បញ្ហាសុខភាព ជារឿងមួយដែលមនុស្សយើងគិតគូរខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ អាចសង្កេតឃើញបានតាមរយៈពេលធ្វើបុណ្យសុំពរ ឬជូនពរគ្នាទៅវិញទៅមកជាដើម ពាក្យថា “សូមឱ្យមានសុខភាពរឹងមាំ” តែងតែបានឮជាប់ជានិច្ច។ ថ្មីៗនេះ ទស្សនាវដ្តីសុខភាព H to H Magazine នៅក្នុងប្រទេសសហរដ្ឋអាមេរិក បានសរសេអត្ថបទសុខភាពមួយដែលមានចំណងជើងថា “គន្លឹះ 9 យ៉ាង ដើម្បីសុខភាពល្អ” ដែល ឡា រ៉ែន សូមនាំមកជំរាបប្រីយមិត្តអ្នកអានជាបន្ត ដើម្បីសាកល្បងអនុវត្តតាម ព្រោះមិនមែនជារឿងពិបាកឡើយ ។
- ផ្លែប៉ោម មួយថ្ងៃ មួយផ្លែ
ពាក្យស្លោកដែលថា An apple a day , keeps doctor away គឺជារឿងត្រឹមត្រូវជានិច្ច។ តាមរយៈការសិក្សាស្រាវជ្រាវរបស់មហាវិទ្យាល័យ ឡុនដុន បានរកឃើញថា ការទទួលទានផ្លែប៉ោមមួយថ្ងៃមួយផ្លែ នឹងធ្វើឱ្យការធ្វើការងាររបស់សួតកាន់តែល្អប្រសើរឡើង ។ ដោយសារ អ៊ែនទីអុកស៊ីឌែនត៍ និងសារធាតុក្នុងផ្លែប៉ោមដែលហៅថា Quercetin នឹងជួយធ្វើឱ្យសួតរឹងប៉ឹង និងធ្វើការបានយ៉ាងត្រឹមត្រូវ។
- ដកដង្ហើមវែងៗ
យើងគួរដកដង្ហើមឱ្យបានវែងៗដើម្បីពង្រីកការធ្វើការងាររបស់សួត និងធ្វើឱ្យរាងកាយបានទទួលអុកស៊ីហ្ស៊ែនយ៉ាងគ្រប់គ្រាន់ផង តែរៀងរាល់ថ្ងៃនេះយើងច្រើនតែដកដង្ហើមខ្លីៗ ដោយសារតែធ្វើការនៅក្នុងកន្លែងតូចហប់ ឬព្រោះតែមិនបានដឹងក៏មានដែរ ដូច្នេះហើយក្នុងមួយថ្ងៃៗចូរសាកល្បងដកដង្ហើមវែងៗឱ្យបានយ៉ាងតិចណាស់ក្នុងមួយថ្ងៃ 10 ដង ដោយត្រូវដកដង្ហើមចូលឱ្យពោះឡើងប៉ោង និងដកដង្ហើមចេញវិញឱ្យពោះឡើងផតទើបត្រឹមត្រូវតាមវិធី។
- ចៀសវាងការយកបន្លែចូលទៅដាក់ចម្អិនក្នុងឆ្នាំងម៉ៃក្រូវេហ្វ
តាមរយៈការស្រាវជ្រាវវិភាគរបស់ប្រទេសអេស្បាញបានរកឃើញថា ការចម្អិនបន្លែឱ្យឆ្អឹននៅក្នុងឆ្នាំងម៉ៃក្រូវេហ្វ នឹងធ្វើឱ្យសារជាតិអាហារបាត់អស់ដល់ទៅ 97% ដូច្នេះហើយគួរជ្រើសរើសទទួលទានបន្លែស្រស់ទើបប្រសើរជាង។
- កំរើកខ្លួនជានិច្ច
