ការជ្រើសរើសសម្លៀកបំពាក់ឱ្យសមសួមទៅតាមកាលៈទេសៈ គឺជារឿងសំខាន់ អ្នកគួរតែជ្រើសរើសឈុតសម្លៀកបំពាក់ឱ្យសមរម្យទៅតាមកាលៈទេសៈ ឬនៅក្នុងឱកាសកម្មវិធីផ្សេងៗ ព្រោះក្រៅពីធ្វើឱ្យលោកអ្នកស្រស់សង្ហា និងស្រស់សោភាហើយនោះ ក៏ជាការឱ្យកិត្តិយសដល់ម្ចាស់កម្មវិធី និងអ្នកមុខអ្នកការនៅក្នុងកម្មវិធី ឬឱ្យតម្លៃលើកមុខមាត់ដល់ក្រុមត្រកូលគ្រួសារថែមទៀតផងដែរ។
បច្ចុប្បន្ននេះ ឈុតសម្លៀកបំពាក់មានការច្នៃរចនាម៉ូដជាច្រើនម៉ូដ អាចធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ច្របូកច្របល់ថា តើនៅក្នុងកម្មវិធីមួយ អ្នកគួរតែជ្រើសរើសឈុតអ្វីឱ្យស័ក្តិសមទៅនឹងកម្មវិធីនោះ? ថ្ងៃនេះទស្សនាវដ្តី ឡារ៉ែន សូមណែនាំការជ្រើសរើសឈុតសម្លៀកបំពាក់ឱ្យត្រូវតាមកាលៈទេសៈ និងពិធីផ្សេងៗ ចែកជូនប្រិយមិត្តអ្នកអានបានយល់ជ្រាបដូចខាងក្រោមនេះ៖
1/ ការជ្រើសរើសសម្លៀកបំពាក់សម្រាប់ពិធីមង្គល និងពិធីឆ្លងជ័យ
ក្នុងកម្មពិធីមង្គល និងពិធីឆ្លងជ័យ ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីខួបកំណើត ពិធីសម្ពោធហាង ពិធីឡើងគេហដ្ឋាន សម្ពោធក្រុមហ៊ុន ពិធីឡើងស័ក និងពិធីបុណ្យប្រពៃណីជាដើម លោកអ្នកគួរតែជ្រើសរើសឈុតបែបសុភាពរម្យទម ចំពោះបុរសគួរតែជ្រើសរើសអាវសាច់ក្រណាត់ដៃវែង អ៊ុតឱ្យបានស្អាតស័ក្ដិសមជាមួយខោក្រណាត់ពណ៌ខ្មៅជើងវែង។ ចំណែកនារីៗគួរតែត្រៀមឈុតសុភាពរម្យទមដូចគ្នា ជាអាទិដូចជា សំពត់បត់ សំពត់សូត្រ ជាមួយនឹងអាវប៉ាក់ផ្កា ឬអាវដៃប៉ោងស្មាជាដើម។ ប្រសិនបើកម្មវិធីដែលបានរៀបចំនៅពេលរាត្រី លោកអ្នកគួរតែជ្រើសរើសឈុតសម្លៀកបំពាក់បែបឈុតសមោសរ ឈុតរ៉ូប ហើយបន្ថែមជាមួយគ្រឿងអលង្ការ មាស ឬប្រាក់ ដើម្បីឱ្យកាន់តែជួយលើកសម្រស់មួយកម្រិតថែមទៀត។
2/ ឈុតសម្រាប់ដើរលេង
