អក្សរសាស្ត្រគឺជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបានសម្រាប់សង្គមមួយ ព្រោះថា អក្សរសាស្ត្រជាគ្រឹះសំខាន់របស់វប្បធម៌ ដែលកំណត់ពីអត្តសញ្ញាណជាតិ និងការរីកចម្រើនទាក់ទិននឹងផ្នត់គំនិតរបស់សង្គមជាតិ។
ថ្មីៗនេះ គេសង្កេតឃើញថា មានការសរសេរខុសច្រើនលើបណ្តាញសង្គម Facebook ក៏ដូចជាក្នុងអត្ថបទមួយចំនួនដែលត្រូវបានគេបង្ហោះលើបណ្តាញបច្ចេកវិទ្យាដែលកំពុងតែមានការរីកចម្រើននាពេលបច្ចុប្បន្ន។ ផ្តោតលើបញ្ហានេះមានមនុស្សជាច្រើនបានលើកយកមកធ្វើការជជែកវែកញែក និងស្វែងរកចំណុចចន្លោះប្រហោងដែលត្រូវធ្វើការដំណោះស្រាយជាចាំបាច់។
សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ លោក កេន កើត បានលើកឡើងថា មានបញ្ហាចំនួន3 ដែលនាំឱ្យមានការសរសេរខុសលើបណ្តាញសង្គម Facebook និងលើឯកសារមួយចំនួនដែលត្រូវបានគេបង្ហាញជាសាធារណៈ។ ការសរសេរខុសទាំងអស់នោះ ទី1 គឺមកពីអ្នកសរសេរគាត់មិនបានស្គាល់ពីឫសគល់នៃពាក្យក្នុងភាសាខ្មែរ។ លោកបានលើកឡើងថា ភាសាខ្មែរមានក្បួនច្បាប់ និងឫសគល់ត្រឹមត្រូវដែលពាក្យនីមួយៗត្រូវបានធ្វើឱ្យក្លាយចេញជាពាក្យជាច្រើនផ្សេងទៀត។ នៅពេលដែលអ្នកសរសេរគាត់ដឹងពីឫសគល់នៃពាក្យ នីមួយៗនោះ គាត់នឹងអាចយល់ច្បាស់ពីហេតុផលនៃការសរសេរពាក្យនានាដែលត្រូវបានគេបំប្លែងចេញពីពាក្យនោះបានយ៉ាងត្រឹមត្រូវ។ ចំណែកឯចំណុចសំខាន់ទី2 អ្នកដែលសរសេរខុស គឺដោយសារតែគាត់មិនបានស្គាល់ច្បាស់ពីទំនាញសូរនៅក្នុងភាសាខ្មែរ ព្រោះនៅក្នុងភាសាខ្មែរយើងមានក្បួនទំនាញសូរ ដែលពាក្យខ្លះអាចប្រើប្រាស់ព្យញ្ជនៈពពួក “អ” (អឃោស) និងពាក្យខ្លះត្រូវប្រើប្រាស់ព្យញ្ជនៈពពួក “អ៊” (ឃោស) ហើយនៅពេលដែលយើងយល់មិនច្បាស់ យើងនឹងអាចបង្កើតកំហុស ព្រោះយើងមិនសរសេរតាមក្បួន ហើយបែរជាសរសេរតាមអាន ឬតាមទម្លាប់ទៅវិញ។
លោក កេន កើត បាននិយាយថា៖ “ចំណុចសំខាន់មួយផ្សេងទៀតដែលនាំឱ្យមានការសរសេរមិនត្រឹមត្រូវនោះគឺ អ្នកសរសេរមិនស្គាល់ពីប្រភពដែលពាក្យខ្មែរខ្ចីពីបរទេស។ ពាក្យដែលខ្មែរយើងប្រើប្រាស់នាពេលបច្ចុប្បន្ននេះមានខ្ចីពីបាលី សំស្ក្រឹត និងភាសាបរទេសមួយចំនួនទៀត ហេតុនេះពាក្យខ្លះគឺមានការប្រែប្រួលនៅពេលដែលវាជានាម ឬនៅពេលដែលវាមានតួនាទីជាកិរិយាសព្ទ ដូចជាពាក្យ “វិវត្ត” និង “វិវត្តន៍” ជាដើម។
