បន្ទាប់ពីការរៀបអាពាហ៍ពិពាហ៍ គឺការចាប់ផ្តើមជីវិតគូ ហើយមានរឿងមួយដែលគូស្វាមីភរិយាទាំងឡាយមិនអាចចៀសរួចនោះគឺរឿង “លុយកាក់” ព្រោះជីវិតគូភាគច្រើនតែងចាប់ផ្តើមរៀបចំផែនការសម្រាប់អនាគតរួមគ្នា ដែលមានទាំងការត្រៀមសម្លឹងរកមើលផ្ទះដើម្បីស្នាក់អាស្រ័យ រថយន្ត និងមានទាយាទសម្រាប់ស្នងត្រកូលជាដើម ដូច្នេះការរៀបចំផែនការចាត់ការប្រាក់ចំណូលចំណាយ គឺជារឿងសំខាន់ដែលត្រូវតែមានការសម្រេចចិត្តរួមគ្នា ដែលបើសិនជាទាំងពីរនាក់មានគោលការណ៍ក្នុងការចាត់ការរឿងនេះបានល្អនោះ នឹងធ្វើឱ្យរឿងលុយកាក់ក្នុងគ្រួសារងាយស្រួលឡើងមិនខាន ។
- ពិចារណាពីស្ថានភាពលុយកាក់ក្នុងពេលបច្ចុប្បន្ន
ធ្វើកំណត់ត្រាប្រាក់ចំណូល និងការចាយវាយក្នុងគ្រួសារ ទាំងប្រាក់ខែ និងប្រាក់ចំណូលផ្សេងទៀត ហើយតាមដោយការចាយវាយ ទាំងថ្លៃឈ្នួលផ្ទះ ថ្លៃធ្វើតំណើរ ថ្លៃម្ហូបអាហារ ថ្លៃគ្រឿងឧបភោគបរិភោគផ្សេងៗ និងថ្លៃចាយវាយផ្ទាល់ខ្លួនជាដើម ។
ប្រយោជន៍នៃការធ្វើកំណត់ត្រានឹងធ្វើឱ្យទាំងពីរនាក់បានដឹងពីប្រាក់ចំណូល និងប្រាក់ចំណាយទាំងអស់រួមគ្នា ដើម្បីឱ្យកើតមានការរៀបផែនការតទៅទៀតថា តើនឹងត្រូវទទួលខុសត្រូវរួមគ្នាបែបណា?
- កសាងអនាគតរួមគ្នា
ការកសាងគោលដៅនៅថ្ងៃខាងមុខរួមគ្នា នឹងធ្វើឱ្យទាំងពីរនាក់មានភាពក្លៀវក្លាស្វាហាប់ក្នុងការដើរទៅឱ្យដល់គោលដៅនោះយ៉ាងតាំងចិត្ត ដូចជា ការទិញផ្ទះ ទិញឡាន ការទៅដើរលេងកម្សាន្ត ការមានកូន និងការសិក្សារបស់កូនជាដើម ។ ក្រៅពីនេះ នៅត្រូវកំណត់រយ:ពេលទៀតផងថា តើគោលដៅដែលយើងចង់បាននោះនឹងកើតឡើងនៅពេលណា? នៅពេលមានគោលដៅ និងរយ:ពេលដែលច្បាស់លាស់ហើយនោះ សឹមពិចារណាក្នុងការចាត់លំដាប់ថ្នាក់ផែនការលុយកាក់ជាក្រោយ ។
- រៀបផែនការចាយវាយ និងសន្សំសំចៃរួមគ្នា
ពេលក្លាយជាគូជីវិតនឹងគ្នាហើយ ច្បាស់ជាស្គាល់ចិត្ត ស្គាល់និស្ស័យគ្នាច្បាស់មិនខាន អ្នកណាចូលចិត្តទិញ អ្នកណាចូលចិត្តសន្សំ ចេះទុកចេះចាយ តែភាគច្រើនខាងស្រីតែងមានភាពល្អិតល្អន់ និងប្រយ័ត្នប្រយែងជាងខាងប្រុស ទើបមិនមែនជារឿងផ្លែកឡើយ ដែលស្វាមីភរិយាជាច្រើនគូច្រើនលើកឱ្យខាងភរិយាជាអ្នកមើលការខុសត្រូវរឿងលុយកាក់នោះ។ តែនឹងបានទៅដល់គោលដៅដូចផែនការដែលបានរៀបចំរួមគ្នា ឬក៏អត់នោះ វាអាស្រ័យលើផែនការចាយវាយរបស់អ្នកទាំងពីរហ្នឹងឯង ។
ការពិតទៅ ការណែនាំខាងលើនេះអាចមិនមែនជាវិធីដែលល្អឥតខ្ចោះបំផុតសម្រាប់គ្រប់គូស្វាមីភរិយាទាំងអស់នោះទេ ព្រោះមួយគូៗតែងមានទង្វើខាងហិរញ្ញវត្ថុខុសផ្លែកពីគ្នា តែគោលការណ៍ទាំងអស់នេះ គឺជាវិធីសាស្ត្រតំបូងសម្រាប់នាំយកទៅពិចារណាកែច្នៃប្រើប៉ុណ្ណោះ ព្រោះអ្វីដែលសំខាន់បំផុតនោះគឺ ការរិះរកវិធីដែលសក្តិសមបំផុតសម្រាប់គូស្វាមីភរិយារបស់ខ្លួនឯងទៅវិញទេ៕