ភ្នំពេញៈ ក្រោយពីបានវិលមកស្រុកខ្មែរបានប្រមាណជិតមួយឆ្នាំសោះ ក៏ស្រាប់តែអតីតពិធីការិនីទូរទស្សន៍ប៉ុស្តិ៍លេខ ៣ វីជេ អាណូ ដែលមានឈ្មោះពិតកញ្ញា សួន ភក្តី កាក់កបខ្លាំងទាំងការងារសិល្បៈ និងទាំងការងាររកស៊ីផ្ទាល់ខ្លួនបើកហាងលក់បាយ «Christian បាយសាច់ជ្រូកអាំង» និងឥឡូវនេះ ស្រាប់តែប្រកាសសេវាកម្មលក់ឡានប្រើវិធីបង់រំលោះទៀតផង។ កាលពីព្រឹកមិញនេះ វីជេ អាណូ បានបង្ហោះសារផ្សាយលក់ឡានម៉ាកហាយឡេនឌឺរស៊េរីឆ្នាំ២០០៣ ថា៖ «Highlander o3 មានសេវាកម្មបង់រំលោះចា!»។
សម្រាប់ការងារសិល្បៈវិញ បើតាមប្រភពខ្សឹបខ្សៀវថា ហេតុតែនាងជាស្រីស្អាតគ្រាន់តែថតស្ប៉តពាណិជ្ជកម្មឲ្យសម្អាងការត្រឹមតែប្រមាណ ១០ ឈុតសោះគឺកញ្ញាទទួលបានតម្លៃខ្លួនដល់ទៅ ៨០០ ដុល្លារ ខណៈថតកុនវិញនាងស៊ីថ្លៃដល់ទៅ ៣០០០ ដុល្លារ ឯណោះក្នុងមួយរឿង។
កញ្ញា សួន ភក្តី ហៅវីជេ អាណូ បានបកស្រាយយ៉ាងខ្លីថា៖ «ដំណឹងនោះដូចជាមិនអ៊ីចឹងទេបង! រាល់ការលើកឡើងគឺមិនពិតឡើយ។ សុំទោសផងបង! នាពេលនេះ នាងខ្ញុំជាប់រវល់ថត រហូតដល់ពេលល្ងាចឯណោះទើបអាចទំនេរបាន!»។ គួរបញ្ជាក់ថា កញ្ញា អាណូ បានវិលមកស្រុកខ្មែរវិញកាលដើមខែកក្កដា ឆ្នាំ ២០១៦ នេះ បន្ទាប់ពីបានឃ្លាតកាយឆ្ងាយពីសិល្បៈជិត ១០ ឆ្នាំ រស់នៅលើទឹកដីសហរដ្ឋអាមេរិក៕