Skip to content

Ozil បន្ត​កុងត្រា​ថ្មី​រយៈពេល 3ឆ្នាំ​ជាមួយ Arsenal ដើម្បី​បញ្ចប់​ការសង្ស័យ

ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង់​ដ៏​ឆ្នើម Mesut Ozil បានបញ្ចប់​ការសង្ស័យផ្សេងៗជុំវិញ​អនាគត​របស់គេ​នៅឯ​ក្លិប Arsenal តាមរយៈ​ការយល់ព្រម​លើ​កុងត្រា​ថ្មី​មួយ​ដែលមាន​រយៈពេល 3ឆ្នាំ ជាមួយនឹង​ក្លិប​យក្ស​របស់​ក្របខ័ណ្ឌ Premier League មួយ​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍។

Ozil វ័យ 29ឆ្នាំ បាន​បង្ហោះ​សារ​មួយ​នៅលើ​បណ្តាញ​សង្គម Instagram របស់គេ​ថា៖ «រយៈពេល 3ឆ្នាំ​បន្ថែមទៀត​ជាមួយនឹង Arsenal។ វា​បាន​ក្លាយជា​ការសម្រេចចិត្ត​មួយ​ក្នុងចំណោម​ការសម្រេចចិត្ត​ដ៏​សំខាន់បំផុត​នៃ​អាជីព​កីឡាបាល់ទាត់​របស់ខ្ញុំ ហើយ​នោះ​គឺជា​មូល​ហេតុដែល​ខ្ញុំ​ត្រូវ​គិត និង​និយាយ​ជាមួយនឹង​គ្រប់គ្នា​ដែល​សំខាន់​ចំពោះ​ខ្ញុំ»។

ខ្សែបម្រើ​រូបនេះ​បាន​បន្ថែមទៀតថា៖ «រឿងល្អៗត្រូវការ​ពេលវេលា។ នៅ​ទីបំផុត ខ្ញុំ​អនុញ្ញាត​ឲ្យ​បេះដូង​របស់ខ្ញុំ​សម្រេចចិត្ត។ ដូចដែល​ខ្ញុំ​តែងតែបាន​និយាយ​អ៊ីចឹង ខ្ញុំ​មាន​អារម្មណ៍​ថា ដូចជា​នៅផ្ទះ​នៅទីនេះ ហើយ​ខ្ញុំ​ពិតជា​មានការ​លើកទឹកចិត្ត​យ៉ាងខ្ពស់​ក្នុងការ​សម្រេចចិត្ត​សមិទ្ធផលធំៗក្នុង​រយៈពេល៣ឆ្នាំ​ខាងមុខនេះ»។ កិច្ចសន្យា​កាលពីមុន​របស Ozil នៅសល់​រយៈពេល​ត្រឹមតែ 6ខែ​ទៀត​ប៉ុណ្ណោះ ហើយ​ការសម្រេចចិត្ត​របស់គេ​ក្នុងការ​បន្ត​នៅ បាន​បំពេញ​ថ្ងៃ​ដ៏​គួរ​ឲ្យ​ជឿជាក់​សម្រាប់​ក្រុម Arsenal ក្រោយពី​ពួកគេ​ទិញ​បាន​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពី​ក្លិប Borussia Dortmund ក្នុងតម្លៃ​ខ្លួន 56លាន​ផោន (ស្មើនឹង 79លាន​ដុល្លារ​អាមេរិក)។

Aubameyang និង Ozil នឹងត្រូវ​ចូលរួម​ដោយ Henrikh Mkhitaryan ក្នុង​តំបន់​ប្រយុទ្ធ ក្រោយពី​ខ្សែបម្រើ​អន្តរជាតិ​អា​មេ​នី​រូបនេះ បាន​ចូលរួម​ក្នុងនាម​ជា​ផ្នែក​នៃ​ការដោះដូរ​មួយ​ដែល​បានធ្វើ​ឲ្យ Alexis Sanchez ផ្ទេរ​ទៅកាន់​ក្លិប Manchester United កាលពី​ខែ​មុន៕

ប្រភពពី៖ ESPN

Leave a Reply

Your email address will not be published. Required fields are marked *