កាលពីល្ងាចម្សិលមិញនេះ ក្រុមអត្តពលិករួមជាមួយនឹងថ្នាក់ដឹកនាំកីឡាប្រដាល់ក្បាច់គុនខ្មែរ បាន អញ្ជើញទៅទទួលស្វាគមន៍ កីឡាករ សេន ប៊ុនថេន និង មឿន សុភា នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ដោយពួកគេទាំងពីរបានប្រកួតឈ្នះម្ចាស់ផ្ទះបារាំង ដណ្ដើមបានខ្សែក្រវាត់ ២ និង ពាន១គ្រឿង មកជូនកម្ពុជា។ ខណៈដែលកីឡាករ ឡៅ ចន្ទា្រ បានបរាជ័យ មិនអាចយកខ្សែក្រវាត់មកជូនជាតិ និងអ្នកគាំទ្របាន។
កីឡាករបីរូបនេះ បានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់មិត្តភាពអន្តរជាតិ នៅលើទឹកដីនៃប្រទេសស្ថិតក្នុងទ្វីបអឺរ៉ុប ខណៈកីឡាករ មឿន សុភា និង សេន ប៊ុនថេន បានផ្តួលគូប្រកួត គឺកីឡាករម្ចាស់ផ្ទះបារាំង ដើម្បីឈ្នះខ្សែក្រវាត់បានម្នាក់១ដូចគ្នា។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា៖ លទ្ធផលដ៏ល្អប្រសើរខាងលើ គឺជាសញ្ញាណមួយដ៏ល្អ សម្រាប់វិស័យកីឡាគុនខ្មែរ ដែលត្រៀមបង្ហាញវត្តមានលើកដំបូងក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនាខែសីហាខាងមុខនេះ ។
ដោយឡែកកីឡាករ ម៉ឺន សុភា និង ឡៅ ចន្ទ្រា ដែលជាបេក្ខភាពជម្រើសជាតិត្រៀមស៊ីហ្គេម ឆ្នាំ២០១៧នេះ បានលើកឡើងថា ការប្រកួតនៅបារាំង មានឧបសគ្គមួយចំនួនបានកើនឡើង ប៉ុន្ដែក្នុងនាមកីឡាករកម្ពុជា ពួកគេបានព្យាយាមយ៉ាងខ្លាំង ទម្រាំដណ្ដើមបានជ័យជម្នះជូនជាតិ លើកលែងតែ ឡៅ ចន្ទ្រា ដែលវាយខុសបច្ចេកទេស ត្រូវបានអាជ្ញាកណ្ដាលកាត់សេចក្ដីឲ្យចាញ់ ។ ប៉ុន្ដែយ៉ាងណាពួកគេ បានប្ដេជ្ញាបង្កើនការហ្វឹកហាត់ឲ្យបានកាន់តែល្អប្រសើរឡើងទៀត ដើម្បីត្រៀមស៊ីហ្គេម នាខែសីហាខាងមុខ ។
ចំណែកកីឡាករ សេន ប៊ុនថេន ដែលដណ្ដើមបានខ្សែក្រវាត់ ១គ្រឿងដែរនោះ បាននិយាយថា ខ្លួនមិននឹកស្មានថាអាចយកឈ្នះកីឡាករម្ចាស់ផ្ទះបារាំងដើម្បីក្លាយជាម្ចាស់ក្រវាត់បែបនេះទេ ។ ប៉ុន្ដែទោះជាបែបនេះក្ដី នេះគឺជាការប្រកួតលើកចុងក្រោយរបស់ខ្លួនហើយ ដោយលោកប្រាថ្នាចង់ធ្វើជាគ្រូបង្វឹកវិញម្ដង និងបញ្ឈប់ការឡើងសង្វៀនទៀតហើយ ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការប្រកួតរបស់ពួកគេបានបញ្ចប់រួចនោះ កីឡាករទាំងបីនាក់បានស្នាក់នៅប្រទេសបារាំងដើម្បីធ្វើការហ្វឹកហាត់បន្ថែមទៀត ហើយពួកគេបានចែករំលែកបទពិសោធរបស់ខ្លួនជាមួយកីឡាករក្នុងក្លឹបប្រដាល់មួយចំនួននៅក្នុងប្រទេសនោះ។ សូមជម្រាបផងដែរថា កីឡាករ២រូបក្នុងចំណោម ៣រូបនោះគឺ មឿន សុភា និង ឡៅ ចន្រ្ទា ត្រូវធ្វើការហ្វឹកហាត់ដើម្បីត្រៀមចេញទៅប្រកួតនៅ SEA GAME 2017 នៅទីក្រុងគូឡាឡាំពួ នៃប្រទេស ម៉ាឡេស៊ីខាងមុខនេះផងដែរ៕