លោក ប៊ុត សីហា ត្រូវបានប្រជាជនទូទាំងប្រទេស រហូតធ្លាយចេញទៅដែនដីឯនាយសមុទ្របានស្គាល់ និងដឹងឮថា ជាម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទីមួយ តាមរយៈកម្មវិធីប្រកួតជ្រើសរើសរកអ្នកមានសំឡេងពីរោះលំដាប់ពិភពលោក ដែលរៀបចំដោយក្រុមហ៊ុនហង្សមាស។ ប៉ុន្តែអ្វីដែលជាការគួរឱ្យងឿងឆ្ងល់នោះគឺបន្ទាប់ពីក្លាយជាម្ចាស់ពាន និងមានឱកាសបានចេញបទចម្រៀងត្រឹមប៉ុន្មានបទ ពេលនេះមុខមាត់របស់តារាចម្រៀងរូបនេះហាក់ត្រូវបានគេភ្លេចបាត់ទៅហើយ ព្រោះកុំថាឡើយមិនមានបទចម្រៀងថ្មីចេញចរាចរណ៍នៅលើទីផ្សារ សូម្បីតែការលេចមុខនៅលើឆាកប្រគំតន្ត្រីកម្សាន្ដប្រចាំសប្ដាហ៍ ឬកម្មវិធីតន្ត្រីទេសចរណ៍នៅតាមបណ្តាខេត្តក្រុងនានា ដែលក្រុមហ៊ុនហង្សមាសផ្ទាល់កំពុងរៀបចំយ៉ាងគគ្រឹកគគ្រេងនោះ ក៏គ្មានវត្តមានរបស់លោកនោះដែរ។
ស្របទៅនឹងចម្ងល់ និងការលើកឡើងខាងលើនេះ នៅមិនទាន់មានការបកស្រាយជាផ្លូវការយ៉ាងណាផង ក៏ស្រាប់មានភាពភ្ញាក់មួយទៀតបានកើតឡើងផងដែរ ដោយជាក់ស្តែងនៅពេលថ្មីៗនេះ លោក ប៊ុត សីហា ត្រូវបានមហាជនទូទៅសង្កេតឃើញរូបភាពជាមួយតារាចម្រៀងនៅក្នុងផលិតកម្មថោន ជាហេតុធ្វើឱ្យកើតការសង្ស័យថាតារាចម្រៀងរូបនេះកំពុងតែពិភាក្សាគ្នា ពីរឿងចូលផលិតកម្មថោន។ នេះបើតាមរូភាពតារាចម្រៀងស្រីរូបស្រស់ រ៉ាប៊ី ដែលជាតារាចម្រៀងក្នុងផលិតកម្មថោន បានបង្ហោះ អមជាមួយក្រដាសឯកសារប៉ុន្មានសន្លឹកនៅលើតុនោះផងដែរ។
ប្រភពបន្ថែមទៀត ក៏បានលើកឡើងថា តារាចម្រៀងរូបបានជួបចចារជាមួយអ្នកគ្រប់គ្រងផលិតកម្មថោនពិតមែន តែដោយឡែកជាលទ្ធផលបែបណានោះ ទាល់តែប្រិយមិត្តតាមដានទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរថា ខណៈនេះសារព័ត៌មាន ឡារ៉ែន ពុំអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីតារាចម្រៀងរូបនេះតាមរយៈទូរស័ព្ទដៃរបស់លោកបាននៅឡើយទេ៕