ប្រធានគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា (NOCC) លោកថោង ខុន បានថ្លែងបែបនេះនៅក្នុងពិធីបើកសិក្ខាសាលាមួយកាលពីល្ងាចម្សិលមិញនេះនៅទីស្នាក់ការ NOCC ក្នុងវគ្គ អភិវឌ្ឍន៍អត្តពលិកថ្នាល និងរបៀបដឹកនាំជាក្រុម ដែលមានរយៈពេលសិក្សា ៤ថ្ងៃ។
វគ្គសិក្សានេះ NOCC បានអញ្ជើញគ្រូជំនាញពីជប៉ុន និង អាល្លឺម៉ង មកបង្រៀនដល់សិក្ខាកាមចំនួន៧០នាក់មកពីបណ្តាសហព័ន្ធកីឡាទាំងអស់ដើម្បីពង្រឹង និងពង្រីកលើការអភិវឌ្ឍអត្តពលិកថ្នាល និងរបៀបដឹកនាំជាក្រុម ដើម្បីកុំឱ្យមានបញ្ហា និងទទួលបានជោគជ័យសម្រាប់ដំណើរឆ្ពោះទៅកាន់ឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA GAME នៅឆ្នាំ២០២៣។
លោកបានមានប្រសាសន៍បែបនេះថា៖ ការអភិវឌ្ឍអត្តពលិកថ្នាល ហាក់បីដូចជាចំណេះដឹងថ្មីមួយសម្រាប់គ្រូបង្វឹក និងមន្រ្តីបច្ចេកទេសកីឡាទាំងអស់នៅពេលនេះ ពីព្រោះកន្លងមកយើងបណ្តុះបណ្តាលតែជំនាញលើអត្ត ពលិកពេញវ័យ ហើយការអនុវត្តសកម្មភាពហ្វឹកហាត់ភាគច្រើនសង្កត់ធ្ងន់ទៅលើតែក្រុមជម្រើសជាតិពេញវ័យ បើទោះបីប្រភេទកីឡាខ្លះទើបនឹងមានក្រុមអត្តពលិកថ្នាលវ័យក្មេងក៏ដោយ ក៏ចំណេះដឹងជំនាញបង្ហាត់មិនទាន់ច្បាស់លាស់នៅឡើយ ក្នុងរយៈពេលមួយឆ្នាំពីរឆ្នាំកន្លងមកនេះ។
លោកបន្តថា៖ កិច្ចការជំនាញរឹង សហព័ន្ធកីឡាជាតិនីមួយៗត្រូវប្រាកដថាមន្រ្តីបច្ចេកទេស គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម ពិតជាបានឆ្លងកាត់ការបណ្តុះបណ្តាល និងការហាត់ហ្វឹកហ្វឺនពិតប្រាកដទើបមានលក្ខណៈរឹងមាំផ្នែកបច្ចេកទេសកីឡាជំនាញ។ ចំណែកឯកិច្ចការជំនាញទន់ សហព័ន្ធកីឡាជាតិនីមួយៗ ត្រូវប្រាកដថា ថ្នាក់ដឹកនាំពិតជាឈរលើទស្សនៈភាពជាអ្នកដឹកនាំ “Leadership” គ្រប់គ្រាន់ក្នុងការបង្កើតឱ្យមានសុខដុមនីយកម្មការងារកីឡារបស់ខ្លួន ដោយស្មារតីក្រុម “Team Spirit” ស្មារតីសហការ “Cooperation Spirit” ស្មារតីទទួលខុសត្រូវប្រកបដោយអភិបាលកិច្ចល្អ “Good Governance” ក្នុងកិច្ចការប្រចាំថ្ងៃរបស់សហព័ន្ធកីឡាជាតិនីមួយៗ។
លោកសង្កត់ធ្ងន់ថា៖ សម្រាប់ខ្លួនខ្ញុំផ្ទាល់សង្ឃឹមថា សិក្ខាសាលានេះនឹងអាចផ្ដល់នូវពុទ្ធិថ្មី បច្ចេកទេសថ្មី ឥរិយាបថដឹកនាំថ្មី ដល់សិក្ខាកាមទាំងអស់យកទៅបម្រើការងារសហព័ន្ធកីឡាជាតិរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពឈានទៅរកឧត្តមភាពកីឡាជំនាញនីមួយៗនាការប្រកួតកីឡា SEAGames ឆ្នាំ ២០២៣ នៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា វគ្គនេះ មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៧ នៅទីស្នាក់ការNOCCផ្ទាល់៕