Skip to content

អត្ថប្រយោជន៍​នៃ​ការសង​ប្រាក់​ត្រឡប់​ទៅ​ធនាគារ​ទាន់ពេល

គិត​មកទល់​បច្ចុប្បន្ន យ៉ាងហោចណាស់​មាន​ប្រជាជន​មិនតិចជាង 5លាន​នាក់​ទេ​ដែល​ជំពាក់​បំណុល​ធនាគារ ដែល​ភាគច្រើន​គឺ​យកប្រាក់​ទៅ​ប្រកប​របរ​រកស៊ី​ដើម្បី​រកប្រាក់​ចំណេញ ហើយ​មួយ​ភាគ​ទៀត​យកទៅ​ទិញ​ដី ទិញ​ផ្ទះ ទិញ​រថយន្ត ឬ​សម្ភារ​ប្រើប្រាស់ផ្សេងៗទៀត តែ​ពេលខ្លះ​ភាគី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ក៏​ជួប​ហានិភ័យ​ខ្លះ​ដែរ ដោយ​អតិថិជន​បង់​ត្រឡប់មកវិញ​យឺត​ពេល និងមួយចំនួន​តូច​មិន​បង់​តែម្ដង​ក៏មានដែរ។ ដូច្នេះ​សួរថា តើ​ការបង់​សង​ត្រឡប់​ទៅ​ធនាគារ​យឺត​ពេល ឬ​លែង​បង់​ខណៈ​បំណុល​សង​មិនទាន់​អស់នោះ តើ​វា​ផ្តល់​លទ្ធផល​អាក្រក់ អ្វីខ្លះ​ត្រឡប់មក​សាមីខ្លួន​អតិថិជន​វិញ?។

មន្ត្រី​ឥណទាន​ជនបទ​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើងថា​កន្លងមក​ខ្លួន​ក៏​ធ្លាប់​ជួប​អតិថិជន​ដែល​មិនល្អ​ដែរ​មាន​ប្រមាណ​ជា 2% ទៅ3%នៃ​អតិថិជន​សរុប។ ជួនកាល​អតិថិជន​មានលទ្ធភាព​ដែរ តែ​គេចវេះ​មិន​ព្រម​សង ហើយ​ជួនកាល​ទៀត​អតិថិជន​មិនមាន​លទ្ធភាព​សង​តែម្តង។ មិនមាន​លទ្ធភាព​សង​ដោយសារតែ​ពួកគេ​ខ្ចីប្រាក់​ពី​ធនាគារ​យកទៅ​រកស៊ី តែ​ការប្រកបមុខរបរ​រ​ក​ស៊ី​នោះ​មិន​ទទួលបាន​ជោគជ័យ ខាត​ទាំង​ដើម​ខាត​ទាំង​ចុង រួច​ក៏​លែងមាន​លទ្ធភាព​បង់​ធនាគារ​តែម្តង។ ជា​ឧទាហរណ៍​កសិករ​ជនបទ​មួយចំនួន​តូច ដល់ពេល​ដើមរដូវ​ប្រក​បរបរ​កសិកម្ម ពួកគាត់​មិនមាន​លទ្ធភាព ក៏​ខ្ចីប្រាក់​ពី​ធនាគារ​មក​ធ្វើស្រែ​ចម្ការ។ ដល់ពេល​បាន​ផល លក់​មិន​ចេញ ធ្លាក់​ថ្លៃ ឬ​ខ្លះទៀត​ធ្វើ​ដំណាំ​មិនបាន​ផល​ល្អ ច្បាស់​ណាស់​ពួកគាត់​នឹង​ជួប​ហានិភ័យ​ក្នុងការ​រកប្រាក់​សង​ត្រឡប់មក​ធនាគារ​មិន​ខាន។

មន្ត្រី​ឥណទាន​ខាងលើ​បន្តថា នៅពេល​អតិថិជន​គេចវេះ​គ្មាន​ដំណោះស្រាយ​នោះ គឺ​គ្មានអ្វី​ក្រៅពី​អនុវត្ត​វិធានការ​តាមផ្លូវ​ច្បាប់​នោះទេ។ ដូច​ធ្លាប់​បានដឹង​កន្លងមក​ហើយ​ថា ជារឿយៗនៅពេលដែល​មានការ​គេចវេះ​នោះ ភាគី​ធនាគារ​នឹង​ប្តឹងទៅ​តុលាការ​ដើម្បី​អនុវត្ត​ដីកា​រឹបអូស​ទ្រព្យសម្បត្តិ ផ្ទះ ឬ​ដីធ្លី​ជាដើម ដើម្បី​យកមក​លក់ឡៃ​ឡុង​សងបំណុល​ធនាគារ និង​នៅសល់​ប៉ុន្មាន​តុលាការ​ប្រគល់​ឱ្យទៅ​ម្ចាស់ទ្រព្យ​វិញ។ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មិនមាន​លទ្ធភាព​សង ខាង​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អាច​ពន្យារ​ពេលវេលា​សម​រម្យ​ណាមួយ ដោយ​ទុក​ឱកាស​ឱ្យ​រកប្រាក់​មក​សង​ធនាគារ ដូចជា​រង់ចាំ​ដល់ពេល​លក់​ទិន្នផល​កសិកម្ម​នៅ​ឆ្នាំក្រោយ​ឬ​គាត់​ចេញទៅ​ធ្វើ​ការងារផ្សេងៗដើម្បី​យកប្រាក់​មក​បង់​ធនាគារ​ជាដើម។ ផ្ទុយទៅវិញ​ប្រសិនបើ​អតិថិជន​មានមុខ​របរ​ច្បាស់លាស់ និង​សង​ប្រាក់​ទាន់ពេល​មក​ធនាគា​រ ឬ​សាង​កេ​រ្ត៍​ឈ្មោះ​ជាមួយ​ធនាគារ​បានល្អ ខាង​ធនាគារ​នឹង​ពិចារណា​ផ្តល់ជូន​កម្ចី​បន្ត បើសិន​មាន​តម្រូវ​ការខ្ចី​ពេលក្រោយៗទៀត។