សាស្ត្រាចារ្យអក្សរសាស្ត្រខាងលើបានលើកឡើងផងដែរថា ក្រៅពីចំណុចសំខាន់ៗទាំង 3ហើយ ការមិនយល់ពីគោលការណ៍ព្យាង្គតម្រួត និងព្យាង្គរាយ ក៏ជារឿងសំខាន់មួយដែលអ្នកសរសេរត្រូវដឹងដែរ ព្រោះថាប្រសិនបើយើងមិនបានដឹងពីគោលការណ៍ទាំងអស់នេះទេ យើងនឹងមានការភាន់ច្រឡំ ដោយពាក្យខ្លះមិនត្រូវសរសេរជាព្យាង្គតម្រួត គាត់បែជាសរសេរព្យាង្គតម្រួត ហើយពេលខ្លះពាក្យដែលត្រូវសរសេរជាព្យាង្គតម្រួត គាត់បែជាសរសេរជាព្យាង្គរាយទៅវិញ។ បន្ថែមពីលើនេះ លោក កើត បានបញ្ជាក់ផងដែរថា អ្នកសរសេរមួយចំនួនដែលតែងតែសរសេរខុសនោះគឺ បណ្តាលមកពីពួកគាត់មិនបានស្គាល់ពីលំនឹងនៃវេយ្យករណ៍ខ្មែរ ដែលមានក្បួនច្បាប់ច្បាស់លាស់ត្រឹមត្រូវ រួចចេះតែសរសេរតាមគ្នា ឬសរសេរតាមទម្លាប់ ដែលរឿងទាំងអស់នេះពេលខ្លះវាបានធ្វើឱ្យកើតមានកំហុសជាញឹកញាប់។
ចំពោះចំណុចមួយចំនួនផ្សេងទៀតដែលសាស្ត្រាចារ្យខាងលើបានមើលឃើញដែរនោះគឺ នៅពេលដែលអ្នកសរសេរគាត់សរសេរពាក្យតាមការនិយាយឬសរសេរកាត់ខ្លីៗមិនពេញន័យ ក៏អាចជាបច្ច័យមួយដែលនាំឱ្យមានកំហុសផងដែរ ដូចជាពាក្យ “ខ្ញុំ” ត្រូវបានមនុស្សជាច្រើនសរសេរនៅក្នុងបណ្តាញសង្គមថា “ញ៉ុម” ជាដើម។ ពាក្យនេះគឺអាចកើតមកពីអ្នកសរសេរគាត់ខ្ជិលសរសេរវែង និងអ្នកខ្លះទៀតគាត់មិនដឹងថា ពាក្យនេះជាពាក្យខុស ក៏ចេះតែសរសេរតាមសូរដែលគេនិយាយទៅ។ ទង្វើទាំងអស់នេះ អាចធ្វើឱ្យមនុស្សមួយចំនួនគិតថា ពាក្យខុសនោះគឺជាពាក្យត្រូវទៅវិញ ហើយក៏ទម្លាប់សរសេរខុសតៗគ្នាទៅ។
ជាដំណោះស្រាយលោក កេន កើត បានលើកឡើងថា ដើម្បីបញ្ច្រាបការយល់ដឹងដល់ប្រជាជនកម្ពុជាដែលមិនទាន់មានការយល់ដឹងច្រើន ឬមិនទាន់មានគ្រឹះក្នុងការប្រើប្រាស់ភាសាខ្មែររឹងមាំនោះគឺ អ្នកចេះច្រើនគួរបង្កើតទម្លាប់ត្រឹមត្រូវដល់អ្នកចេះតិច ហើយអ្នកដែលបានយល់ដឹងមួយចំនួនគួរផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ។ សម័យបច្ចុប្បន្ននេះ ជាសម័យបច្ចេកវិទ្យា ហេតុនេះយើងអាចធ្វើការផ្សព្វផ្សាយនូវវិធីសាស្ត្រងាយៗក្នុងការចងចាំពីក្បួនប្រើប្រាស់ពាក្យខ្មែរដែលបុព្វបុរសយើងធ្លាប់បានបង្កើតឡើង ដែលក្បួនខ្លះជាកំណាព្យខ្លីៗដើម្បីងាយចងចាំ លើបណ្តាញសង្គម។ ម្យ៉ាងវិញទៀត យើងក៏គួរផ្សាយពីហេតុផលមួយចំនួននៃការប្រើប្រាស់ពាក្យទាំងអស់នេះ ដោយជ្រើសរើសយកចំណុចងាយៗមកនិយាយ ដើម្បីឱ្យមនុស្សដទៃបានឃើញ ចាប់អារម្មណ៍ និងងាយចងចាំសម្រាប់យកទៅអនុវត្ត។
បញ្ជាក់លើចំណុចនេះផងដែរ លោកសាស្ត្រាចារ្យ ឈិន សីហា ប្រធានស្ថាបនិកក្លិបអក្សរសាស្ត្រខ្មែរ និងជាអ្នកស្រាវជ្រាវចងក្រងសទ្ទានុក្រមភាសាខ្មែរទំនើបបានលើកឡើងថា កត្តាដែលប្រជាជនខ្មែរមួយចំនួន ជាពិសេសយុវជនដែលសរសេរខុសច្រើនលើបណ្តាញសង្គមនេះ គឺកើតចេញពីចំណុចមួយចំនួនដូចជា ការសរសេរតាមអារម្មណ៍ សរសេរតាមគ្នា សរសេរតាមទម្លាប់ ព្រោះខ្លាចខុសគេ(តែមិនខ្លាចខុសក្បួន)ការធ្វេសប្រហែស កត្តាបច្ចេកវិទ្យា និងកត្តាសង្គមដែលមិនទាន់មានការឯកភាពគ្នាលើការប្រើអក្សរសាស្ត្រ ជាដើម។
លោក ឈិន សីហា បាននិយាយថា៖ “មនុស្សមួយចំនួនដែលសរសេរខុស គឺមិនមែនគាត់មិនដឹងថាពាក្យនោះខុសទេ តែគាត់ចង់សរសេរពាក្យនោះតាមអារម្មណ៍របស់គាត់។ ដូចជាពាក្យថា “បានតើ!” គាត់បែជាសរសេរថា “បានតាស” ជាដើម។ ពាក្យទាំងអស់នេះជាសំនួននៃការនិយាយ ហើយពេលខ្លះអ្នកសរសេរគាត់ចង់សរសេរលេង ខណៈគាត់ភ្លេចគិត ឬមិនបានគិតថា វាអាចជាក្លាយជាទម្លាប់អាក្រក់មួយធ្វើឱ្យមានការនាំគ្នាធ្វើខុសតាម។
លោកសាស្ត្រាចារ្យ ឈិន សីហា បានលើកឡើងផងដែរថា ក្រៅពីការសរសេរតាមអារម្មណ៍ហើយ មានអ្នកខ្លះទៀតគាត់សរសេរតាមគ្នា។ ចំណុចនេះក៏មានន័យថា អ្នកសរសេរក៏ដឹងថាសំណេរនោះខុសដែរ តែគ្នាគាត់ ឬក្រុមគាត់គេសរសេរបែបហ្នឹង បើគាត់មិនសរសេរតាមគេទេ គាត់នឹងក្លាយជាមនុស្សត្រឹមត្រូវខុសគេ ឬគាត់នឹងក្លាយជាមនុស្សចម្លែកជាដើម។ ផ្ទុយមកវិញ បញ្ហាដែលនាំឱ្យសរសេរខុសក្នុងបណ្តាញសង្គម ក៏អាចមកពីកត្តាបច្ចេកវិទ្យាផងដែរ។ ជាក់ស្តែងដូចជាលោកសីហាផ្ទាល់ ដែលលោកធ្លាប់ជួបបញ្ហានេះ គឺនៅពេលដែលគាត់សរសេរបែបនេះ តែពាក្យដែលចេញនៅក្នុងអត្ថបទទៅជាបែបនោះ ដោយសារការកែប្រែពីបច្ចេកវិទ្យាដែលគាត់កំពុងប្រើនោះ ហើយចំណុចនេះ នៅពេលដែលយើងធ្វេសប្រហែសមិនបានពិនិត្យមើលឡើងវិញ យើងនឹងអាចមានកំហុសភ្លាមៗនៅពេលដែលយើងផ្សាយវាចេញទៅ។
ជាចំណុចចុងក្រោយ លោកលើកឡើងថា ការប្រើប្រាស់ភាសាខ្មែរពេលខ្លះយើងមិនទាន់មានការឯកភាពគ្នាថា ការសរសេរបែបណាមួយជាការសរសេរត្រឹមត្រូវនៅឡើយនោះទេ ហេតុនេះហើយទើបអ្នកសរសេរមួយចំនួនមិនដឹងថាគួរសរសេរបែបណា ហើយរហូតដល់មានការជជែកវែកញែកថា បែបនេះខុស ឬបែបនោះត្រូវទៀតផង ព្រោះមិនដឹងថាពាក្យមួយណាជាពាក្យត្រូវឱ្យពិតប្រាកដ។
ជាដំណោះស្រាយ សម្រាប់លោកសីហា គឺបញ្ហាទាំងអស់នេះ យើងគួរមានកម្មវិធីផ្សព្វផ្សាយនៅតាមបណ្តាញព័ត៌មានជាប្រចាំមួយថ្ងៃមួយម៉ោង ឬច្រើនជាងនេះតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីឱ្យប្រជាជនខ្មែរបានយល់ និងចាប់អារម្មណ៍ឡើងវិញពីការប្រើប្រាស់ភាសាខ្មែរ។ ចំណែកអ្នកអក្សរសាស្ត្រគួរនៅឱ្យជិតស្និទ្ធជាមួយនឹងអ្នកបច្ចេកវិទ្យាបន្តិច ដើម្បីរួមគ្នាជំរុញឱ្យមានការធ្វើកំណែអេឡិចត្រូនិកដូចជាភាសាអង់គ្លេសជាដើម ដើម្បីងាយស្រួលឱ្យអ្នកប្រើប្រាស់ដឹងពីពាក្យខុស និងដើម្បីកែតម្រូវឱ្យបានល្អ។
ម្យ៉ាងវិញទៀត សម្រាប់អ្នកសរសេរដែលរៀនបានតិចតួច ហើយមិនច្បាស់ខ្លួនឯងចំពោះពាក្យពិបាកមួយចំនួន ឬពាក្យខ្លះស្រួលទេ តែយើងមិនប្រាកដក្នុងចិត្តថាមាន “រ” ឬ អត់ “រ” ជាដើម។ ឧទាហរណ៍ដូចជាពាក្យថា “ប្តូរ” អ្នកខ្លះសរសេរ “ប្តូ” ពាក្យនេះបើសរសេរអត់ “រ” គឺខុសហើយ ដូច្នេះគួរតែចៀសវាងការសរសេរខុសតៗគ្នា អ្នកសរសេរគប្បីឆែកមើលក្នុងវចនានុក្រម ហើយកែតម្រូវឱ្យបានត្រឹមត្រូវសិន មុននឹងផូស្តវាចេញជាសាធារណៈ ដែលវចនានុក្រមនេះយើងអាច Download យកមកទុកក្នុងកុំព្យូទ័រ ឬទូរស័ព្ទដៃរបស់យើង ងាយស្រួលពេលយើងត្រូវការឆែកមើលពាក្យយើងអាចបើកមើលភ្លាមៗបានដោយមិនខាតពេលយូរ។ ធ្វើដូច្នេះមានន័យថា យើងទាំងអស់គ្នាកំពុងតែបានជួយរួមចំណែកកាត់បន្ថយនូវការសរសេរពាក្យខុសក្នុងសង្គម និងជាការជួយបង្ហាត់បង្រៀន ឬបង្ហាញពាក្យត្រូវដល់អ្នកផ្សេងទៀតដែលគាត់ទម្លាប់សរសេរខុសតាំងពីដើមមកដោយមិនដឹងខ្លួន ឱ្យបានដឹងឡើង។
អ្នកខ្លះមួយចំនួនទៀតមិនបានគិតដល់បញ្ហាដែលថា អ្នកដទៃគេអាចវាយតម្លៃយើងបាន តាមរយៈការសរសេររបស់យើង បើយើងសរសេរពាក្យពេចន៍បានត្រឹមត្រូវ គេនឹងឱ្យតម្លៃខ្ពស់ដល់យើងថា ជាមនុស្សចេះដឹង រៀនបានខ្ពង់ខ្ពស់ជាដើម។ ការកែប្រែ និងផ្លាស់ប្តូរសង្គមមួយគឺកើតចេញពីយើងទាំងអស់គ្នា បើសិនជាមនុស្សគ្រប់គ្នាប្រកាន់ខ្ជាប់នូវការប្រើពាក្យពេចន៍ដែលត្រឹមត្រូវបានគ្រប់ៗគ្នា ដោយអ្នកមិនសូវដឹង ស្ដាប់តាមអ្នកដឹងច្រើន កុំសរសេរតាមទម្លាប់ និងទទួលយកនូវអ្វីដែលអ្នកដឹងគេប្រាប់នោះ យើងសង្ឃឹមថាមិនយូរជាង 5ឆ្នាំទេ ប្រទេសយើងនឹងពោរពេញទៅដោយអ្នកចេះដឹង ដែលអាចបង្ហាត់បង្រៀនដល់ក្មេងជំនាន់ក្រោយបានលឿន ព្រោះយើងមានបណ្តាញសង្គម Facebook ដែលជាភ្នាក់ងារចែករំលែកនូវព័ត៌មានដ៏អស្ចារ្យ៕