លោក Antonio Conte កំពុងតែស្ថិតក្រោមសម្ពាធដ៏ធំមួយ ក្រោយពីក្រុម Chelsea របស់លោក បានរងបរាជ័យក្នុងលទ្ធផល 4-1 ក្រោមស្នាដៃក្រុម Watford ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃចន្ទ។
នេះគឺជាការរងបរាជ័យដ៏ធំជាលើកទី 2ជាប់ៗគ្នារបស់ក្រុម Chelsea ក្រោយពីក្រុមម្ចាស់ជើងឯករបស់អង់គ្លេសមួយនេះបានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល 3-0 លើទឹកដីខ្លួនឯងពេលប្រកួតជាមួយនឹងក្រុម Bournemouth កាលពីពាក់កណ្តាលសប្តាហ៍មុន។
គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Daryl Janmaat, Gerard Deulofeu និង Roberto Pereyra ក្នុងរយៈពេល 6នាទីចុងក្រោយបានជួយឲ្យក្រុម Watford កត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅជាលើកទី 1ក្នុងចំណោមការប្រកួត 6លើក ដើម្បីនាំមុខលើក្រុមស្ថិតក្នុងតំបន់កាត់ចោលចំនួន 6ពិន្ទុដាច់។
Chelsea ត្រូវបានកាត់បន្ថយឲ្យនៅសល់ត្រឹមសមាជិក 10នាក់រួចជាស្រេច ក្រោយពីការរងការពិន័យកាតក្រហមរបស់ខ្សែបម្រើ Tiemoue Bakayoko នៅមុនពេលការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Troy Deeney បានជួយឲ្យក្រុម Watford មានគ្រាប់បាល់នាំមុខមុនពេលសម្រាកតង់ទី1។ ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ Eden Hazar នៅរយៈពេល 8នាទីចុងក្រោយ បានផ្តល់ក្តីសង្ឃឹមដល់ក្រុមភ្ញៀវក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែ ពួកគេនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ4 ដោយនាំមុខត្រឹមតែ 1ពិន្ទុគត់លើក្រុម Tottenham Hotspur ស្របពេលដែលឱកាសរបស់លោកក្នុងការបន្តតំណែងជាគ្រូបង្វឹកសម្រាប់រដូវកាលនេះ កំពុងតែស្ថិតក្នុងការចាប់អារម្មណ៍៕
ប្រភពពី៖ The Telegraph