Skip to content

AFD យល់​ព្រមឱ្យ​កម្ពុជា​ខ្ចីប្រាក់ 41លាន​អឺរ៉ូ​សម្រាប់​គម្រោង​ពីរ

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ចំនួន2 ដែលមាន​តម្លៃ​ជា​ទឹកប្រាក់41លាន​អឺរ៉ូ។

បើ​យោងតាម​ព័ត៌មាន​ដែល​ចែកចាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដល់​អ្នកសារព័ត៌មាន​នៅ​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី2 ជាមួយ​សម​ភាគី​បារាំង នាទី​ស្នាក់ការ​កណ្តាលរ​បស់ ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) នាទី​ក្រុងប៉ារីស សាធារណរដ្ឋ​បារាំង ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ចំនួន 2 ដែល​រួមមាន៖

1-កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​លើ​គម្រោង​ទឹកស្អាត និង​អនាម័យ​ក្នុង​ទី​រួម​ខេត្ត ក្នុង​ទឹកប្រាក់​ចំនួន 40លាន​អឺរ៉ូ។ និង២-កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ការសិក្សា និង​ពង្រឹងសមត្ថភាព ក្នុង​ទឹកប្រាក់​ចំនួន 1លាន​អឺរ៉ូ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ទាំងពី​រ​ខាងលើនេះ​នឹងចូលរួម​ចំណែក​ក្នុង​ផ្តល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​តាមរយៈ​ការផ្តល់​សេវាកម្ម ក៏ដូចជា​កា​រត​បណ្តាញ​ទឹកស្អាត​ទៅកាន់​ទីជនបទ និង​ការកសាង​សមត្ថភាព​មន្ត្រី​អនុវត្ត​គម្រោង និង​ការសិក្សា​សមិទ្ធ​លទ្ធភាព​គម្រោង​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ជាមួយ AFD។

តាមរយៈ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នោះ ឯកឧត្តម វ​ង្សី វិស្សុត បាន​លើកឡើងថា ក្នុង​គោលដៅ​ធានា​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​បារាំង​តាមរយៈ AFD ក្នុង​ក្របខ័ណ្ឌ​ឥណទាន​សម្បទាន ត្រូវតែ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កម្ពុជា ដើម្បី​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច។ ការកាត់បន្ថយ​ភាពក្រីក្រ និង​ត្រូវ​ឲ្យ​ចំ​នូវ​អាទិភាព​គោលនយោបាយ​នានា​របស់​កម្ពុជា ក៏ដូចជា​ត្រូវ​ឱ្យមាន​សង្គតិភាព​ជាមួយ​គោលនយោបាយ​ក្នុងការ​ខ្ចី ព្រមទាំង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា​របស់​កម្ពុជា​ផងដែរ។

តាម​ប្រភពព័ត៌មាន​ដដែល លោក Philippe BAUDUIN នាយក​ប្រតិបត្តិ​រង​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) បាន​បញ្ជាក់ថា AFD គ្រោង​នឹង​បន្ថែម​ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ឱ្យស្រប​ទៅនឹង​បរិការណ៍​នៃ​ការអភិវឌ្ឍ​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា ហើយ​នៅ​ក្នុងន័យនេះ លោក​នឹង​ខិតខំ​ជួយ​សម្របសម្រួល​គ្រប់បែបយ៉ាង​ដល់​ប្រទេស​កម្ពុជា ក្នុងការ​ស្រូបយក​នូវ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​នេះ​ពី AFD ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន៕

Leave a Reply

Your email address will not be published. Required fields are marked *