ការធ្វើដំណើរកម្សាន្តទេសចរណ៍ជាមួយក្រុមគ្រួសារ មិត្តជិតស្និទ្ធ ឬក្រុមការងារទៅតាមតំបន់រមណីដ្ឋាននានាដូចជា សមុទ្រ ភ្នំ ទឹកធ្លាក់ សួនកម្សាន្ត ទៅតាមខេត្ត ឬមួយក៏អ្នកធ្វើដំណើរទៅទិញទំនិញតាមហាង ឬនៅបរទេសជាដើមនោះ លោកអ្នកគួរតែជ្រើសរើសឈុតសម្លៀកបំពាក់បែបសប្បាយៗដែលមានពណ៌ស្រស់ៗ ដូចជា អាវក្រណាត់ស្ដើង អាវរាងរលុងៗ អាវវាលដៃ អាវយឺត ហើយស័ក្ដិសមជាមួយខោក្រណាត់ជើងខ្លី និងខោខាវប៊យ។ ហើយអ្វីដែលសំខាន់នោះសូមកុំជ្រើសរើសឈុតបែបខ្លីៗ សិចស៊ីខ្លាំងពេកព្រោះថាអាកាសធាតុក្ដៅអាចធ្វើឱ្យខូចស្បែករបស់អ្នក តែបើអ្នកមិនអាចចៀសបានទេ អ្នកគួរតែត្រៀមនូវឈុតអាវធំពីក្រៅបន្ថែមទៀត។
3/ ឈុតសម្រាប់លេងកីឡា
ចំពោះឈុតសម្លៀកបំពាក់សម្រាប់លេងកីឡា ជាដំបូងអ្នកត្រូវគិតមើលថា តើអ្នកនឹងលេងកីឡាប្រភេទណានោះទើបអ្នកអាចជ្រើសរើសឈុតសម្លៀកបំពាក់ដែលស័ក្តិសមទៅនឹងកីឡាប្រភេទនោះ ហើយម្យ៉ាងទៀតចំពោះស្បែកជើងកីឡា ក៏លោកអ្នកគួរតែត្រៀមដូចគ្នា។ ខោអាវដែលងាយជ្រើសរើសសម្រាប់ការលេងកីឡាជាងគេនោះគឺ ខោអាវដែលមានសាច់ក្រណាត់យឺត ហើយរលុងៗ ទើបមានភាពសប្បាយៗនៅក្នុងការលេងកីឡា។
4/ ឈុតសម្លៀកបំពាក់សម្រាប់ពិធី
បុណ្យសពពិធីបុណ្យសព អ្នកគួរតែជ្រើសរើសជាឈុតពណ៌ខ្មៅ-ស ឬឈុតខ្មៅសុទ្ធក៏បាន ដែលមើលទៅមានការចូលរួមរំលែកទុក្ខសោក និងសុភាពរម្យទម ហើយចៀសវាងកុំជ្រើសរើសឈុតបែបខើចខ្លី តែសូមជ្រើសរើសទៅតាមប្រពៃណីបុរាណរបស់ខ្មែរយើង។ ចំពោះស្ត្រីអាចជ្រើសរើសជាខោពណ៌ខ្មៅ ឬសំពត់បត់ពណ៌ខ្មៅ ដែលបង្ហាញពីលក្ខណៈជាសុភាពនារី។
5/ សម្លៀកបំពាក់សម្រាប់កាទូត ឬក្នុងការទំនាក់ទំនងការងារមន្ត្រីរាជការ និងការងារសង្គម
ខណៈដែលអ្នកត្រូវទៅទំនាក់ទំនងការងារ សម្ភាសន៍ការងារ ចូលរួមស្ថានប័នរដ្ឋ ទំនាក់ទំនងការទូត ចូលរួមកម្មវិធីសហគមន៍ជាដើមនោះ លោកអ្នកគួរតែជ្រើសរើសឈុតសម្លៀកបំពាក់សុភាពរាបសា ឬបន្ថែមអាវធំក្រៅដែលនិយមហៅថា អាវ Cruise ព្រោះថា នេះជាការបង្ហាញកិត្តិយស និងគោរពឱ្យតម្លៃដល់ថ្នាក់មន្ត្រីប្រធានក្រុមហ៊ុន និងទីតាំងការិយាល័យ។
ចំពោះស្ត្រីក៏ដូចគ្នាដែរ អ្នកនាងគួរតែជ្រើសរើសអាវសាច់ក្រណាត់ និងខោសាច់ក្រណាត់ ឬសំពត់បត់ ឱ្យមើលទៅសមរម្យជានារីដែលមានភាពម៉ដ្ឋចត់ និងរហ័សរហួននៅក្នុងការងារ ដែលមើលទៅមានទំនុកចិត្តជាទីបំផុត៕