Skip to content

ក្រសួង​ចំណាយ​ថវិកា​ជិត 17លាន​ដុល្លារ ជួសជុល​ផ្លូវជាតិ​លេខ 3 និង​លេខ 7

ស្រប​ពេលដែល​ផ្លូវជាតិ​លេខ 3 ពី​ភ្នំពេញ​ទៅ​ខេត្តកំពត និង​ផ្លូវជាតិ​លេខ 7 ពី​ភ្នំពេញ​ភ្ជាប់​ទៅ​ខេត្តកំពង់ចាម​មាន​សភា​ព​ខូចខាត សឹករេចរឹល​ជាច្រើន​កន្លែង​ហើយ​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា​ជិត 17លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួសជុល​ផ្លូវ​ទាំងពីរ​នេះ​ឱ្យមាន​សភាព​ល្អ​ប្រសើរឡើង​វិញ។

នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Ltd កាលពី​ថ្ងៃទី5 ខែកុម្ភៈ ម្សិលមិញ​នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មានប្រសាសន៍ថា ការចំណាយ​ប្រាក់​ដ៏​សន្ធឹកសន្ធាប់​នេះ គឺ​ដើម្បី​លើក​កម្រិត និង​ថែទាំ​ផ្លូវជាតិ​លេខ 3 និង លេខ 7 ដោយ​ក្នុង​គម្រោង​ជួសជុល​កំណាត់​ផ្លូវជាតិ​ទាំងពីរ​នេះ គឺ​នឹងធ្វើ​ការលើក​កម្រិត​ផ្លូវ​ពី​កម្រាល​កៅស៊ូ DBST បច្ចុប្បន្ន​ទៅជា​កម្រាល​កៅស៊ូ AC ហើយនឹង​ធ្វើការ​ស្ថាបនា​លូ​សងខាង​ផ្លូវ​ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញ​ទៀតផង។

គួរ​បញ្ជាក់ថា ការងារ​លើក​កម្រិត​ផ្លូវជាតិ​ទាំងពីរ​ខ្សែ​នេះ​ប្រកបដោយ ការងារ​ស្ថាបនា​ក្រាល​កៅស៊ូ AC រយៈពេល 18ខែ ហើយ​បន្ត​ថែទាំ​រយៈពេល 36ខែ សរុប 54ខែ ដែល​នឹង​ចាប់ផ្ដើម​ការដ្ឋាន​ពី​ខែមេសា ឆ្នាំ2018 រហូតដល់​ខែកញ្ញា ឆ្នាំ2022 ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក​លេខ 5789-KH គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់ 2 (Road Asset Management Project II – RAMP II) ដែលមាន​ប្រវែង​សរុប 111.3 គ.ម និង​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន 16,969,422.59 ដុល្លា​អាមេរិក។

ក្នុង​គម្រោង RAMP-II ដដែល​នេះ រាជរដ្ឋាភិបាល​បានស្នើ​ទៅ​ធនាគារពិភពលោក​ដើម្បី​ខ្ចី​ហិរញ្ញប្បទាន​សម្បទា​ចំនួន 110លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត សម្រាប់​លើកកម្ពស់​កម្រិត​ផ្លូវជាតិ​លេខ 4 ដោយ​ក្រាល​កៅស៊ូ AC ស្ថាបនា​ចិញ្ចើម​កៅស៊ូ AC និង​បន្ថែម​នូវ​ប្រព័ន្ធ​ប្រឡាយ​ដែល​ចាំបាច់ ដើម្បី​ធានា​ឱ្យ​ផ្លូវជាតិ​លេខ 4 អាចធ្វើ​ដំណើរ​បាន​គ្រប់​រដូវ​កាល។

គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ធនាគារពិភពលោក​កំពុង​រៀបចំ​ឯកសារ​ប​ច្ចេកទេស​សម្រាប់​ហិរញ្ញប្បទាន 110លាន​ដុល្លារ​អាមេរិក​នេះ ហើយនឹង​ដាក់ជូន​ក្រុមប្រឹក្សានាយក​ធនាគារពិភពលោក​សម្រេច​ក្នុង​ខែមិថុនា ឆ្នាំ2018 ដែល​ការដ្ឋាន​សាងសង់​អាច​នឹង​ដំណើរការ​នៅ​ដើមឆ្នាំ2019៕

Leave a Reply

Your email address will not be published. Required fields are marked *