Skip to content

ក្រុមហ៊ុន​សំណង់​ចិន​ធំ​មួយ​គ្រោង​មក​សាងសង់​លំនៅឋាន​តម្លៃ​ទាប​នៅ​កម្ពុជា

ដោយ​មើលឃើញ​ពី​វិស័យ​សំណង់ ជាពិសេស​លំនៅឋាន​នៅ​កម្ពុជា ដែល​ភាគច្រើន​សាងសង់ឡើង​ដោយ​ផ្តោតលើ​អ្នកមាន​ចំណូល​ខ្ពស់​នោះ ក្រុមហ៊ុន​សំណង់​ដ៏​ធំ​មួយ​របស់​ចិន បានគ្រោង​ចូលមក​វិនិយោគ​លើ​វិស័យ​សំណង់​លំនៅឋាន​នៅ​កម្ពុជា​សម្រាប់​លក់​ជូន​ពលរដ្ឋ​ដែលមាន​ចំណូល​មធ្យម និង​ទាប។

លោក Ghu Shan ប្រធាន​ក្រុមហ៊ុន China Construction Development Corporation (CCDC) បាន​ដឹកនាំ​ប្រតិភូ​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពី​សប្តាហ៍​មុននេះ ដោយបាន​លើកឡើងថា ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់កម្ពុជា ស្រប​ពេលដែល​កម្ពុជា​កំពុងមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ក្រុមហ៊ុន​មានបំណង​ចង់​ធ្វើការ​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​នៅពេលឆាប់ៗខាងមុខ។

លោក​បន្តថា CCDC គឺជា​ក្រុមហ៊ុន​ដែលមាន​ជំនាញ​វិនិយោគ​លើ​វិស័យ​សំណង់​ដូចជា​ព្រលានយន្តហោះ សំណង់​អគារខ្ពស់ៗ ផ្សារ​ទំនើប និង​សំណង់​លំនៅឋាន​មានតម្លៃ​សមរម្យ​ជូន​ប្រជាជន​ដែលមាន​ចំណូល​ទាប និង​មធ្យម ជាដើម។ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​មកកាន់​ប្រទេស​កម្ពុជា​នាពេលនេះ ក្រុមហ៊ុន​មានបំណង​សិក្សា​ស្វែងយល់​ពី​កាលានុវត្តភាព​វិស័យ​សំណង់​នៅ​កម្ពុជា ព្រមទាំង​គោលនយោបាយ និង​ឯកសារ​គតិយុត្ត​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់។

ជាមួយគ្នានេះ ប្រតិភូ​ចិន​ក៏បាន​ស្នើសុំ​ស្វែងរក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការសាងសង់​លំនៅឋាន​មានតម្លៃ​សមរម្យ​ដើម្បី​សុំ​កិច្ចសហប្រតិបត្តិការ​ធ្វើ​ការវិនិយោគ និង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាងក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ជាមួយ​ក្រុមហ៊ុន CCDCផងដែរ​មុន​ឈានដល់​ការសម្រេច​សាងសង់​សំណង់​លំនៅឋាន​តម្លៃ​សមរម្យ​នេះ។

ឆ្លើយតប​នឹង​សំណើ​របស់​ប្រតិភូ​ចិន​នៅពេលនោះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​ដែលមាន​ឆន្ទៈ​ចង់​វិនិយោគ​លើ​វិស័យ​លំនៅឋាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​បន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម​បានស្នើ​ឱ្យ​ក្រុមហ៊ុន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ធ្វើការ​គ្រប់គ្រង និង​អនុវត្ត​ផ្ទាល់​ស្របទៅតាម​ច្បាប់​នៅ​កម្ពុជា​ដើម្បី​ផ្តល់​ទំនុកចិត្ត​ទៅដល់​អតិថិជន​របស់​ខ្លួន​កាន់តែខ្លាំង​ឡើង។

លោកស្រី ស៊ ធីតា អ្នកជំនាញ​អចលនទ្រព្យ និង​ជា​នាយិកា​ប្រតិ​ប​តិ្ត​ក្រុមហ៊ុន Royal 5G មានប្រសាសន៍ថា សំណង់​លំនៅឋាន​ភាគច្រើន​នៅ​កម្ពុជា គឺ​ផ្តោតទៅលើ​អ្នកមាន​ចំណូល​ខ្ពស់ និងចំណូល​ធ​ម្យ​ម ដែលជា​កត្តា​លំបាក​សម្រាប់​ប្រជាជន​ដែលមាន​ចំណូល​ទាប មិនមាន​លទ្ធភាព​ទិញ​ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន។ លោកស្រី​បាន​បន្តថា បើសិនជា​ក្រុមហ៊ុន​ចិន​មក​សាងសង់​លំនៅឋាន​បែបនេះ វា​នឹង​ជួយ​ឱ្យ​ពលរដ្ឋ​ដែលមាន​ចំណូល​ទាប អាចមាន​លទ្ធភាព​ទិញ​ផ្ទះ​នៅ​ដោយ​ខ្លួនឯង លើសពីនេះ​ទៀត វា​នឹងចូលរួម​ធ្វើឱ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​ឡើង និង​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​ទៀតផង។

គួរបញ្ជាក់​ផងដែរ​ថា ចិន​ជា​ប្រទេស​ដែលមាន​អ្នកវិនិយោគ​លើ​វិស័យ​សំណង់​ច្រើនជាងគេ​នៅ​កម្ពុជា​កាលពី​ឆ្នាំ2017 ដោយមាន​ចំនួន 128គម្រោង​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង 2ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងចំណោម​ទុនវិនិយោគ​លើ​វិស័យ​សំណង់​សរុប​ក្នុង​ឆ្នាំ2017 មាន​ទឹកប្រាក់​ចំនួន​ជាង 6,400លាន​ដុល្លារ​អាមេរិក។

យ៉ាងណាក៏ដោយ ការហូរចូល​នៃ​ការវិនិយោគ និង​កំណើន​តម្រូវការ​ជាពិសេស​ប្រជាជន​ដែលមាន​ចំណូល​មធ្យម​បានរួម​ចំណែក​ជំ​រុញឱ្យ​វិស័យនេះ​បន្ត​មាន​កំណើន​ខ្ពស់ ប៉ុន្តែ​ក្នុង​ល្បឿន​យឺត​ជាង​មុន។ បើ​ពិនិត្យមើល​លើ​សូចនាករ​ដែល​បង្ហាញ​ពី​កំណើន​នៃ​វិស័យ​សំណង់​ឃើញថា ការ​នាំចូល​សម្ភារ​សំណង់​នៅ​ឆ្នាំ2017 មានការ​កើនឡើង 36% យឺត​ជាង​ឆ្នាំ2016 42% ដោយសារ​សំណង់​ភាគច្រើន​បាន​ឈានដល់​ការបញ្ចប់។ នេះ​បើតាម​ការអះអាង ពី​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ប្រចាំ​ប្រទេស​កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *