នេះជាព្រឹត្តិការណ៍ប្រកួតដ៍អស្ចារ្យមួយ ដែលក្រុមណាហ្គាវើល និង បឹងកេត បានទទួលបានសិទ្ធិពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ធ្វើជាអ្នកតំណាងឱ្យប្រទេសកម្ពុជាចេញទៅប្រកួតដណ្ដើមពានរង្វាន់ RHB Singapore Cup 2017 នៅប្រទេសសិង្ហបុរី នាចុងខែឧសភានេះ។
យោងតាមលទ្ធផលចាប់ឆ្នោតកាលពីម្សិលមិញ បានឲ្យដឹងថា ក្រុមជើងឯកលីកកំពូលកម្ពុជា២ជំនាន់ បឹងកេត ត្រូវជួបក្រុមកំពុងឈរលេខរៀងទី៤ នៃលីកកំពូលសិង្ហបុរី គឺក្រុម Warriors FC ខណៈក្រុមណាហ្គាវើល ត្រូវជួបក្រុម Balestier Khalsa ដែលកំពុងឈរលេខរៀងទី៧ ក្នុងក្របខណ្ឌលីកកំពូលសិង្ហបុរីបច្ចុប្បន្ន ។
នេះជាការប្រកួតបាល់ទាត់ពានរង្វាន់ RHB Singapore Cup 2017 ដោយក្រុមតំណាងកម្ពុជាទាំងពីរ ត្រូវជួបក្រុមម្ចាស់ផ្ទះសិង្ហបុរីដូចគ្នា នាថ្ងៃទី២៩ ខែឧសភាខាងមុខនេះ ។ នេះមិនមែនជាលើកទី១ នោះទេ ដែលក្រុមបឹងកេត និងណាហ្គាវើលចូលរួមប្រកួតពានរង្វាន់អន្ដរជាតិមួយនេះ ពោលគឺនេះជាលើកទី២ហើយ សម្រាប់ក្រុមបឹងកេត តែជាលើកទី៣ សម្រាប់ក្រុមណាហ្គាវើល ។
ប៉ុន្ដែការចូលរួមលើកចុងក្រោយដោយក្រុមណាហ្គាវើល កាលពីឆ្នាំ២០១៦កន្លងទៅ គឺបានបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីជើងក្រុម Global របស់ហ្វីលីពីន ដោយចាញ់ក្នុងលទ្ធផល ៥-០ ៕