មនុស្សម្នាក់ក្នុងចំណោមបីនាក់ដែលកំពុងប្រើប្រាស់បណ្តាញអ៊ីនធើណិតលើពិភពលោកត្រូវបានគេរកឃើញថាជាកុមារ នេះបើតាមការបង្ហាញរបស់អង្គការ UNICEF។ ទន្ទឹមនឹងចំនួននេះគេក៏បានរកឃើញផងដែរនូវគុណសម្បត្តិ និងគុណវិបត្តិចំពោះការប្រើប្រាស់អ៊ីនធើណិតរបស់កុមារនៅលើពិភពលោក។
កញ្ញា សៀក ឡេង អ្នកសម្របសម្រួលកម្មវិធី Techno Innovation Challenge និងជាអ្នកធ្វើការងារនៅមជ្ឈមណ្ឌលសិក្សាពីចម្ងាយ E-learning Center នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានលើកឡើងថា បច្ចេកវិទ្យាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កុមារដែលអាណាព្យាបាលគួរយកចិត្តទុកដាក់។ ជាគុណសម្បត្តិ បច្ចេកវិទ្យាអាចធ្វើឱ្យកុមារកើនចំណេះដឹងច្រើនជាងការដែលសិក្សាតាមបែបធម្មតា ព្រោះថា តាមរយៈបច្ចេកវិទ្យាពួកគេអាចទទួលបានព័ត៌មានជាច្រើន និងប្រភពចំណេះដឹងដ៏ច្រើនបានយ៉ាងងាយស្រួល ដែលប្រភពព័ត៌មានល្អៗខ្លះត្រូវបានគេរចនាឱ្យកាន់តែមានភាពទាក់ទាញឡើងសម្រាប់កុមារ។
កញ្ញា សៀក ឡេង បាននិយាយថា ៖ “ក្រៅពីការជួយផ្នែកអប់រំហើយ បច្ចេកវិទ្យាក៏ជួយដល់កុមារឱ្យបង្កើនការសប្បាយរីករាយដែលកាត់បន្ថយគ្រោះថ្នាក់របួសស្នាមលើរាងកាយ និងការគូសវាសផ្សេងៗដែលអាចរំខានដល់មនុស្សធំ។
អ្នកជំនាញបច្ចេកវិទ្យាខាងលើបានលើកឡើងផងដែរថា កុមារជាវ័យដែល ចូលចិត្តលេង ហេតុនេះការដែលគាត់លេង ឬកម្សាន្តតាមបច្ចេកវិទ្យា គឺនឹងជួយឱ្យគាត់រីករាយជាមួយនឹងល្បែងជាច្រើនដែលគាត់មិនចាំបាច់ទៅលេងដោយផ្ទាល់ដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយនោះទេ។ តាមរយៈបណ្តាញបច្ចេកវិទ្យាអ្នកជំនាញជាច្រើនក៏បានបង្កើតកម្មវិធីដើម្បីធ្វើឱ្យកុមារមានការរីកចម្រើនផ្នែកបញ្ញា មានភាពច្នៃប្រឌិតខ្ពស់ និងមានភាពឈ្លាសវៃផងដែរ។ លើសពីនេះទៅទៀត បច្ចេកវិទ្យាក៏អាចជួយឱ្យកុមារងាយសម្របខ្លួនក្នុងសង្គម ព្រោះថា នៅក្នុងសង្គមបច្ចុប្បន្ន និងអនាគត គឺគេនឹងប្រើប្រាស់បច្ចេកវិទ្យាគ្រប់ទីកន្លែង។
ផ្ទុយមកវិញកញ្ញា សៀក ឡេង ក៏បានលើកឡើងផងដែរថា ទោះបីជាយ៉ាងនេះក្តី ចំណុចនេះក៏បានជះផលប៉ះពាល់មកវិញដែរ ប្រសិនបើកុមារលេងតែអ៊ីនធើណិតសុទ្ធសាធ ដោយមិនមានសកម្មភាពជាក់ស្តែងអ្វីសោះនោះ។ អ្វីដែលអាណាព្យាបាលត្រូវយកចិត្តទុកដាក់ជាងគេនោះ គឺកុមារអាចនឹងរងផលប៉ះពាល់ជាច្រើនប្រសិនបើពួកគេប្រើបណ្តាញអ៊ីនធើណិតមិនត្រឹមត្រូវ។
កញ្ញា សៀក ឡេង និយាយថា ៖ “នៅពេលដែលកុមារប្រើប្រាស់បណ្តាញអ៊ីនធើណិតច្រើនជ្រុល ពួកគេអាចនឹងបាត់បង់ជំនាញទំនាក់ទំនងក្នុងសង្គមដូចជាការរាប់អានមិត្តខាងក្រៅ មិនសូវចេះនិយាយស្តីទៅកាន់មនុស្ស ដែលអាចធ្វើឱ្យពួកគេបាត់បង់ការគោរពចំពោះមនុស្សដទៃ។ ម្យ៉ាងវិញទៀតពួកគេអាចនឹងមិនសូវយល់ពីអារម្មណ៍នៃដៃគូសន្ទនា ឬការប្រើប្រាស់ក្រសែភ្នែកជាដើម ដែលធ្វើឱ្យកុមារទាំងអស់នោះនឹងក្លាយជាមនុស្សដែលមានទំនាក់ទំនងមិនសូវល្អ។
ចំពោះការលេងកីឡាជាក់ស្តែងវិញ ដោយសារតែកុមារចំណាយពេលលើការប្រើប្រាស់អ៊ីនធើណិតច្រើនពេក ពួកគេនឹងមិនសូវចូលចិត្តលេងកីឡា ធ្វើពលកម្ម ឬសកម្មភាពផ្សេងៗទៀត ដែលរឿងនេះវាអាចរាំងស្ទះដល់ភាពស្វាហាប់ ភាពសកម្ម និងសុខភាពរបស់ពួកគេ។ កត្តាទាំងអស់នេះអាចធ្វើឱ្យកុមាររងផលប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ដូចជាបញ្ហានៃការរីកលូតលាស់ផ្នែករាងកាយ និងសតិស្មារតីជាដើម ព្រោះថាពួកគេចំណាយពេលច្រើនពេកលើការវិលវល់ជាមួយនឹងពិភពស្រមើស្រមៃច្រើនពេក៕