Skip to content

ខេត្តកណ្តាល​កំពុងស្ថិត​ក្នុង​ខ្សែ​ភ្នែក​របស់​វិនិយោគិន​ជាតិ និង​អន្តរជាតិ

ស្រប​ពេលដែល​រដ្ឋាភិបាល​បានប្រកាស​អំពី​ការសាងសង់​ព្រលានយន្តហោះ​ថ្មី​មួយទៀត​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​រួចមក បានធ្វើឱ្យ​អ្នកវិនិយោគ​ក្នុង និង​ក្រៅប្រទេស​កំពុង​សម្លឹងរ​ក​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កាន់តែ​ច្រើនឡើង​នៅ​ទីនោះ។

ក្នុង​សេចក្តីប្រកាស​ពត៌មាន​ជា​ផ្លូវការ​មួយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​បាន​ចែកចាយ​ដល់​អ្នកសារព័ត៌មាន​នៅ​ក្នុង​សប្តាហ៍​នេះ​បានឱ្យដឹងថា ក្រុមហ៊ុន​ខ្នាត​យក្ស​ចំនួន3 បានគ្រោង​បោះទុន​រួមគ្នា​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា10ប៊ី​លាន​ដុល្លារ​ដើម្បី​បង្កើត​ទីក្រុង​រណប​ថ្មី​ចំនួន2 គឺ​មួយ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល និង​មួយទៀត​នៅក្នុង​ខេត្តកំពង់ចាម។

ក្រុមហ៊ុន​ចំនួន3នោះ រួមមាន ក្រុមហ៊ុន ឆៃ​ណា ប៉ៃ​ជី​ង របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រុមហ៊ុន Zhuhai New Century របស់​វៀតណាម និង​ក្រុមហ៊ុន រដ្ឋ​សា​ឌី Development របស់​កម្ពុជា។ ក្រុមហ៊ុន​ទាំង3 បាន​ចុះ​កិច្ច​ព្រម​ព្រៀម​ជាមួយគ្នា​នៅ​រាជធានី​ភ្នំពេញ​កាលពី​សប្តាហ៍​មុន។

លោក​ឧកញ៉ា ហួត ឌី អគ្គនាយក​ក្រុមហ៊ុន រដ្ឋ​សា​ឌី Development បាន​មានប្រសាសន៍​ឱ្យដឹង​កាលពី​ម្សិលមិញ​ថា ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជា​នឹង​បង្កើត​ទីក្រុង​រណប​ចំនួន2 ដែលមាន​ទីតាំង​នៅក្នុង​ខេត្តកណ្តាល​មួយកន្លែង និង​ខេត្តកំពង់ចាម​មួយកន្លែង ដែល​ស្ថិត​លើ​ទំហំ​ផ្ទៃដី​ជិត 2ម៉ឺន​ហិកតា​សម្រាប់​ទីក្រុង​ថ្មី​ទាំងពីរ។ លោក​ឧកញ៉ា​បាន​បន្តទៀតថា ទីក្រុង​រណប​ទាំងពីរ​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង10ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែល​គ្រោង​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ2018 ឆាប់ៗខាងមុខនេះ។

លោក​ឧកញ៉ា ហួត ឌី បាន​បន្តទៀតថា ពេល​ទីក្រុង​រណប​ទាំងពីរ​នេះ​ដំណើរការ វា​នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ពលរដ្ឋ​កម្ពុជា ពិសេស​គឺ​កំណើនសេដ្ឋកិច្ច​របស់​ព​ល​រដ្ឋ​កម្ពុជា​ផ្ទាល់​តែម្តង ដូចនេះ​លោក​ឧកញ៉ា​សំណូមពរ​ឱ្យ​បណ្តា​ដៃគូផ្សេងៗទៀត ពិសេស​គឺ​មន្ត្រី​រាជរដ្ឋាភិបាល​មេត្តាជួយ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​វិនិយោគ​ទាំង3នេះ​ដែល​ទទួលបាន​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​សម្របសម្រួល​ការងារ​ឱ្យមាន​ភាពរលូន​ដល់​ការបង្កើត​ទីក្រុង​រណប​ទាំងពីរ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ​ផង។

ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្ដម សារ សំបូរ បាន​លើកឡើងថា ការបង្កើត​ទីក្រុងរ​ណ​ប​ទាំងពីរ​កន្លែង​នេះ​គឺជា​តម្រូវការ និង​ការចង់បាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ការចង់បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ដូចនេះ​ឯកឧត្តម​ស្នើ​សុំឱ្យ​ក្រុមហ៊ុនធំៗទាំង3រួម​ដៃ​សហការគ្នា​បង្កើត​ទីក្រុង​រណប​ថ្មី​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ ដើម្បី​ផលប្រយោជន៍​របស់​ពល​រដ្ឋ​កម្ពុជា​ក្នុង​យុគសម័យ​ថ្មី​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *