Skip to content

ការលក់ iPhone ធ្លាក់ចុះ​នៅ​ត្រីមាស​ចុងឆ្នាំ 2017 ប៉ុន្តែ​ប្រាក់ចំណូល​វិញ​ខ្ពស់ជាង​ការរំពឹងទុក

អាមេរិក៖ ក្រុមហ៊ុន Apple បានបង្ហាញ​របាយការណ៍​ប្រាក់ចំណូល​ប្រចាំត្រីមាស​ចុងក្រោយ​ឆ្នាំ 2017 ដោយ​នៅក្នុង​របាយការណ៍​នោះបាន​បង្ហាញ​ឱ្យដឹងថា ការលក់ iPhone បាន​ធ្លាក់​ចុះមក​នៅត្រឹម 77,3លាន​គ្រឿង ហើយ​បើ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​ឆ្នាំមុន ឃើញថា​ធ្លាក់ចុះ 1,15ភាគរយ ប៉ុន្តែ​ការធ្លាក់ចុះ​នេះ​មិនបាន​ទាញ​ឱ្យ​ប្រាក់ចំណូល Apple ធ្លាក់ចុះ​នោះទេ។

សារព័ត៌មាន Phone Arena បានចេញ​ផ្សាយ​នាថ្មីៗនេះ​ថា ក្នុង​រយៈពេល 3ខែ​ចុងក្រោយ​ឆ្នាំ 2017 ក្រុមហ៊ុន Apple ទទួលបាន​ប្រាក់ចំណូល​រហូតដល់ 88,3ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ប្រាក់ចំណូល​នេះ​ខ្ពស់ជាង​ឆ្នាំមុន ដែលមាន​ត្រឹមតែ 78,4ពាន់​លាន​ដុល្លារ​អាមេរិក ជាពិសេស​នោះ​គឺ Apple បាន​បំបែក​កំណត់ត្រា​នៃ​ការព្យាករណ៍​របស់​ក្រុមអ្នកវិភាគ​ដែល​បាន​ទាញ​ថា Apple រកចំណូលបាន​ត្រឹមតែ 84 ទៅ 87ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ការលក់ iPhone ធ្លាក់ចុះ​នេះ ត្រូវបាន​ក្រុមអ្នកវិភាគ​មើលឃើញថា បណ្ដាលមកពី iPhone X មានតម្លៃ​ខ្ពស់ និង​លក់បាន​ចំនួន​តិច ដែលជា​ហេតុ​ធ្វើឱ្យ​តួលេខ​នៃ​ការលក់ iPhone នៅ​ត្រីមាស​ចុងឆ្នាំ 2017 ធ្លាក់ចុះ។

ក្រុមហ៊ុន Apple បានបង្ហាញ​ពី​ក្ដី​រំពឹង​ខ្ពស់​ទៅលើ iPhone ជំនាន់​ថ្មី ដោយបាន​បញ្ជាក់ថា iPhone ឆ្នាំ 2018 នឹងមាន 3ម៉ូ​ដែល ហើយ​ជាពិសេស ម៉ូ​ដែល​នីមួយ២ នឹង​បំពាន់​នូវ​បច្ចេកវិទ្យាសំខាន់ៗចុងក្រោយ​ដូចគ្នា​ទៅនឹង iPhone X៕

Leave a Reply

Your email address will not be published. Required fields are marked *