ទាក់ទង​នឹង​បញ្ហា​នេះ​លោក អឿ សុធា​រ័ត្ន ប្រធាន​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) បាន​មានប្រសាសន៍ថា មកទល់​បច្ចុប្បន្ន​ធនា​គារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលជា​សមាជិក (CBC) មាន​ប្រមាណ​ជា 140ស្ថាប័ន ហើយ​ក្នុងនោះ​មាន​អតិថិជន​ជាង 5លាន​នាក់​ដែល​ខ្ចីប្រាក់​ពី​ស្ថាប័ន​ទាំងពីរ​ខាងលើ​ចាប់តាំងពី​ការិយាល័យ​ឥណទាន​បាន​បង្កើត​មក​នៅ​ឆ្នាំ2012។ យ៉ាងណាក៏ដោយ ចំនួន​អតិថិជន​ជាង 5លាន​នាក់​ដែល​បាន​ជាប់ជំពាក់​ប្រាក់​ធនាគារ​នេះ មាន​ជាង 3លាន​នាក់​បាន​សង​ប្រាក់​មក​ធនាគារ​វិញ​រួចហើយ នៅសល់តែ​ប្រហែល 2លាន​នាក់​ប៉ុណ្ណោះ។

លោក​ថា រាល់ពេល​អតិថិជន​ខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ CBC តែងមាន​ការកត់ត្រា​ជាប្រចាំ ដែល​របាយការណ៍​នោះ​ត្រូវបាន​ផ្តល់ឱ្យ​មកពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​រៀងរាល់ខែ​បន្ទាប់ពី​ចាប់ផ្តើម​ផ្ដល់​កម្ចី ដើម្បី​រក្សាទុក​យ៉ាង​មាន​សុវត្ថិភាព និង​សម្ងាត់​នៅ​CBC។ លុះ​ពេល​អតិថិជន​ត្រូវការ​ខ្ចីប្រាក់​លើក​ក្រោយ ខាង​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹង​មក​ស្នើសុំ​ពិនិត្យមើល​ប្រវត្តិ​នៃ​ការបង់ប្រាក់​របស់​អតិថិជន កាលពីពេល​ចាប់ផ្តើម​ខ្ចី​កន្លងមក ហើយ​បើសិនជា​អតិថិជន​បង់ប្រាក់​បាន​ទាន់ពេលវេលា ភាគី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹង​ពិចារណា​ថា នឹងត្រូវ​ផ្តល់ឱ្យ​បន្តទៀត ឬ​យ៉ាងណា? ប្រសិនបើ​អតិថិជន​មាន​ប្រវត្តិ​បង់​មិន​ទាន់ពេល ឬ​មានការ​គេចវេះ​ណាមួយ​នោះ​ភាគី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹង​ពិចារណា​ថា តើ​ត្រូវ​ផ្ដល់ឱ្យ​បន្ត ឬ​មិន​ផ្ដល់ឱ្យ​បន្តទៀត។

ជាមួយគ្នានេះដែរ លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា ទោះជា​អតិថិជន​សង​ប្រាក់​ត្រឡប់​ទៅ​ធនាគារ​រួច ឬ​នៅ​កំពុង​បន្ត​សង​ក៏ដោយ ក៏​ការកត់ត្រា​របាយការណ៍​ពី​ឥរិយាបថ​នៃ​ការសង​ប្រាក់​ត្រឡប់មក​ធនាគារ​វិញ​នៅតែ​រក្សាទុក​យ៉ាង​សុវត្ថិភាព និង​សម្ងាត់​នៅក្នុង​ការិយាល័យ​ឥណទាន​កម្ពុជា​ទាំងអស់​ដដែល មិនមែន​អតិថិជន​សង​ប្រាក់​ហើយ​ត្រូវបាន​លុបចោល​វិញ​នោះទេ។ លោកជំទាវ​បាន​បញ្ជាក់ថា ការរក្សា​ទុក​នេះ​គឺ​ដើម្បី​ជួយ​សម្រួល​ទៅដល់​ភាគី​ទាំងពីរ គឺ​ភាគី​អតិថិជន និង​ភាគី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បីឱ្យ​បានដឹង​ពី​ប្រវត្តិ​នៃ​ការសង​ប្រាក់​របស់​អតិថិជនម្នាក់ៗសម្រាប់​ជាការ​ពិចារណា​មុននឹង​សម្រេច​ផ្តល់​កម្ចី​នៅពេលក្រោយៗទៀត ហើយ​បើសិនជា​អតិថិជន​មាន​ប្រវត្តិ​សង​ត្រឡប់មកវិញ​ល្អ នោះ​ការខ្ចីប្រាក់​ពី​ធនាគារ​ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លើក​ក្រោយ​អាច​ងាយស្រួល និង​ឆាប់​បាន ដែល​នេះ​ជា​អត្ថប្រយោជន៍​នៃ​ការបង់ប្រាក់​ទាន់ពេលវេលា៕

Leave a Reply

Your email address will not be published. Required fields are marked *