Skip to content

ខ្យង​ក្រហម​ថៃ​ត្រូវបាន​កែច្នៃ​ធ្វើជា​ជីធម្មជាតិ​ប្រើ​បណ្តេញ​សត្វល្អិត​យ៉ាង​មាន​ប្រសិទ្ធភាព

ខ្យង​ក្រហម​ដែល​គេ​ស្គាល់​ថា មាន​ប្រភព​មកពី​ប្រទេស​ថៃ​នោះ កន្លងមក​តែង​មានការ​រអ៊ូរទាំ​ពី​កសិករ​ជាច្រើន​ថា វា​ពូកែ​ខាង​បំផ្លាញ​ផលដំណាំ​របស់​ពួកគាត់​ខ្លាំងណាស់ ពិសេស​ដំណាំ​ស្រូវ​តែម្តង ដែលមាន​ការលំបាក​ក្នុងការ​ទប់ស្កាត់​យ៉ាងខ្លាំង។ ប៉ុន្តែ​បច្ចុប្បន្ន​ខ្យង​ប្រភេទ​នេះ​ត្រូវបាន​គេ​យកទៅ​កែច្នៃ​ធ្វើជា​ជីធម្មជាតិ​ដ៏​មាន​ប្រយោជន៍​សម្រាប់​កសិកម្ម និង​សុខភាព​យើងទាំងអស់គ្នា។

លោក ប៊ុន ចាន់តូ​នី ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​កៀនស្វាយ និង​ជា​អ្នក​ផលិត​ជី អ៊ី​អឹម (EM) ធម្មជាតិ មានប្រសាសន៍ថា លោក​បាន​ចេះ​ជំនាញ​ផលិត​ជីធម្មជាតិ EM និង​ថ្នាំ​បណ្តេញ​សត្វល្អិត​នេះ​តាំងពី​ឆ្នាំ1994មកម្ល៉េះ ដោយបាន​សិក្សា​ពី​អង្គការ អាយ​ប៉ាក របស់​ជប៉ុន។ ប៉ុន្តែ​ទើបនឹង​យកមកអនុវត្ត​សាកល្បង​លើ​ដំ​ណាំំ​បានត្រឹមតែ​ជាង10ឆ្នាំ​ប៉ុណ្ណោះ​ដែល​ដំបូង​ឡើយ​គឺ​បានធ្វើការ​សាកល្បង​ដោយ​ខ្លួនឯង​លើ​ដំណាំ​ស្រូវ បន្លែ និង​ប្រភេទ​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ទៀត ហើយក៏​ឃើញថា ទទួលបាន​លទ្ធផល​ល្អ និង​មានការ​គាំទ្រ​ពី​មន្ទីរ​កសិកម្ម​ខេត្ត

កណ្តាល​ផង​នោះ លោក​ក៏​ចាប់ផ្តើម​ផលិត​ដើម្បី​ធ្វើ​អាជីវកម្ម និង​បើក​ក្រុមហ៊ុន​ឡើង​តែម្តង​ក្នុង​រយៈពេល​ជាង1ឆ្នាំ​ចុង​ក្រោយនេះ។

លោក​ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ផលិតផល​ដែល​លោក​ផលិតឡើង គឺ​មិន​ត្រឹមតែ​សម្រាប់​ប្រើ​ទៅលើ​តែ​ដំណាំ​នោះទេ តែ​ថែមទាំង​អាច​ប្រើប្រាស់​ទៅលើ​ការ​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ និង​ប្រើ​សម្រាប់​បំបាត់​ក្លិន​យ៉ាង​មាន​ប្រសិទ្ធភាព​បាន​ទៀតផង។ ផលិតផល​ដែល​លោក​ផលិតឡើង​នេះ​មាន 3ប្រភេទ រួមមាន​ជី​បំប៉ន​ដែល​អាច​ប្រើ​បាន​ទាំង​សត្វ និង​រុក្ខជាតិ។ ទី2 ថ្នាំ​សម្រាប់​បណ្តេញ​សត្វល្អិត​ចង្រៃ និង​ទី3 ជា​ប្រភេទ​ជី​ដែល​ផលិត​អំពី​ខ្យង​មាស​សម្រាប់​បំប៉ន​ឫស ដើម និង​ស្លឹក។

លោក ប៊ុន ចាន់តូ​នី ក៏បាន​បញ្ជាក់ប្រាប់​ដែរ​ថា ដំបូង​ឡើយ គឺ​ពិតជា​មានការ​លំបាក​ខ្លាំង ព្រោះថា កសិករ​មិនសូវ​ជា​ឱ្យ​តម្លៃ និង​គាំទ្រ​ផលិតផល​បែប​ធម្មជាតិ​ប៉ុន្មាន​ឡើយ ប៉ុន្តែ​ដល់ពេល​ពួកគាត់​ជួប​បញ្ហា​ប្រឈម និង​គ្មាន​ជម្រើស​ទើប​ងាក​មក​សាកល្បង​ជី​របស់លោក។ បន្ទាប់មក​ឃើញថា ដំណាំ​លូតលាស់​ល្អ បាន​ផល​ច្រើន ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​ទៀតផង ទើប​កសិករ​ជាច្រើន​បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត​ដោយ​ខ្លួនឯង ងាក​មក​ប្រើ​ជី​ក៏ដូចជា​ថ្នាំ​ដែល​ផលិត​តាម​គោលការណ៍​ធម្មជាតិ​នេះ​យ៉ាង​ផុលផុស។ ក្រៅពីនោះ​លោក​ក៏បាន​បង្រៀន​ដល់​បណ្តា​អង្គការ សមាគម និង​ប្រជាកសិករ​ជាច្រើន​វគ្គ​រួចមកហើយ​ដែរ។

លោក លី ម៉ន កសិករ​នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​លោក ឌី រ៉ា កសិករ​នៅ​ភូមិ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ បាន​និយាយ​ស្រដៀង​គ្នា​ដែរ​ថា​ដំបូង​ឡើយ​ពួកគាត់​មិនសូវមាន​ជំនឿ​លើ​ជីធម្មជាតិ​បែបនេះ​ទេ ប៉ុន្តែ​ដល់ពេល​ប្តូរ​មក​ប្រើ​ជីធម្មជាតិ​បាន​មួយរយៈ​មក​ឃើញថា ល្អ​មែន ចំណាយ​ប្រាក់​ក៏​តិចជាង​ជី និង​ថ្នាំពុល​គីមី និង​មិន​ប៉ះពាល់​ដល់​សុខភាព​ទៀតផង។ ដំណាំ​ក៏​ល្អ ទិន្នផល​ក៏​ទទួលបាន​ខ្ពស់ ហើយ​លក់បាន​ថ្លៃ​ជាង​មុន​ទៀត ព្រោះ​ដំណាំ​របស់​យើង​ដាំ​តាម​គោលការណ៍​ធម្មជាតិ ហើយក៏​បាន​អំពាវនាវ​ដល់​កសិករ​ដទៃទៀត​គួរតែ​ងាក​មកប្រើប្រាស់​ជី និង​ថ្នាំ​បណ្តេញ​សត្វល្អិត​បែប​ធម្មជាតិ​នេះ​វិញ​ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ និង​ថែរក្សា​សុខភាព​របស់​ម​នុស្ស​យើង៕

Leave a Reply

Your email address will not be published. Required fields are marked *