អ្នកដែលកំរើកខ្លួន ឬធ្វើចលនាជាប់ជានិច្ចនឹងមានប្រព័ន្ធរំលាយអាហារល្អជាអ្នកដែលគិតតែអង្គុយតែមួយកន្លែង។ វិធីនេះជួយការពារអាការចុកឆ្អល់ពោះ រួមទាំងរោគពុកឆ្អឹងទៀតផង។
- ប្រយោជន៍របស់ទឹកដូង
ទឹកដូងគឺជាទឹកផ្លែឈើដែលល្អបំផុតមួយប្រភេទ មានសារធាតុរ៉ែដែលរាងកាយត្រូវការគ្រប់ទាំងអស់ ដូចជា ប៉ូតាស្យូម ដែក សូដ្យូម កាល់ស្យូម ផូស្វ័រ អាស៊ីតអៈមីណូ និងវិតាមីន B ហើយថែមទាំងមានជាតិស្ករគ្លូខូស ដែលរាងកាយអាចបឺតយកទៅប្រើជាថាមពលបានភ្លាមតែម្តង មានសារធាតុខ្លាញ់ដែលមានប្រយោជន៍ដល់រាងកាយ និងមានប្រយោជន៍ក្នុងការបណ្តេញសារជាតិពុលចេញពីរាងកាយទៀតផង។
- ពេលគ្រុនក្តៅខ្លួន មិនគួរញ៉ាំផ្លែត្របែកទេ
នៅក្នុងផ្លែត្របែកមាន រ៉ែប៉ូតាស្យូមខ្ពស់។ នៅពេលគ្រុន រាងកាយនឹងមានសីតុណ្ហភាពឡើងខ្ពស់ ការទទួលទានអាហារដែលមានប៉ូតាស្យូមខ្ពស់ អាចនឹងហុចផលឱ្យកើតអាការប្រកាច់បាន។
- ញ៉ាំក្រូចជួយកែអាការធុញទ្រាន់ នឿយណាយបាន
ការញ៉ាំផ្លែក្រូចដោយបកសំបកខ្លួនឯង នឹងបានធុំក្លិនក្រូចដែលនឹងជួយឱ្យមានអារម្មណ៍ធូរស្រាល ហើយវិតាមីន C ដែលរាងកាយបានទទួលពីផ្លែក្រូចក្នុងបរិមាណដែលគ្រប់គ្រាន់ នឹងជួយជំរុញឱ្យខួរក្បាលបញ្ចេញអ័រម៉ូនដែលធ្វើឱ្យបាត់ភាពធុញថប់តឹងតែងក្នុងចិត្តបានល្អទៀតផង។
- ការញ៉ាំអាហារពេលព្រឹកជួយការពាររោគភ្លេចភ្លាំង
អាហារពេលព្រឹកជួយប្រឆាំងការបង្កកខ្លួនរបស់ឈាម ព្រោះឈាមនៅពេលព្រឹកនឹងងាយបង្កកខ្លួនជាងពេលប្រក្រតី ដូច្នេះគួរទទួលទានអាហារពេលព្រឹកឱ្យបានទៀងទាត់ ដើម្បីឱ្យខួរក្បាលត្រូវបានឈាមហូរទៅចិញ្ចឹមយ៉ាងគ្រប់គ្រាន់ ខួរក្បាលនឹងបានភ្លឺថ្លា។
- សូកូឡាខ្មៅប្រឆាំងអនុមូលឥស្សរៈ
តើមិត្តអ្នកអានដឹងទេថា សូកូឡាប្រភេទផ្សេងៗនោះស្ទើរតែគ្មានចំណែកផ្សំរបស់កូកូឡើយ មានតែសូកូឡាខ្មៅមួយប៉ុណ្ណោះដែលជាសូកូឡាសុទ្ធពិត និងថែមទាំងមានប្រយោជន៍ដល់រាងកាយទៀតផង ព្រោះមានសារធាតុ Flavonoid ដែលជួយបង្កើនប្រព័ន្ធឈាមរត់ឱ្យល្អឡើង។ គួរញ៉ាំសូកូឡាខ្មៅក្នុងមួយថ្ងៃប្រមាណកន្លះ អនស៍៕