កម្លាំងពលកម្ម គឺជាធាតុផ្សំដ៏ចាំបាច់បំផុតសម្រាប់សង្គមកម្ពុជា ព្រោះថា ពីមួយឆ្នាំទៅមួយឆ្នាំ កំណើននៃការវិនិយោគ និងឧស្សាហកម្មបានកើនឡើងជាលំដាប់ ខណៈធនធានមនុស្សរបស់កម្ពុជានៅមានកម្រិតនៅឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ពេជ្រ សោភ័ន បានលើកឡើងថា កម្ពុជាកំពុងត្រូវការកម្លាំងពលកម្មជំនាញច្រើនលើវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងសេវាកម្មជាច្រើនទៀត ដើម្បីអភិវឌ្ឍវិស័យទាំងអស់នោះឈានទៅរកកំណើនសេដ្ឋកិច្ច និងផលិតភាពខ្ពស់នៅកម្ពុជា។ គ្រប់ប្រទេសដែលមានការអភិវឌ្ឍជឿនលឿនដូចជាកូរ៉េខាងត្បូង និងសិង្ហបុរីសុទ្ធតែមានធនធានមនុស្សដែលមានគុណភាពខ្ពស់ខាងបច្ចេកវិទ្យា។
ឯកឧត្តម ពេជ្រ សោភ័ន បានមានប្រសាសន៍ថា ៖ “កម្ពុជាបានខិតខំប្រឹងប្រែងច្រើនលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយជំរុញ ផ្តល់ឱកាស និងលើកទឹកចិត្តឱ្យយុវជនកម្ពុជាចូលរៀនផ្នែកបច្ចេកទេស តាមរយៈគម្រោង TVET ដែលយើងបានបង្កើតឡើង។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងផងដែរថា តាមរយៈគម្រោង TVET យើងមានសមត្ថភាពបណ្តុះបណ្តាលយុវជនឱ្យមានសមត្ថភាពខ្ពស់ឆ្លើយតបជាមួយនឹងតម្រូវការការងារជាក់ស្តែងដែលកំពុងតែត្រូវការកម្លាំងពលកម្មលើជំនាញបច្ចេកទេស ដូចជាក្នុងវិស័យសំណង់ វិស័យឧស្សាហកម្ម និងវិស័យផ្សេងៗជាច្រើនទៀត។ លើសពីនេះទៅទៀត យើងក៏ពង្រឹងកិច្ចសហការល្អជាមួយដៃគូនានាដើម្បីបណ្តុះបណ្តាលធនធានមនុស្សទាំងផ្នែកមធ្យមបច្ចេកទេស និងកម្រិតវិជ្ជាជីវៈដើម្បីផ្តល់ឱកាសឱ្យសិស្ស និស្សិតរបស់យើងទទួលបាននូវប្រព័ន្ធអប់រំតាមបែបបច្ចេកវិទ្យាទំនើប និងឆ្លើយតបជាមួយនឹងការរីកចម្រើននាពេលបច្ចុប្បន្ន។
ថ្មីៗនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ អ៊ូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់ប្រជាជនកម្ពុជា ដើម្បីលើកស្ទួយដល់កម្លាំងពលកម្មក្នុងស្រុកឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅក្នុងខេត្តព្រះសីហនុ និងនៅទូទាំងប្រទេស ដោយក្នុងនោះថវិកាប្រមាណជា 10លានដុល្លារអាមេរិក ត្រូវបានគ្រោងចំណាយដើម្បីសាងសង់គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈមួយដែលមានឈ្មោះថា វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន នៅខេត្តព្រះសីហនុ។
អនុប្រធាននាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកថង សាម៉ុន បានលើកឡើងថា ប្រទេសកម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍន៍លើវិស័យឧស្សាហកម្ម និងសេវាកម្ម ដែលផ្នែកទាំងអស់នេះ គឺត្រូវការកម្លាំងពលកម្មជំនាញច្រើនដើម្បីអភិវឌ្ឍឆ្ពោះទៅរកការអភិវឌ្ឍលើសេដ្ឋកិច្ចជាតិដែលគាំទ្រដល់គោលនយោបាយជាតិក្នុងវិស័យឧស្សាហកម្មឆ្នាំ 2025។ កម្ពុជាត្រូវការកម្លាំងពលកម្មជំនាញច្រើនក្នុងការជំរុញសេដ្ឋកិច្ចជាតិដើម្បីចូលរួមអភិវឌ្ឍកម្ពុជាឱ្យសម្រេចគោលដៅជាប្រទេសដែលមានចំណូលកម្រិតមធ្យមនៅឆ្នាំ2030 និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ2050។
ឯកឧត្តម យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកឡើងថា កម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកគ្រូបច្ចេកទេសវិជ្ជាជីវៈ ផ្នែកវិស្វកម្ម និងផ្នែកបច្ចេកវិទ្យា ដែលធនធានទាំងអស់នោះបានបម្រើសេចក្តីត្រូវការនៅពេញផ្ទៃប្រទេស។ តាមរយៈវិទ្យាស្ថាន NTTI ដែលជាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសដ៏សំខាន់មួយនៅកម្ពុជានោះ យើងបានបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាយ៉ាងច្រើនដល់និស្សិត ដោយប្រើប្រាស់នូវកម្មវិធីសិក្សាទំនើប ស្របតាមតម្រូវការការងារ ដែលត្រូវបានរៀបចំឡើងដោយអ្នកជំនាញ។
ឯកឧត្តម យ៉ោក សុទ្ធី បានមានប្រសាសន៍ថា ៖ “នាពេលបច្ចុប្បន្ននេះ ការរៀន និងបង្រៀនលើផ្នែកបច្ចេកវិទ្យាត្រូវបានយកចិត្តទុកដាក់ខ្ពស់ ខណៈពេលដែលគ្រឹះស្ថានបណ្តុះបណ្តាលបានអភិវឌ្ឍឱ្យមានការបំពាក់សម្ភារទំនើប មានមន្ទីរពិសោធន៍និងទទួលបានសៀភៅ សម្ភារសិក្សាទំនើបៗ ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាថ្មីៗដើម្បីជំរុញឱ្យយុវជនកម្ពុជាចាប់អារម្មណ៍ខ្លាំងលើការសិក្សាបច្ចេកវិទ្យា។
ស្របពេលដែលកម្ពុជាកំពុងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលវិជ្ជាជីវៈគេសង្កេតឃើញថា ការអភិវឌ្ឍលើផ្នែកនេះក៏មានកត្តាប្រឈមមួយចំនួនផងដែរ ព្រោះថា យុវជនកម្ពុជាមិនច្រើនទេដែលជ្រើសរើសយកមុខវិជ្ជាដែលកំពុងមានតម្រូវការខ្ពស់នេះ ខណៈមាននិស្សិតជាច្រើនបានជ្រើសរើសយកជំនាញដែលចង្អៀត។ តែទោះជាយ៉ាងនេះក្តី ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយពីសារៈសំខាន់នៃបច្ចេកវិទ្យាតាមរយៈកម្មវិធី អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងតាមរយៈការធ្វើវគ្គតម្រង់ទិសមុខវិជ្ជាសិក្សាជារៀងរាល់ឆ្នាំ៕