ត្រឹមតែរយៈពេលមួយខែមករា ដើមឆ្នាំ2018 ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានជួយយុវជនកម្ពុជាឱ្យទទួលបានការងារធ្វើប្រមាណជាង 500នាក់ ដែលក្នុងនោះស្ថាប័នការងារជាតិមួយនេះបានព្យាយាមគ្រប់លទ្ធភាពដើម្បីផ្គូផ្គងតម្រូវការរបស់ក្រុមហ៊ុន សហគ្រាសនៅកម្ពុជា ជាមួយនឹងយុវជនដែលជាកម្លាំងពលកម្មដ៏សំខាន់។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានពង្រឹងការផ្សព្វផ្សាយ និងបង្កើតកម្មវិធីជាច្រើន ដែលក្នុងនោះមានដូចជាការបណ្តុះបណ្តាលជំនាញទន់ ការបង្កើតកម្មវិធីសម្ភាសផ្ទាល់ជាមួយនឹងបេក្ខជននៅនឹងកន្លែង រួមទាំងកម្មវីធីពិព័រណ៍ការងារប្រចាំឆ្នាំរបស់ខ្លួន ដែលមានការចូលរួមពីក្រុមហ៊ុនសហគ្រាសជាច្រើននៅកម្ពុជា។ លើសពីនេះទៅទៀត ស្ថាប័នមួយនេះតែងរៀបចំវេទិកាការងារ និងសម្ភាសការងារជារៀងរាល់ខែ ដើម្បីជំរុញឱ្យអ្នកស្វែងរកការងារ ទទួលបានឱកាសការងារ និងជ្រើសរើសបុគ្គលិកស្របតាមតម្រូវការរបស់ទីផ្សារការងារ។
យោងតាមរបាយការណ៍ក្នុងឆ្នាំ2017កន្លងទៅ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានជួយរកការងារជូនប្រជាពលរដ្ឋធ្វើសរុបចំនួន 3,412 នាក់បញ្ជូនអ្នកស្វែងរកការងារធ្វើទៅឱ្យនិយោជកដែលត្រូវការកម្លាំងពលកម្មមានចំនួន 16,072នាក់ បានចុះឈ្មោះអ្នកស្វែងរកការងារសរុបចំនួន14,828នាក់ និងបានប្រមូលដំណឹងជ្រើសរើសបុគ្គលិកពីគ្រប់ប្រភពបានចំនួន 86,702 ការងារ៕