល័យ វេ​ស្ទឺ​ន ហើយ​ត្រូវ​ចំណាយ​ពេលចេញ​ថត ចេញ​ដើរ​ម៉ូដ​ច្រើន​ទៀត ជាពិសេស គឺ​ការងារ​ថត​ម៉ូដ​សម្លៀកបំពាក់​តែម្ដង ដែល​ខ្ញុំ​ត្រូវ​ថត​ជាប្រចាំ​ឱ្យ​សម្លៀកបំពាក់​ម៉ាក lookswomen ដែលជា​ប្រេ​៊​ន​សម្លៀកបំពាក់​ល្បី​នាំចូល​ផ្តាច់មុខ​ពី​ប្រទេស​ហុងកុង មានដូចជា សម្លៀកបំពាក់​ឈុត​ផ្កា ឈុត​ម៉ូដ ខោអាវ​ម៉ូដ រ៉ូ​ប និង​លី​អូ ដែលមាន​គុណភាព​ខ្ពស់ ងាយស្រួល​ស្លៀក និង​អាច​បត់បែន​បាន​គ្រប់​សកម្មភាព។ បើ​ខ្ញុំ​មិន​ទទួល​ការងារ​សិល្បៈ​ទាំងអស់​នោះទេ ខ្លាច​បាត់បង់​ឱកាស បាត់បង់​ទីផ្សារ ព្រោះ​គ្រាន់តែ​ជា​តារា​ជំនាន់​ថ្មី គឺ​ថ្មី​មែនទែន ទើបតែ​មួយឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​វា​ហាក់​មាន​ផល​លំបាក​បន្តិច​ដែរ។ ប៉ុន្តែ​ខ្ញុំ​ជឿថា បន្ទាប់ពី​ខ្ញុំ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅត្រឹម​ឆ្នាំ​ក្រោយនេះ​ខ្ញុំ​នឹង​ពង្រឹង​ការងារ​ផ្នែក​សិល្បៈ​នេះ​ឱ្យ​កាន់តែខ្លាំង​ឡើង។

គួរបញ្ជាក់​ផងដែរ​ថា កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត មាន​ស្រុកកំណើត​នៅក្នុង​រាជធានី​ភ្នំពេញ មាន​បងប្អូន​ចំនួន2នាក់ ប្រុស​ម្នាក់ ដោយ​កញ្ញា​គឺជា​កូនស្រី​ច្បង​នៅក្នុង​គ្រួសារ។ សម្រាប់​គោលបំណង ក្រៅពី​ប្រាថ្នា​ក្លាយជា​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ​ដ៏​ល្បីឈ្មោះ ច័ន្ទ​ដា​ណែ​ត ក៏មាន​បំណង​បង្កើត​មុខ​ជំនួញ​ផ្ទាល់ខ្លួន​មួយ​ផងដែរ សម្រាប់​ជា​ចំណូល​ទៅ​ថ្ងៃ​អនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *