ការលេងទាយបញ្ហា មានន័យពីកិច្ចការងារដែលគ្រូ ឬឪពុកម្ដាយនាំយកប្រស្នាទាយដែលមានសារៈខ្លឹមសារស័ក្តិសមនឹងសមត្ថភាព និងវ័យរបស់ក្មេងមកលេងទាយជាមួយកូន ដើម្បីឱ្យកូនមានភាពសប្បាយរីករាយ ធូរស្រាលអារម្មណ៍ ជួយបង្កើនការគិតយ៉ាងមានហេតុផល មានភាពវាងវៃ សតិបញ្ញា និងសមត្ថ-ភាពខាងផ្នែកភាសាជាដើម។
ការលេងបែបនេះសំខាន់យ៉ាងណា?
ការលេងទាយបញ្ហា ឬប្រស្នា (Riddle Activities) ជាមួយកូន ជាកិច្ច-ការដែលសំដៅតបស្នងដល់តម្រូវការខាងផ្នែកអារម្មណ៍ និងផ្លូវចិត្ត។ ជាការជំរុញឱ្យកូនមានអារម្មណ៍សប្បាយជាមួយការលេងទាយប្រស្នា ធ្វើឱ្យមានអារម្មណ៍ធូរស្រាល ហើយថែមទាំងបង្កើនវិវឌ្ឍនាការខាងផ្នែកភាសា និងសតិបញ្ញាដល់កូនទៀតផង។ ហ្វឹកហាត់ភាពវាងវៃ ការរិះគិតរកចម្លើយនិងបង្កើនភាពចំណានក្នុងការប្រើពាក្យដែលហុចផលល្អដល់ការអភិវឌ្ឍផ្នែកសតិបញ្ញា។ ក្រៅពីនេះ ការលេងកម្សាន្តបែបនេះនឹងជួយបង្ហាត់ឱ្យកូនក្លាយជាមនុស្សមានហេតុផល ជាមនុស្សប៉ិនសង្កេត ហ៊ានគិត ហ៊ានស្មាន មានភាពល្អិតល្អន់ក្នុងការគិត ចេះរករូបបែប និងការប្រើភាសាក្នុងការដាក់សំណួរ ដូច្នេះហើយទើបការលេងទាយបញ្ហាដោយការដាក់ប្រស្នាឱ្យទាយជាកិច្ចការមួយដែលក្រៅពីជួយសាងភាពសប្បាយរីករាយធូរអារម្មណ៍ហើយ នៅជួយឱ្យកុមារបានអភិវឌ្ឍផ្នែកការគិត សតិបញ្ញា ជំនាញការស្ដាប់ និងការនិយាយ ដោយសារតែភាសា និងសតិបញ្ញាមានសម្ពន្ធជាមួយគ្នា ដូច្នេះការដែលកូនមានសមត្ថភាពក្នុងការប្រើជំនាញខាងភាសាបានល្អខ្លាំងប៉ុនណា ច្បាស់ជាមានសមត្ថភាពផ្នែកសតិបញ្ញាខ្លាំងប៉ុននោះដែរមិនខាន។
តើកូនទទួលបានអ្វីពីការលេងនេះ?
. ជាការបង្ហាត់ឱ្យកូនបានស្គាល់ពាក្យ និងស័ព្ទថ្មីៗថែមឡើង។
. ជាការបញ្ជូនអត្ថន័យឱ្យកើតជារូបភាព និងអារម្មណ៍ ដែលជាគ្រឹះក្នុងការស្ដាប់ និយាយ អាន និងសរសេរ ដែលជំនាញទាំងនេះត្រូវហ្វឹកហាត់ជាប់ជានិច្ច ទើបធ្វើឱ្យកូនទទួលបានជោគជ័យ និងអាចប្រើប្រាស់ភាសាបានយ៉ាងមានប្រសិទ្ធភាព។
. ជាការហ្វឹកហាត់ភាពវាងវៃ និងប្រាជ្ញា ហើយដើម្បីភាពសប្បាយជក់ចិត្ត ជាប្រស្នាដែលសាកសមត្ថភាពទាំងអ្នកសួរ និងអ្នកឆ្លើយ។
. ក៏ឱ្យកើតសតិបញ្ញា និងការគិតក្នុងជ្រុងផ្សេងៗ ជួយបង្កើនគំនិត សតិបញ្ញា ភាពវាងវៃដល់កូនបានច្រើន។
. ជាការផ្ដល់ចំណេះដឹងដល់កូនបែបប្រយោល ហ្វឹកហាត់ជំនាញខាងសតិបញ្ញា ភាពឈ្លាសវៃ ឱ្យក្មេងមានភាពឆ្លាត ប៉ិនសង្កេត និងចេះកែបញ្ហា ហើយថែមទាំងជំរុញវិវឌ្ឍនាការខាងខួរក្បាលទៀតផង។
លេងជាមួយកូនបែបណាល្អ?
. ឡារ៉ែន សូមណែនាំឱ្យលោកឪពុកអ្នកម្ដាយរកពេលលេងជាមួយកូន អាចនឹងពេលដែលនៅផ្ទះជុំគ្នាដែលជាការរឹតចំណងសម្ពនភាពរវាងឪពុកម្ដាយ និងកូន។ អាចនឹងលេងមួយភ្លែតៗមុនទៅសាលារៀន ឬក្រោយចេញពីសាលាមកដល់ផ្ទះ ឬពេលណាក៏បានដែលឪពុកម្ដាយមានពេលវេលានៅជិតដិតនឹងកូន។
. ការរកពាក្យប្រដៅ ឬទាយប្រស្នា លោកឪពុកអ្នកម្ដាយអាចនឹងសិក្សាពាក្យប្រស្នាពីក្នុងសៀវភៅផ្សេងៗដែលមានលក់នៅតាមបណ្ណាគារ ឬប្រើបទពិសោធដែលធ្លាប់មានមកលេងជាមួយកូន ដើម្បីឱ្យកូនបានហ្វឹកហាត់ការគិត និងហ្វឹកហាត់ការរិះរកចម្លើយ ឬក៏សាកល្បងដាក់សំណួរតាមរយៈអ្វីដែលយើងឃើញជាប្រចាំក៏បានដែរ។
ទាំងអស់នេះ រឿងដែលលោកឪពុកអ្នកម្ដាយគួរគិតដល់ក្នុងការជ្រើសរើសពាក្យទាយប្រស្នាយកមកលេងជាមួយកូននោះគឺ គួរតែជាពាក្យប្រស្នាជាសំណួរដែលមិននៅឆ្ងាយពីបទពិសោធរបស់កូន និងមិនគួរដាក់សំណួរដែលពិបាកលើសសមត្ថភាពរបស់ក្មេង ឬមានអត្ថន័យ2-3យ៉ាង ឬជារឿងចំអេសចំអាសឡើយ តែគួរតែមានចំណុចដែលគួរឱ្យចាប់អារម្មណ៍ ខ្លីៗ មានន័យអប់រំ និងងាយយល់ជាដើម ទើបជាការល្អ៕